ភ្នំពេញៈ ការលក់សេវាកម្មទេសចរណ៍ប្រភេទ Zero-Dollar Tour កំពុងធ្វើឲ្យចំនួនភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកទស្សនាតំបន់អង្គរធ្លាក់ចុះនៅក្នុងឆមាសទី១ នៃឆ្នាំ ២០១៩។ នេះបើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍។
សេវា Zero-Dollar Tour ឬ Zero Cost tour សំដៅដល់គម្រោងសេវាទេសចរណ៍ ដែលភ្ញៀវទេសចរត្រូវបានបោកបញ្ឆោតដោយភ្នាក់ងារទេសចរណ៍ឲ្យទិញកញ្ចប់ទេសចរណ៍ក្នុងតម្លៃថោក ប៉ុន្តែពួកគេនឹងត្រូវចំណាយច្រើនទៅលើអ្វីៗ នៅក្នុងអំឡុងពេលធ្វើដំណើរ និងស្នាក់នៅរបស់ពួកគេតាមការរៀបចំរបស់ភ្នាក់ងារទេសចរណ៍នោះ។
ក្នុងពិធីបិទសិក្ខាសាលាស្ដីពីការរៀបចំផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប កាលពីសប្តាហ៍មុន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាននិយាយថា Zero-Dollar Tour កំពុងក្លាយជាចំណែកមួយដែលធ្វើឲ្យចំនួនភ្ញៀវទេសចរបរទេស មកទស្សនាខេត្តសៀមរាបធ្លាក់ចុះ។ ក្រុមហ៊ុនដែលលក់កញ្ចប់ប្រភេទ Zero-Dollar Tour គឺជាអ្នកបំផ្លាញគោលដៅទេសចរណ៍នៅខេត្តសៀមរាប។
លោកចោទសួរថា៖ «ហេតុអ្វីបានជាភ្ញៀវទេសចរ ក្នុងរយៈពេល ៦ ខែ ក្នុងខេត្តសៀមរាបធ្លាក់ចុះ? មានកត្តាជាច្រើន តែកត្តាមួយដែលយើងបានសិក្សារកឃើញ គឺដោយសារតែក្រុមអ្នករកស៊ីប្រភេទ Zero Cost tour»។
លោកបន្តថា៖ «ក្រុមអ្នករកស៊ីប្រភេទ Zero-Dollar Tour គឺជាអ្នកបំផ្លាញគោលដៅសម្រាប់វិស័យទេសចរណ៍តែម្តង មានន័យថា ពួកគាត់ធ្វើ Tour ដោយមិនយកចំណេញទេ តែគាត់យកភ្ញៀវមកដើម្បីកាប់ស៊ី តាមរយៈការលក់វត្ថុអនុស្សាវរីយ៍ ការទិញរបស់របរ ម្ហូបអាហារ និងអូតែល ដោយយកកុំមីស្យុង»។
ទង្វើរបស់ក្រុម Zero-Dollar Tour បានធ្វើឲ្យភ្ញៀវធុញទ្រាន់ និងឈប់ចង់ធ្វើដំណើរមកកម្ពុជា។ បច្ចុប្បន្នភ្ញៀវទេសចរកូរ៉េ ដែលធ្លាប់ឈរនៅលើគេក្នុងចំណោមភ្ញៀវទេសចរមកកម្ពុជា បាននាំគ្នាប្ដូរទិសដៅទៅប្រទេស វៀតណាម វិញ ព្រោះវៀតណាមមានគោលនយោបាយទេសចរណ៍ថ្មីជាច្រើន។ នេះបើតាមលោក ថោង ខុន។
របាយការណ៍របស់គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ ២០១៩ ភ្ញៀវទេសចរដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានធ្លាក់ចុះជាង ៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បាននិយាយថា Zero-Dollar Tour គឺជាកត្តាផ្សំដែលធ្វើឲ្យភ្ញៀវបរទេសមួយចំនួនមិនសប្យាយចិត្ត។ លោកបន្តថា ដោយសារការលក់កញ្ចប់សេវាកម្មទេសចរណ៍ ប្រភេទនេះទៅឲ្យភ្ញៀវមានតម្លៃថោក មានក្រុមហ៊ុនខ្លះបានបង្ខំភ្ញៀវឲ្យទិញទំនិញគុណភាពអន់តែមានតម្លៃខ្ពស់ ចូលហាងថ្លៃៗ និងទៅលេងកាស៊ីណូ ជាដើម។
លោកថ្លែងថា៖ «ផលលំបាក គឺបន្ទាប់ពីភ្ញៀវទាំងអស់នោះត្រឡប់ទៅដល់ប្រទេសគេវិញ គេនឹងនិយាយមិនល្អពីកម្ពុជា ដែលរកស៊ីលក់ផលិតផលក្លែងក្លាយ និងមានតម្លៃខ្ពស់ទៅដល់ពួកគេ»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បាននិយាយថា Zero-Dollar Tour កើតមាននៅកម្ពុជាជាង ១០ ឆ្នាំមកហើយ ហើយវាក៏បានជួយទាក់ទាញភ្ញៀវទេសចរបរទេសឲ្យធ្វើដំណើរមកកម្ពុជាផងដែរ។ លោកបានថ្លែងថា៖ «ខ្ញុំគិតថា Zero-Dollar Tour ពិតជាមានផលប៉ះពាល់ ប៉ុន្តែមិនមែនទាំងស្រុងនោះទេ ចំពោះការធ្លាក់ចុះភ្ញៀវទេសចរក្នុងខេត្តសៀមរាប»។
ទោះបីយ៉ាងនេះក្តី លោកបានអះអាងថា កម្ពុជាក៏ត្រូវតែខិតខំស្វែងរកទីផ្សារនៅតាមប្រទេសថ្មីៗឲ្យបានច្រើនផងដែរដើម្បីសម្រេចបានក្នុងការទទួលបានភ្ញៀវទេសចរបរទេសជិត ៧ លាននាក់ ក្នុងឆ្នាំ ២០១៩ នេះ៕ LA