
អីុនធឺណិតសាធារណៈដែលបានដាក់ឲ្យសាធារណជនប្រើប្រាស់នៅភ្នំពេញកាលពីថ្ងៃពុធ។ ប្រព័ន្ធអីុនធឺណិតជាស្នូលនៃបច្ចេកវិទ្យាព័ត៌មានវិទ្យា និងឌីជីថល។ ហេង ជីវ័ន
សិង្ហបុរីៈ រដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានកាលពីថ្ងៃម្សិលមិញបានប្រមូលផ្តុំគ្នានៅក្នុងសន្និសីទលើកទី ១៤ នៃថ្នាក់រដ្ឋមន្ដ្រីអាស៊ានដែលផ្ដោតលើការបង្កើតសហគមន៍ក្នុងតំបន់ឲ្យកាន់តែរឹងមាំតាមរយៈព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដែលនឹងនាំទៅរកការអនុវត្តសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់។
ថ្លែងនៅក្នុងពិធីបើកសន្និសីទកាលពីម្សិលមិញលោក S. Iswaran រដ្ឋមន្ដ្រីទទួលបន្ទុកព័ត៌មាន និងទំនាក់ទំនងរបស់ប្រទេសសិង្ហបុរីថ្លែងថាលោកមានសេចក្ដីរីករាយជាមួយការរីកចម្រើនដែលបានធ្វើឡើងដោយវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយអាស៊ានក្នុងការអនុវត្តផែនការមេ និងទំនាក់ទំនងអាស៊ាន។
លោកបន្ថែមថា មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់នៃវិស័យបច្ចេកវិទ្យា អាស៊ានឌីជីថល ដែលជាការរួមបញ្ចូលគ្នា ហើយភាគីពាក់ព័ន្ធជាច្រើនអាចរួមគ្នា ដើម្បីជួយពលរដ្ឋក្នុងការរៀបចំឲ្យបានកាន់តែប្រសើរសម្រាប់អនាគត។
លោក Iswaran បានថ្លែងកាលពីម្សិលមិញថា៖ «ពលរដ្ឋទាំងអស់របស់យើង ត្រូវតែរៀបចំសម្រាប់ដំណាក់កាលថ្មីនៃព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ហើយយើងត្រូវតែធានាឲ្យប្រាកដថា មិនមាននរណាម្នាក់នៅក្រោយគេនោះទេនៅក្នុងការវិវត្តឌីជីថលនេះដែលវាកំពុងតែផ្លាស់ប្តូរទូទាំងពិភពលោក»។
លោកបន្តថា៖ «ប្រសិនបើយើងទទួលយកយុទ្ធសាស្ដ្រត្រឹមត្រូវ អាស៊ាន នឹងជាទីតាំងដ៏ប្រសើរជាតំបន់ដ៏រស់រវើក និងជោគជ័យផ្នែកសេដ្ឋកិច្ចឌីជីថលជារួម និងវិស័យប្រព័ន្ធផ្សព្វផ្សាយថ្មី»។
រដ្ឋាភិបាលកម្ពុជាក្នុងសិក្ខាសាលាមួយស្ដីពីសេដ្ឋកិច្ចឌីជីថលកម្ពុជា និងសហគ្រិនភាពឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសកម្ពុជានៅតែត្រូវការពេលវេលាយូរក្នុងការចាប់យកសេដ្ឋកិច្ចឌីជីថល ខណៈជំរុញឲ្យវិស័យឧស្សាហកម្មចាប់ផ្ដើមចាប់យកបច្ចេកវិទ្យានេះ ដើម្បីបង្កើនចង្វាក់ផលិតកម្ម។
លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់សិក្ខាសាលានេះថាកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍការងារក្របខ័ណ្ឌគោលនយោបាយទាក់ទងនឹងប្រសិទ្ធភាពបច្ចេកវិទ្យាទំនើប ដើម្បីធ្វើឲ្យប្រសើរដល់សេដ្ឋកិច្ចឌីជីថល។
លោក Heng Swee Keat រដ្ឋមន្ដ្រីទទួលបន្ទុកហិរញ្ញវត្ថុរបស់ប្រទេសសិង្ហបុរី បានថ្លែងថាសេដ្ឋកិច្ចអាស៊ានត្រូវបានព្យាករថា នឹងកើនឡើងក្នុងកម្រិត ៥,២ ភាគរយប្រចាំឆ្នាំរហូតដល់ឆ្នាំ ២០២២ ដែលនាំមុខដោយប្រទេសកម្ពុជា ឡាវ និងវៀតណាម។ លោកបន្ថែមថា សមាជិកទាំងអស់ត្រូវតែបន្តបើកចំហ និងភ្ជាប់ទំនាក់ទំនង និងរៀបចំដើម្បីដំណើរការរលកកំណើនបន្ទាប់។
លោកថ្លែងថា៖ «រលកបន្ទាប់នឹងត្រូវបានជំរុញដោយបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល»។
លោកបានថ្លែងបន្តថា៖ «ដោយមានកំណើនប្រជាជនមានប្រាក់ចំណូលកណ្ដាល និងប្រជាជនវ័យក្មេងរបស់យើង អាស៊ាន គឺជាទីកន្លែងដ៏ប្រសើរក្នុងការចាប់យកឱកាសទាំងនេះ»៕ LA