ក្រុង​ប៉ារីសៈ ​ក្រុម​​រដ្ឋមន្ត្រី​ក្រសួង​​​ហិរញ្ញវត្ថុ​របស់​ក្រុម​ប្រទេស​ G7 ដែល​ជួប​ប្រជុំ​​ក្នុង​ប្រទេស ​បារាំង​ បាន​ព្រមាន​ថា តុលាការ​ផ្ទៃ​ក្នុង​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភព​​លោក (WT​O) ប្រឈម​នឹង​ការ​ក្លាយ​ជា​ស្ថាប័ន​ដែល​​ជាប់​គាំង​គ្មាន​ដំណើរការ​ ដោយសារ​ជម្លោះ​ដ៏​ជូរ​ចត់​រវាង​រដ្ឋ​សមាជិក។​

ប្រទេស​មួយ​ចំនួន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​​អំពី​មុខងារ​របស់​អង្គភាព​​​ឧទ្ធរណ៍​​របស់​ស្ថាប័ន​ដោះស្រាយ​ជម្លោះ (DSB)​ នៃ​អង្គការ WTO ដែល​ពេល​ខ្លះ​គេ​ហៅ​អង្គភាព​នេះ​ថា​ជា​តុលាការ​កំពូល​នៃ​ពាណិជ្ជកម្ម​ពិភព​លោក​។​

ប៉ុន្តែ​វិបត្តិ​នេះ​បាន​ឈាន​ដល់​ចំណុច​បែក​បាក់​គ្នា ដោយសារ​​​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ ដែល​​បាន​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​អង្គការ WTO ដោយ​​បាន​រារាំង​ដល់​ការ​តែងតាំង​ចៅ​ក្រម​ថ្មីៗ​​សម្រាប់​អង្គភាព​នេះ។​

បើ​មិន​មាន​ចៅ​ក្រម​ត្រូវ​បាន​អនុម័ត​តែងតាំង​នៅ​ត្រឹម​ចុង​ឆ្នាំ អង្គភាព​ឧទ្ធរណ៍​នេះ​នឹង​មិន​មាន​កូរ៉ុម​ដែល​តម្រូវ​ឲ្យ​មាន​ដើម្បី​បើក​សវនាការ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​នានា​ឡើយ។​

ក្នុង​អំឡុង​ការ​ពិភាក្សា​នៅ​សប្ដាហ៍​នេះ​​​ក្នុង​ប្រទេស ​បារាំង ​ស្ដីពី​លទ្ធផល​នៃ​​កិច្ច​ព្រមព្រៀង​ Bretton Woods ដែល​មាន​អាយុ​កាល ​៧៥ ​ឆ្នាំ ​​មក​នេះ លោកស្រី Cecilia Malmstrom ​ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​​​​បាន​ថ្លែង​ថា៖ «អង្គការ​នេះ [WTO] ​កំពុង​ស្ថិត​​​ក្នុង​វិបត្តិ​យ៉ាង​ជ្រៅ។ យើង​ត្រូវ​តែ​ដឹង​រឿង​នោះ​»។​​​

កិច្ច​ព្រមព្រៀង​ Bretton Woods ដែល​បាន​ចុះ​ហត្ថលេខា​​កាល​ពី​ឆ្នាំ ​១៩៤៤ បាន​បង្កើត​ប្រព័ន្ធ​រូបិយវត្ថុ​អន្តរជាតិ​ថ្មី​​មួយ ព្រម​ទាំង​បាន​បង្កើត​ធនាគារ​ពិភព​លោក (WTO) និង​​មូលនិធិ​រូបិយវត្ថុ​​អន្តរជាតិ​ (IMF)​។​

ភា្លមៗ​បន្ទាប់​ពី​នេះ មាន​ការ​បង្កើត​​​​កិច្ច​ព្រមព្រៀង​ពិភព​លោក​​​មួយ​ ដែល​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ កិច្ច​ព្រមព្រៀង​នេះ​​បាន​វិវឌ្ឍ​ខ្លួន​ទៅ​ជា​​អង្គការ WTO ពោល​គឺ​ជា​ស្ថាប័ន​មួយ​ដែល​​ត្រូវ​បាន​សន្មត​ថា​ជា​វេទិកា​​សម្រាប់​ការ​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ពិភព​លោក​ជា​បន្ត​ និង​សម្រាប់​ការ​ពង្រឹង​កិច្ច​ព្រមព្រៀង​ទាំង​ឡាយ​​ណា​ដែល​ស្ថិត​នៅ​ជា​ធរមាន។​

ការិយាល័យ​ពាណិជ្ជកម្ម​របស់​​លោក​ ​ត្រាំ បាន​ចោទ​ប្រកាន់​ស្ថាប័ន​ឧទ្ធរណ៍​របស់ DSB នេះ​ថា ​បាន​ធ្វើ​ការ​ហួស​ពី​សមត្ថកិច្ច​របស់​ខ្លួន​​ ដោយ​បាន​​ចេញ​សេចក្ដី​សម្រេច​​ទូលំ​ទូលាយ​ខ្លាំង​ពេក​ ដែល​ជាន់​ឈ្លី​លើ​​អធិបតេយ្យ​ជាតិ​។​

លោកស្រី Malmstrom ថ្លែង​ថា​៖ «បើ​ស្ថាប័ន​ឧទ្ធរណ៍​មួយ​នេះ​បរាជ័យ ដែល​ប្រហែល​ជា​វា​នឹង​កើត​មាន​ឡើង​នៅ​ខែ​ធ្នូ យ៉ាង​ហោច​ណាស់​វាជា​បរាជ័យ​​បណ្ដោះ​អាសន្ន​នោះ​ យើង​នឹង​​មិន​មាន​​ការ​អនុវត្ត» ​កិច្ច​ព្រមព្រៀង​​ពាណិជ្ជកម្ម​នេះ​ទេ​។​

លោកស្រី​ព្រមាន​ថា​៖ «បើ​យើង​​មិន​មាន​ច្បាប់​គ្រប់ៗ​គ្នា​អាច​ធ្វើ​អ្វី​បាន​តាម​តែ​ចិត្ត​គេ​ចង់​ធ្វើ ហើយ​កត្តា​នេះ​នឹង​អាក្រក់​បំផុត យ៉ាង​ហោច​ណាស់​សម្រាប់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​»។​

លោកស្រី Anne Kreuger ដែល​​ជា​អតីត​អគ្គនាយិកា​រង​របស់​មូលនិធិ​ IMF ក៏​បាន​សម្ដែង​ការ​បារម្ភ​អំពី​ហានិភ័យ​នៃ​ការ​រារាំង​ដល់​ដំណើរការ​តែងតាំង​ចៅក្រម​ក្នុង​អង្គការ​ WTO ផង​ដែរ។​

លោកស្រី Krueger ​ពេល​នេះ​ជា​សាស្ដ្រាចារ្យ​នៅ​សាលា​ John Hopkins ​ថ្លែង​ថា៖ «វា​ស្ទើរ​តែ​គ្មាន​ប្រយោជន៍»។​​​

ខណៈ​​​អាមេរិក និង​ប្រទេស ​ចិន ​កំពុង​ជាប់​​​ខ្លួន​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​ដែល​បាន​ចាប់​ផ្ដើម​ដោយ​​លោក​ ត្រាំ ដែល​បាន​ចោទ​ប្រកាន់​ WTO ថា​បា​ន​ចាត់​វិធានការ​ស្រួល​ពេក​ចំពោះ​​​ប្រទេស ចិន​ ដែល​​​ធ្វើ​ឲ្យ​ខូចខាត​ដល់​​អាជីវកម្ម​របស់​អាមេរិក​ លោកស្រី​បាន​ព្រមាន​​ថា​៖ «​ករណី​ថ្មី​ណា​មួយ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ WTO នៅ​ពេល​​នេះ​​ប្រហែល​ជា​មិន​អាច​ប្ដឹង​ឧទ្ធរណ៍​បាន​ទេ ដែល​ក្នុង​ករណី​នេះ​អ្នក​គ្រប់​គ្នា​អាច​ធ្វើ​អ្វី​ដែល​​ពួក​គេ​ចង់​ធ្វើ»។​

កំណែ​ទម្រង់​របស់​ WTO

ឧទាហរណ៍​មួយ​បាន​ស្តែង​ឡើង​​​​កាល​ពី​ថ្ងៃ​អង្គារ ខណៈ​ដែល WTO​ បាន​រក​ឃើញ​លទ្ធផល​ជម្លោះ​ដែល​​​មាន​ទំនោរ​​ទៅ​កាន់​​ទីក្រុង​ប៉េកាំង​ទាក់ទង​នឹង​ជម្លោះ​​ប្រឆាំង​ការ​លក់​បង្ខូច​ថ្លៃ​ រយៈពេល​ ៧ ឆ្នាំ​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លើយ​តប​ពី​អាមេរិក​យ៉ាង​ខ្លាំង​ដែល​ចោទ​ប្រកាន់​ប្រទេស ចិន ​ពី​បទ​ការ​បង្ខូច​តម្លៃ​ទីផ្សារ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​ (USTR) បាន​ឲ្យ​ដឹង​ថា៖ «​របាយការណ៍​ស្ថាប័ន​ឧទ្ធរណ៍​របស់​ WTO ធ្វើ​ឲ្យ​ខូច​ច្បាប់​របស់​ WTO ដែល​ធ្វើ​ឲ្យ​ច្បាប់​ទាំង​នោះ​មិន​សូវ​មាន​ប្រសិទ្ធភាព​ ក្នុង​ការ​រារាំង​ការ​ឧបត្ថម្ភធន​ដល់​សហគ្រាស​​​រដ្ឋ (SOE) របស់​ប្រទេស ​ចិន​ ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​កម្មករ និង​ក្រុមហ៊ុន​ជា​ច្រើន និង​កំពុង​ធ្វើ​ឲ្យ​ខូច​តម្លៃ​​ទីផ្សារ​ទូទាំង​ពិភព​លោក​»។

បន្ទាប់​ពី​ស្ថាប័ន​ឧទ្ធរណ៍​បាន​រក​ឃើញ​លទ្ធផល​បែប​នេះ​ដែល​​មាន​ទំនោរ​ទៅ​រក​​ទីក្រុង​ប៉េកាំង​ការិយាល័យ USTR បាន​​ប្ដេជ្ញា​ថា៖ «​អាមេរិក​ប្តេជ្ញា​ចិត្ត​​ចាត់​វិធានការ​ចាំបាច់​ទាំង​អស់​ ដើម្បី​ធានា​​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​ ដើម្បី​ឲ្យ​ប្រទេស ​ចិន និង​សហគ្រាស​រដ្ឋ​របស់​ខ្លួន​​បញ្ឈប់​ការ​ធ្វើ​ឲ្យ​រងគ្រោះ​ដល់​​កម្មករ និង​ក្រុមហ៊ុន​របស់​អាមេរិក​»។​

ជាមួយ​នឹង​ការ​រិះគន់​អង្គការ WTO របស់​អាមេរិក លោក​ប្រធានាធិបតី​បារាំង ​ អេម៉ានុយអែល ម៉ាក្រុង កាល​ពី​ឆ្នាំ​មុន​បាន​ជំរុញ​​ឲ្យ​ស្ថាប័ន​នេះ​ធ្វើ​កំណែ​ទម្រង់​។​

លោក Francois Villeroy de Galhau ​ប្រធាន​ធនាគារ​កណ្ដាល​របស់​ប្រទេស ​បារាំង​ បាន​អំពាវនាវ​​កាល​ពី​ថ្ងៃ​អង្គារ​ ឲ្យ​មាន​ដំណោះស្រាយ​ពហុភាគី​​ថ្មីៗ​ដើម្បី «​កែលម្អ​របៀប​ដំណើរការ​មុខងារ​របស់ WTO ​»។​​

ប៉ុន្តែ​ទីក្រុង​វ៉ាស៊ីនតោន រហូត​មក​​ដល់​ពេល​នេះ​​បាន​បដិសេធ​​គាំទ្រ​​ដល់​រាល់​សំណើ​កំណែ​ទម្រង់​ណា​មួយ​ដែល​បាន​ដាក់​ជូន​ដោយ​សមាជិក​ផ្សេង​ទៀត​។​

លោកស្រី Malmstrom​ ក៏​បាន​អំពាវនាវ​​ឲ្យ​ប្រទេស ចិន និង​អាមេរិក ​​ជួយ​កែទម្រង់​ស្ថាប័ន​មួយ​នេះ​ផង​ដែរ​។​

លោកស្រី​បាន​មាន​ប្រសាសន៍​ថា៖ «​ខ្ញុំ​គិត​ថា យើង​អាច​កែប្រែ​ស្ថាប័ន​នេះ​បាន ប៉ុន្តែ​វា​ទាមទារ​ឲ្យ​មាន​ភាព​​ជា​អ្នក​ដឹកនាំ​ដ៏​រឹងមាំ»៕ AFP/LA