ភ្នំពេញៈ ​រដ្ឋមន្ដ្រី​ក្រសួង​ឧស្សាហកម្ម ​និង​សិប្បកម្ម​ នឹង​រៀបចំ​កិច្ច​ប្រជុំ​ជា​មួយ​សហគមន៍​អំបិល​នៅ​ខេត្ត​កែប ​និង​ខេត្ត​កំពត​ នៅ​សប្ដាហ៍​​ក្រោយ ​ដើម្បី​​ពិភាក្សា​បញ្ហា​ប្រឈម​របស់​ឧស្សាហកម្ម​នេះ​។​ នេះ​បើ​តាម​អ្នក​នាំពាក្យ​របស់​ក្រសួង​។​

កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សហគមន៍​ផលិត​អំបិល​បាន​ជូន​ដំណឹង​ទៅ​ក្រសួង​អំពី​ការ​រំលាយ​សហគមន៍​ចោល​​។​

លោក ​អ៊ុំ ​សុតា្ថ ​អ្នក​នាំពាក្យ​ក្រសួង​ឧស្សាហកម្ម និង​​សិប្បកម្ម​ បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ថ្ងៃ​ពុធ​ថា ក្រសួង​បាន​ទទួល​លិខិត​ពី​សហគមន៍​អំបិល​ហើយ​អំពី​ការ​ស្នើសុំ​រំលាយ​សហគមន៍​នេះ ​ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ជាក់លាក់​នោះ​ទេ​។ ​

លោក​ថ្លែង​ថា៖ ​«​​រដ្ឋមន្ដ្រី​នឹង​មាន​​កិច្ច​ប្រជុំ​មួយ​ជា​មួយ​មន្ដ្រី​ខេត្ត​នៅ​ក្នុង​វិស័យ​នេះ ដើម្បី​មើល​បញ្ហា​ប្រឈម​ និង​ស្វែងរក​ដំណោះ​ស្រាយ​»​។ លោក​បន្ត​ថា៖ «​ប៉ុន្តែ​ដោយ​ផ្អែក​លើ​ការ​ស្នើសុំ​រំលាយ​នេះ​ សហគមន៍​នេះ​មិន​បាន​បញ្ជាក់​ពី​បញ្ហា​ជាក់លាក់​នោះ​ទេ»។​

ប៉ុន្តែ​​ លោក ​ប៊ុន ​ណារិន ​ ប្រធាន​ផ្នែក​បច្ចេកទេស​នៅ​សហគមន៍​​ផលិត​អំបិល​កែប​-​កំពត​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ​ថា ​បញ្ហា​ប្រឈម​គឺ​ដោយសារ​តែ​ការ​ប្រកួត​ប្រជែង​តម្លៃ​ក្នុង​ចំណោម​​ក្រុមហ៊ុន​ផលិត​ក្នុង​ស្រុក។​​

លោក​ថ្លែង​ថា​៖ «​វា​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សហគមន៍​នេះ ​ដោយសារ​តែ​យើង​ត្រូវ​តែ​ប្រកួត​​ប្រជែង​ជាមួយ​​ក្រុមហ៊ុន​ផលិត​​ក្នុង​ស្រុក​ផ្ទាល់​របស់​យើង»​។ ​លោក​បន្ត​ថា​៖ «​តើ​យើង​អាច​ដំណើរការ​សហគមន៍​របស់​យើង​​ម្ដេច​បាន ​ខណៈ ​៣០ ភាគរយ​នៃ​​អ្នក​​ផលិត​អំបិល​មិន​ចូលរួម​ជា​មួយ​យើង​នោះ ​វា​ប៉ះពាល់​ដល់​ប្រតិបត្តិការ​របស់​សហគមន៍​នេះ​»។​

សហគមន៍​អំបិល​របស់​កម្ពុជា ​ដំណើរការ​អស់​រយៈពេល​ ១៥ ​ឆ្នាំ​ហើយ ​រហូត​​មក​ដល់​ពេល​នេះ​ ដែល​​មាន​ស្រែ​អំបិល​ជាង ​៤ ​៦​០០ ​​ហិកតា ​នៅ​ក្នុង​ខេត្ត​កំពត ​និង​ខេត្ត​កែប ​​ដោយ​មាន​សមាជិក ​២០០ ​គ្រួសារ​។​ លោក​ ណារិន ​បាន​បញ្ជាក់​ថា​៖ «​នៅ​ពេល​នេះ​យើង​កំពុង​រង់ចាំ​ទទួល​ដំណឹង​ពី​ក្រសួង​ឧស្សាហកម្ម​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​សម្រាប់​ពួក​យើង»​។​

លោក ​ណារិន ​បាន​ឲ្យ​ដឹង​ថា ​សហគមន៍​នេះ ​បាន​ផ្ញើ​លិខិត​ពី​​ការ​​រំលាយ​សហគមន៍​នេះ​ទៅ​អភិបាល​ខេត្ត​ ក្រសួង​មហា​ផ្ទៃ ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម ​​តាំង​ពី​ដើម​ខែ​នេះ​​។​

ជា​មួយ​នឹង​ពាក្យ​ចចាម​អារ៉ាម​​​​ថា ​ស្រែ​អំបិល​នឹង​ត្រូវ​អភិវឌ្ឍ​ទៅ​ជា​អចលន​ទ្រព្យ​ផ្សេង​ទៀត​ដោយ​ក្រុម​វិនិយោគិន​​ចិន​ អ្នក​នាំពាក្យ​ក្រសួង​ឧស្សាហកម្ម ​និង​សិប្បកម្ម ​បាន​​ឲ្យ​ដឹង​ថា ​តំបន់​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​អនុក្រឹត្យ​ជា​តំបន់​អភិរក្ស​សម្រាប់​​តែ​ការ​ផលិត​​អំបិល​តែ​ប៉ុណ្ណោះ ​ដែល​មិន​មាន​ក្រុម​វិនិយោគិន​ណា​មួយ​​អាច​ប្រែ​ក្លាយ​ទៅ​ជា​អចលន​​ទ្រព្យ​ផ្សេង​នោះ​ទេ​។​

លោក​លើក​ឡើង​ថា៖ «​ទោះ​បី​ដី​ស្រែ​អំបិល​នោះ​ជា​ដី​ឯកជន​ក៏​ដោយ ​ទោះបី​ជា​ពួក​គេ​លក់​ឲ្យ​អ្នក​ផ្សេង​ក៏​ដោយ ​ក៏​ដី​នេះ​នៅ​តែ​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​ផលិត​អំបិល​ ​ហើយ​ពួក​គេ​មិន​អាច​ផ្លាស់​ប្តូរ​ទៅ​ជា​វិស័យ​ផ្សេង ​ឬ​អភិវឌ្ឍ​អ្វី​ផ្សេង​បាន​ទេ​»។

លោក​ស្រី ​ថូង ​ធីតា ​ស្ថាបនិក​ក្រុមហ៊ុន​ផលិត​អំបិល​​ Thaung Enterprise បាន​ប្រាប់​ខណៈ​វិស័យ​​នេះ​ប្រកួត​ប្រជែង​រួច​ហើយ​ជា​មួយ​អំបិល​នាំចូល ការ​មិន​បង្រួបបង្រួម​គ្នា​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​អំបិល​​​ក្នុង​ស្រុក​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​នេះ​ទាំង​មូល​។​

លោក​ស្រី​ថ្លែង​ថា​៖ «​វា​សោកស្ដាយ​ខ្លាំង​ណាស់ ​ក្នុង​ការ​ឮ​ដូច្នេះ ​ហើយ​យើង​សង្ឃឹម​ថា ​នៅ​ពេល​អនាគត​ដ៏​ខ្លី​សមាគម​ ឬ​សហគមន៍​ថ្មី​មួយ ​អាច​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ការពារ​ផល​ប្រយោជន៍​សហគមន៍​អំបិល​ ដែល​រួម​មាន​កសិករ ​និង​ក្រុមហ៊ុន​ផលិត​អំបិល​ទាំង​អស់​»​។ ​លោក​ស្រី​បាន​បន្ត​ថា​៖ «​ស្រែ​​អំបិល​គឺ​ជា​ទ្រព្យ​សកម្ម​ធំ​ជាង​​គេ​សម្រាប់​ពួក​យើង​ទាំង​អស់​គ្នា​ និង​ប្រទេស​នេះ»​។

ប្រទេស ​កម្ពុជា ​បាន​ប្រកាស​កាល​ពី​ឆ្នាំ​មុន​ក្នុង​ការ​​នាំចូល​អំបិល​​ប្រហែល​ ៣០ ​០០០ ​តោន​​ពី​ប្រទេស​ ចិន ដើម្បី​បំពេញ​កង្វះខាត​អំបិល​ក្នុង​ស្រុក ​ដោយ​សារ​កម្ពុជា​មិន​អាច​​ផលិត​អំបិល​បាន​គ្រប់គ្រាន់​កាល​ពី ​ឆ្នាំ២០១៨​៕LA