ភ្នំពេញៈ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ របស់​ប្រទេស ​កម្ពុជា​អះអាង​ថា ​កម្ពុជា​អាច​​ត្រូវ​ការ​រយៈ​ពេល​យ៉ាង​​ហោច​ណាស់​ ១០ ​ឆ្នាំ ដើម្បី​​អាច​ប្រែ​ក្លាយ​កំណើន​សេដ្ឋកិច្ច​​កម្ពុជា​ដោយ​​ផ្អែក​លើ​បច្ចេកវិទ្យា​ព័ត៌មាន​​។

ថ្លែង​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្តីពី​ «​គោល​នយោបាយ​ និង​ទិសដៅ​​នៃ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​»​​ កាល​ពី​ម្សិលមិញ ​លោក ​អូន ​ព័ន្ធមុនីរ័ត្ន ​បាន​លើក​ឡើង​ថា​ សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​កំពុង​លេច​រូបរាង​ជា​បណ្ដើរៗ ស្រប​ពេល​ដែល​មាន​ការ​បង្កើត​សកម្មភាព​អាជីវកម្ម​ថ្មីៗ ​ដូច​ជា​ការ​ប្រើប្រាស់​ការ​ទូទាត់​ឌីជីថល​ ការ​កើន​​ឡើង​នូវ​សកម្មភាព​​​ការ​កម្សាន្ត​អនឡាញ​សកម្មភាព​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ជា​ដើម​ ស្រប​ពេល​​ចំនួន​អ្នក​ប្រើប្រាស់​កំពុង​កើន​ឡើង​ និង​កំពុង​សម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំង​នោះ​។​

លោក​បន្ត​ថា​ កម្ពុជា​អាច​នឹង​ត្រូវ​ការ​រយៈ​ពេល ​៥ ​ឆ្នាំ​ទៀត ​ដើម្បី​បង្កើត​នូវ​មូលដ្ឋាន​ត្រឹមត្រូវ​គ្រប់​ជ្រុងជ្រោយ​មួយ ​ឬ​ដើម្បី​ត្រៀម​ខ្លួន​រួច​រាល់​នូវ​ផ្នែក​ឌីជីថល ​ហើយ​​ត្រូវ​ការ​រយៈ​ពេល​ពី ​៥ ​ទៅ​ ១០ ឆ្នាំ​បន្ទាប់ ឬ​ច្រើន​ជាង​នេះ​ដើម្បី​បង្កើត​សេដ្ឋកិច្ច​ឌីជីថល​ពេញ​លេញ​មួយ​។​

លោក​ថ្លែង​ថា​៖​ «​​ផ្អែក​លើ​បទ​ពិសោធ​ជា​អន្តរជាតិ​ ប្រទេស​ដែល​អាច​ក្ដាប់​យក​អត្ថ​ប្រយោជន៍​ពី​សេដ្ឋកិច្ច​ឌីជីថល​ ជា​ប្រទេស​ដែល​មាន​លទ្ធភាព​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ ហើយ​ចេះ​សម្រប​ខ្លួន​ទៅ​តាម​ការ​ផ្លាស់​ប្តូរ​ទាំង​នេះ​ បាន​ទាន់​​ពេលវេលា»​។

លោក​បន្ត​ថា​​៖​ «​ក្នុង​ន័យ​នេះ​សម្រាប់​ប្រទេស​​កំពុង​អភិវឌ្ឍន៍ ​ដូច​ជា​កម្ពុជា ​បច្ចេកវិទ្យា​ថ្មី​នេះ​អាច​ផ្ដល់​​នូវ​កាលានុវត្តភាព​ក្នុង​ការ​​លោត​ផ្លោះ​ដំណាក់​កាល​​ធម្មតា​​នៃ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​»​​។ ​​

លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​​រៀបចំ​ក្រប​ខ័ណ្ឌ​យុទ្ធសាស្ត្រ​​​រយៈ​ពេល​វែង​មួយ​ ដើម្បី​ជា​មគ្គុទេសក៍​ និង​ជា​ក្រប​ខ័ណ្ឌ​រួម​មួយ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល។

លោក​បញ្ជាក់​ថា កម្ពុជា​មិន​មាន​គោល​ដៅ​ប្រែ​ខ្លួន​ទៅ​ជា​ Silicon ​Valley​ ឬ​បង្កើត​​ក្រុមហ៊ុន​ Unicorn​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​នោះ​ទេ។​ ផ្ទុយ​ទៅ​វិញ ទិស​ដៅ​ជា​យុទ្ធសាស្ដ្រ​របស់​កម្ពុជា ​គឺ​បង្កើត​នូវ​បរិយាកាស​ឌីជីថល​មួយ​ប្រកប​ដោយ​ជីវភាព ​និង​មាន​មូលដ្ឋាន​គ្រឹះ​រឹងមាំ​ ដែល​ផ្ដល់​លទ្ធភាព​ឲ្យ​ក្រុមហ៊ុន​ ទាំង​តូច​ទាំង​ធំ ​នៅ​ក្នុង​ស្រុក ​អាច​ភ្ជាប់​ខ្លួន​ទៅ​នឹង​ខ្សែ​ចង្វាក់​តម្លៃ​សកល​នៃ​សេដ្ឋកិច្ច​ឌីជីថល ​​​​ក្នុង​តំបន់ ​និង​​ពិភព​លោក ​និង​អាច​ឆ្លើយ​តប​ប្រកប​ដោយ​ប្រសិទ្ធភាព​ទៅ​នឹង​ហានិភ័យ​ផ្សេង​ៗ​។

លោក​​បញ្ជាក់​ថា​​ កម្ពុជា​​ជា​ប្រទេស​​ដែល​មាន​សក្ដានុពល​ខ្ពស់​​ក្នុង​ការ​កា្ដប់​យក​ឱកាស​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​ និង​សេដ្ឋកិច្ច​ឌីជីថល ​ដោយ​ឈរ​លើ​កត្តា ៤​ គឺ​ ភាព​អំណោយផល​​ផ្នែក​ប្រជាសាស្ដ្រ​ដោយ​មាន​​ចំនួន​​យុវជន​ដ៏​ច្រើន​ដែល​មាន​​ការ​អប់រំ​ខ្ពស់ ​និង​ងាយ​ទទួល​​យក​នូវ​បច្ចេកវិទ្យា​ឌីជីថល​យ៉ាង​ឆាប់​រហ័ស​ ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៃ​ការ​ប្រើប្រាស់​​​ទូរស័ព្ទ​ដៃ​ និង​ឧបករណ៍​វៃឆ្លាត ​ការ​រីក​ចម្រើន​យ៉ាង​រហ័ស​​នៃ​​ផ្នែក​បច្ចេកវិទ្យា​ តាមរយៈ​លំហូរ​នៃ​ការ​វិនិយោគ​ផ្ទាល់​​ពី​បរទេស ​និង​ឥទ្ធិពល​ដ៏​លឿន​នៃ​​ឌីជីថល​ភាវូបនីយកម្ម​ដែល​​កំពុង​កើត​មាន​នៅ​​ក្នុង​គ្រប់​វិស័យ​​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​ជាតិ​។

លោកស្រី ​Ellen Goldstein នាយក​ប្រចាំ​ប្រទេស​នៅ​ធនាគារ​ពិភព​លោក​ទទួល​​បន្ទុក​​​ប្រទេស ​កម្ពុជា ​បាន​ឲ្យ​ដឹង​​នៅ​ក្នុង​សិក្ខា​សាលា​កាល​ពី​ម្សិលមិញ​ថា ​ខណៈ​ប្រទេស ​កម្ពុជា ​អាច​រក្សា​កំណើន​សេដ្ឋកិច្ច​រហ័ស ​និង​ប្រកប​ដោយ​ស្ថិរភាព ​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ដូចជា​ការ​បង្កើន​​ប្រាក់​ឈ្នួល ​ដែល​​កំពុង​ធ្វើ​​ឲ្យ​ប្រទេស​នេះ​កាន់​តែ​ពិបាក​ខ្លាំង​ឡើង​ៗ ​ក្នុង​ការ​រក្សា​ការ​នាំចេញ​ទំនិញ​​មាន​តម្លៃ​ទាប​ ដូច​​ជា​អង្ករ​ មិន​ទាន់​កែច្នៃ និង​​សម្លៀក​បំពាក់​តម្លៃ​ទាប​។​ ក្រៅ​ពី​​នេះ ​លោកស្រី​បន្ថែម​ទៀត​ថា ​ប្រទេស ​កម្ពុជា ​កំពុង​ទទួល​បាន​ការ​ផ្ដល់​ហិរញ្ញប្បទាន​​ពី​ម្ចាស់​ជំនួយ​ធំៗ​កាន់​តែ​តិច​ ខណៈ​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ត្រូវ​បាន​​រំពឹង​ថា នឹង​​លុប​ចោល​។​

លោកស្រី​បញ្ជាក់​ថា​ ​ប្រទេស ​កម្ពុជា ​នឹង​ត្រូវការ​ស្វែង​រក​កតា្ត​ជំរុញ​កំណើន​ថ្មីៗ ​ដោយសារ​​ប្រទេស​នេះ​នឹង​មិន​អាច​ពឹង​ផ្អែក​ខ្លាំង​លើ​កត្តា​ជំរុញ​ទាំង​​នោះ​បាន​ទៀត​ទេ​។ ​លោក​ស្រី​​​បន្ថែម​ថា​ ចក្ខុ​វិស័យ​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​តែ​​មាន​ភាព​វិជ្ជមាន ​ហើយ​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការ​ស្វែង​រក​កតា្ដ​ជំរុញ​ថ្មីៗ​នៃ​កំណើន ​ដែល​​នឹង​បង្កើត​​ការងារ ​និង​បង្កើន​វិបុលភាព​ក្នុង​​រយៈ​ពេល ​២០ ​ឆ្នាំ​ក្រោយ​​។​

​លោកស្រី​ថ្លែង​ថា​​៖ «​កម្មវិធី​ឌីជីថល ​ត្រូវ​បាន​រំពឹង​ថា នឹង​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​​ការ​ជំរុញ​សហគ្រិន​ក្នុង​ស្រុក​ឲ្យ​ចូលរួម​ក្នុង​ចង្វាក់​​បន្ថែម​តម្លៃ ​កាន់​តែ​មាន​ប្រសិទ្ធភាព។ ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ អាច​ផ្ដល់​ការ​បង្កើន​លទ្ធផល​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​ទាំង​សហគ្រាស ​និង​បុគ្គល ​ព្រម​ទាំង​ជួយ​សម្រួល​កំណើន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​»។​​

លោក ​Charles ​Vann ​អនុប្រធាន​ប្រតិបត្តិ​ធនាគារ​កាណាឌីយ៉ា​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​​បាន​ឲ្យ​ដឹង​ថា ​វា​ជា​ពេល​វេលា​ត្រឹមត្រូវ​សម្រាប់​ប្រទេស ​កម្ពុជា ​ក្នុង​ការ​ចាប់​ផ្ដើម​ការ​រៀបចំ​យុទ្ធសាស្ដ្រ​ និង​គោល​នយោបាយ​​​សេដ្ឋកិច្ច​​ឌីជីថល​ ដោយ​សារ​វា​ជា​និន្នាការ​​ពិភព​លោក និង​ក្នុង​តំបន់​។ ​

លោក​ថ្លែង​ថា​៖ «​នៅ​ពេល​​សេដ្ឋកិច្ច​របស់​យើង ​កំពុង​​រីក​ចម្រើន ​និង​កំពុង​ដំណើរការ​ទៅ​មុខ​ ការ​រៀបចំ ​គោល​នយោបាយ ​ដើម្បី​ចាប់​យក​អត្ថ​ប្រយោជន៍​ពី​ឌីជីថល ​គឺ​ជា​ពេល​​វេលា​ត្រឹមត្រូវ​ និង​មាន​ប្រយោជន៍​»៕LA