ភ្នំពេញៈ រដ្ឋ​មន្រ្តី​ក្រ​សួង​ឧស្សា​​ហ​កម្ម​ និង​សិប្ប​កម្ម កា​ល​​ពី​ម្សិល​មិញ​បា​ន​ព្រ​មាន​ដក​អា​ជ្ញា​ប័ណ្ណ​​សហ​គ្រាស​ផ្គត់​ផ្គង់​​ទឹក​ស្អាត​ឯក​ជន​ទំាង​ឡា​យ​​ណា ​ដែល​មិន​បាន​អនុ​វត្ត​តាម​ផែន​ការ​អា​ជីវ​កម្ម​របស់​ខ្លួន​។​

ការ​ព្រ​មាន​នេះ​ធ្វើ​ឡើង​ក្នុង​សិក្ខា​សា​លា​ផ្សព្វ​ផ្សាយ​អំ​ពី​ក​ម្ម​វិ​ធី ​« Pay As You Save​» របស់​​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​​​ម៉ូ​ទ័រ​បូម​ទឹក​ Grundfos ​និង​ការ​បង្ហាញ​លទ្ធ​ផល​គម្រោង​កែ​លម្អ​ស្ថា​នីយ ​ទឹក​ស្អាត​​ក្រុង​ដូន​កែវ ​ខេត្ត​តា​កែវ​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​​​។

លោក ​ចម​​ ប្រសិទ្ធ ​រដ្ឋ​មន្ដ្រី​ក្រ​សួង​ឧស្សា​ហ​កម្ម ​និង​សិប្ប​កម្ម​ ថ្លែង​ថា ​មា​ន​ក្រុម​ហ៊ុន​ផ្គត់​​ផ្គង់​ទឹក​ស្អាត​ឯក​ជន​ជា​ច្រើន​ មិន​បាន​ពង្រីក​តំ​បន់​ចែក​ចាយ​ តាម​ផែន​ការ​ដែ​ល​ពួក​គេ​បង្ហាញ​ដើ​ម្បី​ទទួល​បាន​អា​ជ្ញា​ប័ណ្ណ​នោះ​ទេ​។ ​

លោក​បាន​ថ្លែង​ថា​៖ «​ប្រ​សិន​បើ​​ប្រតិ​បត្តិ​ករ​ផ្គត់​ផ្គង់​​ទឹក​​ស្អាត ​មិន​អាច​ពង្រីក​បណ្ដាញ​ចែក​ចាយ​របស់​ពួក​គេ​ ទៅ​ដល់​តំ​បន់​ជា​ច្រើន​ តាម​ផែន​ការ​ [ដែល​ពួក​គេ​សន្យា​] ក្រ​សួង​នឹង​ចាត់​វិ​ធាន​ការ​​ចាប់​​ពី​ឆ្នាំ​ក្រោយ​ ដោ​យ​អនុ​ញ្ញាត​​ឲ្យ​ប្រតិ​បត្តិ​ករ​ថ្មី​ៗ ​ធ្វើ​ការ​ប្រ​កួត​ប្រ​ជែង​»​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​ផ្ដល់​សិទ្ធិ​ផ្ដាច់​មុខ​ដល់​អ្នក​ ប៉ុន្តែ​អ្នក​​មិន​បាន​ប្រើ​​ប្រាស់​​ភាព​ផ្ដាច់​មុខ​នេះ​​ត្រឹម​ត្រូវ​នោះ​ទេ​។ ​អ្នក​គ្រាន់​តែ​ដេក និង​មិន​ធ្វើ​អ្វី​សោះ​ ដូ​ច្នេះ​ ខ្ញុំ​នឹង​ដក​ហូត​អាជ្ញា​ប័ណ្ណ​របស់​អ្នក​ ឬ​តំ​បន់​ណា​មួយ​ដែ​ល​អ្នក​មិន​​ប្រតិ​បត្តិ​ការ​​ ទុក​ឲ្យ​​ក្រុម​ហ៊ុន​ផ្សេង​ធ្វើ​ការ​ងារ​ជំ​នួស​​»​​។​

លោក​រដ្ឋ​មន្ដ្រី ​ក៏​បាន​ជំ​រុញ​​ឲ្យ​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ទឹក​ស្អាត​ ត្រូវ​បំ​ពាក់​ដោយ​បច្ចេក​វិទ្យា​ចុង​ក្រោយ និង​គំរូ​ពា​ណិជ្ជ​កម្ម​ថ្មី​ៗ ក្នុង​ការ​ជំ​រុញ​ប្រ​សិទ្ធ​ភាព​ការ​គ្រប់​គ្រង​ទឹ​ក​ស្អាត​ ដើ​ម្បី​អាច​ពង្រីក​តំ​បន់​ចែក​ចាយ​។​

តួ​លេខ​ពី​ក្រ​សួង​ឧស្សាហ​កម្ម និង​សិប្ប​កម្ម ​ឲ្យ​ដឹង​ថា​ ក្រ​សួង​បាន​ផ្ដល់​អាជ្ញា​ប័ណ្ណ ​២៤០​ ដល់​ក្រុម​ហ៊ុន​ទឹក​ស្អាត​ឯ​ក​​ជន​ សម្រាប់​ការ​ផ្គត់​ផ្គង់​ទូ​ទាំង​​​ប្រ​ទេស។ ក្រៅ​ពីនេះ​ ​មា​ន​​​ស​ហ​​គ្រាស​ទឹក​ស្អាត​គ្រប់​គ្រង​ដោយ​រដ្ឋ​​​ ១០ ផ្សេង​​ទៀត​ផង​ដែរ​។​ ប្រតិ​​បត្តិ​ករ​ទាំង​អស់​រួម​បញ្ចូល​គ្នា អាច​ផ្គត់​ផ្គង់​ទឹក​ស្អាត​ប្រ​ហែ​ល​ ១ ​ភាគ ៣​ ប៉ុ​ណ្ណោះ​នៃ​ប្រ​ជា​ជន​កម្ពុជា​ ភាគ​ច្រើន​នៅ​​តំ​បន់​ទី​ក្រុ​ង​​​។​

បច្ចុ​ប្ប​​ន្ន​ Grundfos ​កំ​ពុង​អនុ​វត្ត​​គម្រោង​សាក​ល្បង​នៃកា​រ​​កែ​លម្អ​ស្ថា​នីយ​ទឹក​ស្អាត​​ក្រុង​ដូន​កែវ ​ខេត្ត​តា​កែវ​ ដែល​បាន​បង្ហាញ​ពី​ជោគ​ជ័យ​ក្នុង​ការ​គ្រប់​គ្រង​ទឹក​ស្អាត​។

លោក​ Leong Chee Khu​a​n តំ​ណាង​​ពី​ Grun​dfos ឲ្យ​ដឹង​ថា ​គំ​រូ​អា​ជីវ​កម្ម​ថ្មី​នេះ​បាន​ជួយ​រោង​ចក្រ​សន្សំ​ថាម​ពល​បាន​ជាង​ ២៧០,០០​០ គី​ឡូ​វ៉ាត់​ម៉ោង​​ ហើយ​សន្សំ​ទឹក​​​ប្រ​ហែល​ ២០ ម៉ឺន​​ម៉ែត្រ​​គុប​ក្នុង​ ១ ​ឆ្នាំ​។ លោក​ថ្លែង​​ថា​៖​ «​​គម្រោង​នៅ​ខេត្ត​តា​កែវ​​​បង្ហា​ញ​​ថា គម្រោង​​អា​ជីវ​កម្ម​ថ្មី​របស់​​យើង​មាន​ស​ក្ដា​នុ​ពល​ខ្ពស់​​នៅ​​​កម្ពុជា​»​៕LA