ភ្នំពេញៈ ក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា​នឹង​មិន​ប្រឈម​នឹង​កង្វះ​ថាមពល​អគ្គិសនី​ទៀត​ទេ​នៅ​ឆ្នាំនេះ ខណៈ​ការផ្គត់ផ្គង់​នឹង​កើនឡើង​។

ថ្លែង​នៅក្នុង​បទសម្ភាស​មួយ​ជាមួយ​ទូរទស្សន៍​ក្នុងស្រុក​កាលពី​ថ្ងៃ​អង្គារ​លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួង​រ៉ែ​ និង​ថាមពល​បាន​ឲ្យ​ដឹងថា​នៅ​រដូវប្រាំង​ឆ្នាំនេះ តម្រូវការ​ថាមពល​នឹង​មាន​ប្រហែល ២ ២១៤ មេហ្គាវ៉ាត់​ កើនឡើង ៤១៤ មេហ្គាវ៉ាត់​ធៀប​នឹង​ឆ្នាំមុន​។ លោក​បាន​ថ្លែង​បន្តទៀតថា​៖ «​កង្វះ​ថាមពល​អគ្គិសនី​នឹង​មិន​កើតឡើង​ជាថ្មី​ទៀត​នោះទេ​នៅក្នុង​រដូវប្រាំង​ឆ្នាំនេះ បច្ចុប្បន្ន​យើង​មាន​ទឹក​នៅក្នុង​អាង​ទំនប់ ៩០ ​ភាគរយ​»​។

វិស័យ​ឯកជន​បាន​ស្វាគមន៍​ចំពោះ​ការប្រកាស​របស់​រដ្ឋាភិបាល​នៅពេលនេះ​។

លោក ចាន់ សុខឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​ថា វា​នឹង​ជួយ​ដល់​វិស័យ​ស្រូវ​អង្ករ​ក្នុង​ការរក្សា​ការប្រកួតប្រជែង និង​ការផលិត​។ លោក​បន្តថា​៖ «​យើង​រីករាយ​យ៉ាងខ្លាំង និង​ស្វាគមន៍ ដូច្នេះ​ការផលិត​របស់​យើង​នឹង​ដំណើរការ​ដោយ​រលូន​»​។

លោក ស៊ុយ សែម បញ្ជាក់​ថា​ដើម្បី​ដោះស្រាយ​កង្វះ​ថាមពល រដ្ឋាភិបាល​មាន​យុទ្ធសាស្ដ្រ​សំខាន់ៗ​ ៣​។ ទី​១ រក្សា​ទឹក​ទុក​នៅក្នុង​អាង​។ ទី​២ បង្កើន​ការនាំចូល​ថាមពល​ពី​ប្រទេស​ឡាវ និង​ថៃ ហើយ​ចុងក្រោយ​គឺ​បង្កើត​គម្រោង​អភិវឌ្ឍន៍​កាន់តែ​ច្រើន​ពី​ថាមពល​សូឡា ថាមពល​ខ្យល់ និង​រោងចក្រ​ថាមពល​ជីវម៉ាស់​។

លោក​បាន​និយាយ​យោង​ទៅដល់​ម៉ាស៊ីនភ្លើង​ ២០០ ​មេហ្គាវ៉ាត់ ​តម្លៃ​ ១៨០ ​លាន​ដុល្លារ​ ពី​ប្រទេស​ អាល្លឺម៉ង់ និង​ម៉ាស៊ីន​ថាមពល​ ២០០ ​មេហ្គាវ៉ាត់​ តម្លៃ​ ១៧៥ ​លាន​ដុល្លារ​ ពី​ប្រទេស​ ហ្វាំងឡង់ ​ថា​នឹង​ផលិត​ថាមពល​អគ្គិសនី​លើកដំបូង​ប្រហែល​ ១០០ ​មេហ្គាវ៉ាត់​ នៅ​ខែមេសា​ឆ្នាំនេះ និង​ ៣០០ ​មេហ្គាវ៉ាត់​នៅ​ខែ​មិថុនា​។

លោក​លើកឡើងថា​៖ «​យើង​ក៏បាន​នាំចូល​ថាមពល​ ៣០ ​មេហ្គាវ៉ាត់​បន្ថែម​ពី​ប្រទេស​ ថៃ និង​ ១៥០ មេហ្គាវ៉ាត់​ ពី​ប្រទេស ​ឡាវ ​បូក​នឹង​ ១៩៥ ​មេហ្គាវ៉ាត់​ ពី​ទំនប់ដនសាហុង​ដែល​បាន​តភ្ជាប់​អគ្គិសនី​ជាតិ​កាលពី​ពេល​ថ្មីៗ​នេះ និង​ថាមពល ១៥០ ​មេហ្គាវ៉ាត់​ បាន​ពី​រោងចក្រ​ដំណើរការ​ដោយ​ធ្យូងថ្ម​នៅ​ក្រុង​ព្រះសីហនុ​កាលពី​ឆ្នាំមុន​»​។

ប្រទេស ​កម្ពុជា​ បាន​នាំចូល​អគ្គិសនី​ពី​ប្រទេស​ ឡាវ ​មាន​តម្លៃ​ប្រហែល​ ៨ ​លាន​ដុល្លារ​ កាលពី​ឆ្នាំមុន​។ នេះ​បើតាម Vientiane Times ជា​ទីភ្នាក់ងារ​ព័ត៌មាន​របស់​ឡាវ​។

ប្រទេស ​កម្ពុជា ផលិត​អគ្គិសនី​ដោយ​ខ្លួនឯង​ភាគច្រើន​ចេញពី​ទំនប់​វារីអគ្គិសនី មាន​ចំនួន​ប្រហែល​ ៤៨ ​ភាគរយ និង​រោងចក្រ​ដំណើរការ​ដោយ​ធ្យូងថ្ម ដែល​មាន​ចំនួន​ប្រហែល​ ៤៧ ​ភាគរយ​ នៃ​ការផលិត​ថាមពល​។ ប្រហែល​ ១៥ ​ភាគរយ​ ត្រូវ​បាន​នាំចូល​ពី​ប្រទេស​ជិតខាង​៕LA