ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បញ្ជាក់​ជាថ្មី​កាលពី​ម្សិលមិញ​ថា គម្រោង​រថភ្លើង​អាកាស​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​ដែល​ស្ថិត​ក្រោម​ការគាំទ្រ​ពី​​រដ្ឋាភិបាល​ជប៉ុន​នៅ​តែ​កំពុង​បន្ត​ដំណើរការ ហើយ​ការសិក្សា​លទ្ធភាព​ត្រូវ​បាន​រំពឹង​ថា​នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​នេះ ឬ​ត្រឹម​ឆ្នាំ​ក្រោយ​។

លោក ស៊ុន ចាន់ថុល បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុង​អំឡុងពេល​នៃ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន​ហៅ​តាក់ស៊ី​ជិះ Grab និង​អង្គការ UNDP កាលពី​ម្សិលមិញ​ស្តីពី​ការលើក​កម្ពស់​សុវត្ថិភាព និង​សម្អាត​ការដឹកជញ្ជូន​នៅ​ទីក្រុង​ភ្នំពេញ​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​បន្ត​ធ្វើការ​លើ​គម្រោង​រថភ្លើង​អាកាស​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ទីក្រុង​។ លោក​ថ្លែង​ថា​៖ «​ការសិក្សា​នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​នេះ ឬ​ត្រឹម​ឆ្នាំ​ក្រោយ​ដោយសារ​តែ​ការសិក្សា​ទាំងអស់​របស់​ជប៉ុន​ជា​ទិន្នន័យ​ទូលំទូលាយ ដូច្នេះ​វា​ត្រូវការ​ពេលវេលា​ប្រហែល​ពី ២ ឬ​ ៣ ​ឆ្នាំ​»​។

លោក​ក៏​បាន​បដិសេធ​ពី​ព័ត៌មាន​ដែល​ថា រដ្ឋាភិបាល​ជប៉ុន​បាន​បដិសេធ​ថវិកា​លើ​គម្រោង​នេះ​ផង​ដែរ​។

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា រដ្ឋាភិបាល​ជប៉ុន​បាន​យល់​ព្រម​រួចហើយ បន្ទាប់ពី​ការស្នើសុំ​ដោយ​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន សម្រាប់​ការសាងសង់​រថភ្លើង​អាកាស ប៉ុន្តែ​ការសិក្សា​ត្រូវការ​ពេលវេលា​យូរ​»​។ លោក​បន្ថែម​ថា​ភាគី​ទាំង​ ២ ​បាន​ជួប​គ្នា​ ២ ​ដង​រួច​ហើយ​សម្រាប់​ការ​ពិភាក្សា​លើ​គម្រោង​នេះ​។

លោក ស៊ុន ចាន់ថុល បាន​ថ្លែង​ថា​ការពិភាក្សា​លើក​ទី​ ៣ នឹង​ធ្វើ​នៅ​ខែ​មិថុនា​នេះ ហើយ​រដ្ឋាភិបាល​នឹង​ប្រកាស​ជា​សាធារណៈ​អំពី​ការសាងសង់​នេះ​។ លោក​បញ្ជាក់​ថា​រថភ្លើង​អាកាស​ទៅ​ព្រលាន​យន្តហោះ​ប្រវែង​ ១៨ គីឡូម៉ែត្រ​ចេញពី​តំបន់​ជុំវិញ​ផ្សារ​ថ្មី​មក​ព្រលាន​យន្តហោះ​ភ្នំពេញ​នឹង​ចំណាយ​ថវិកា​ពី ៨០០ ទៅ ១ ០០០ លាន​ដុល្លារ​។

ការដោះស្រាយ​ចរាចរណ៍

កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ (UNDP) និង​ក្រុមហ៊ុន​ហៅ​តាក់ស៊ី​ជិះ Grab កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មូលនិធិ​រួម ស្ដីពី​ការពង្រឹង​សុវត្ថិភាព និង​និរន្តរភាព​នៃ​ចរាចរណ៍​ក្នុង​ទីក្រុង​ភ្នំពេញ​។ គម្រោង​នេះ​នឹង​មាន​មូលនិធិ ៥០ ម៉ឺន​ដុល្លារ​ដែល​នឹង​អនុវត្ត​រយៈពេល​ ៣ ​ឆ្នាំ​ដើម្បី​សម្រួល​លើ​បញ្ហា​ការកកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង និង​សុវត្ថិភាព​ដឹកជញ្ជូន​ប្រកប​ដោយ​ចីរភាព​។

លោក ស៊ុន ចាន់ថុល ដែល​ធ្វើ​ជា​អធិបតី​នៃ​ការចុះហត្ថលេខា​ថ្លែង​ថា​៖ «​យើង​មាន​ក្រុម​ការងារ​ពិសេស​រួច​ហើយ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​លើ​ការកកស្ទះ​ចរាចរណ៍​នៅ​​ទីក្រុង​ភ្នំពេញ និង​ជ្រើសរើស​ទិសដៅ​ជាក់លាក់​នៅ​ទីក្រុង ដើម្បី​ត្រួតពិនិត្យ​លើ​បញ្ហា​នោះ​»​។

លោក​បន្ត​ថា​៖ «​ក្រុមហ៊ុន Grab នឹង​បញ្ជូន​ទិន្នន័យ​ព័ត៌មាន​ឲ្យ​ពួក​យើង​អំពី​ការកកស្ទះ​ចរាចរណ៍ ហើយ​នឹង​ធ្វើការ​រួម​គ្នា​ជាមួយ UNDP ដើម្បី​រក​ឲ្យ​ឃើញ​បញ្ហា​នេះ​»​។

គម្រោង​នេះ​នឹង​ផ្តោត​លើ​ការធ្វើឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​ស្ថានភាព​ចរាចរណ៍​ក្នុង​ទីក្រុង​ភ្នំពេញ និង​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាមរយៈ​ការប្រមូល​ចងក្រង​ទិន្នន័យ​ចរាចរណ៍ ការកាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ តាមរយៈ​វិធានការ​ពាក់ព័ន្ធ​នឹង​ប្រេង​ឥន្ធនៈ និង​ការប្រើប្រាស់​យានយន្ត​បែប​បរិស្ថាន​។

តាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ចំនួន​យានយន្ត​នៅ​ទីក្រុង​ភ្នំពេញ​បាន​កើនឡើង​រៀងរាល់​ឆ្នាំ​ជា​មធ្យម​ ២០ ​ភាគរយ​ដែល​នាំ​ឲ្យ​ចំនួន​យានយន្ត​សរុប​ដែល​ចុះបញ្ជី​គិត​មក​ដល់​ពេល​នេះ​មាន​ចំនួន​ជាង​ ៤,៥ ​លាន​គ្រឿង​។

លោក Nick Beresford នាយក​ប្រចាំ​ប្រទេស​ទទួល​បន្ទុក UNDP ប្រចាំ​នៅ​កម្ពុជា​ថ្លែង​ថា​គំនិត​ផ្ដួចផ្ដើម​នេះ​នឹង​អនុវត្ត​លើ​ការទទួល​ខុសត្រូវ​សង្គម និង​ផ្ដល់​គំរូ​ថ្មី​នៃ​ការចូលរួម​របស់​វិស័យ​ឯកជន និង​សាធារណៈ​។

លោក Russell Cohen ប្រធាន​ផ្នែក​ប្រតិបត្តិការ​ប្រចាំ​តំបន់​របស់ Grab ថ្លែង​ថា​វា​ជា​ឱកាស​ដ៏ធំ​ដែល Grab ធ្វើ​ភាព​ជា​ដៃគូ​ជាមួយ UNDP ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​៕LA