
ភ្នំពេញៈរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងកាលពីថ្ងៃអង្គារថាប្រទេសចិនគឺជាទីផ្សារដ៏មានសក្តានុពលសម្រាប់ការនាំចេញសម្លៀកបំពាក់របស់កម្ពុជា និងផលិតផលកសិកម្មផ្សេងៗទៀត ខណៈដែលទីផ្សារដ៏ធំរបស់កម្ពុជាសហរដ្ឋអាមេរិក និងអឺរ៉ុប កំពុងធ្លាក់ចុះ។
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឲ្យដឹងនៅក្រៅកិច្ចប្រជុំស្តីពីពាណិជ្ជកម្ម និងការវិនិយោគកម្ពុជា និងចិន នៅរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញថា ទោះបីជាប្រទេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិក បានជួបបញ្ហាសេដ្ឋកិច្ចមួយចំនួនក្តី ប៉ុន្តែចិននឹងមានកំណើនសេដ្ឋកិច្ចខ្លាំងនៅលើពិភពលោក។
លោកបានលើកឡើងថា៖ «ចិនជាទីផ្សារដែលមិនអាចចៀសផុតបានឡើយ។ នៅពេលវិបត្តិសេដ្ឋកិច្ចនៅអឺរ៉ុប ឬតំបន់ផ្សេងៗទៀតនៅតែកើតឡើង ប្រទេសចិននៅតែមានប្រាក់ ដោយសារតែសេដ្ឋកិច្ចរបស់ចិននៅតែមានកំណើនខ្ពស់ប្រហែល៧ភាគរយ ដូច្នេះចិននៅតែជាប្រទេសដ៏សំខាន់ក្នុងការជំរុញឲ្យមានកំណើនសេដ្ឋកិច្ចនៅលើពិភពលោក»។
ប្រទេសចិនបានវ៉ាជប៉ុនដោយដណ្តើមយកតំណែងជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរនៅលើពិភពលោកបន្ទាប់ពីអាមេរិកកាលពីឆ្នាំ២០១១។
លោកចម ប្រសិទ្ធ បានថ្លែងថា៖ «ដូចដែលលោកសង្កេតឃើញថា សេដ្ឋកិច្ចចិន ស្ថិតនៅលំដាប់ទីពីរ ខ្ពស់ជាងជប៉ុន និងបន្ទាប់ពីសហរដ្ឋអាមេរិក ដូច្នេះទីផ្សារចិនជាទីផ្សារដ៏ធំ ហើយពួកគេមានប្រាក់ជាច្រើន។យើងអាចផលិតសម្លៀកបំពាក់ និងវាយនភ័ណ្ឌមួយចំនួនសម្រាប់នាំចេញទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិក ប៉ុន្តែនៅពេលពួកគេមានវិបត្តិ យើងអាចនាំចេញទៅចិនដោយមិនគិតថ្លៃពន្ធ»។
លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញថា ឧស្សាហកម្មនេះកំពុងព្យាយាមនាំចេញសម្លៀកបំពាក់កាន់តែច្រើន ទៅកាន់ទីផ្សារចិន ដោយសារតម្រូវការនៅលើទីផ្សារចាស់បានថយចុះ។
ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងចិន បានឈានដល់ ២,៥ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១១ ខណៈដែលមេដឹកនាំប្រទេសទាំងពីរបានសន្យាបង្កើនទំហំពាណិជ្ជកម្មឲ្យបានទ្វេដង នៅឆ្នាំ២០១៧។
លោក ចម ប្រសិទ្ធ បានឲ្យដឹងថា កម្ពុជាមានប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មជាច្រើនដែលអំណោយផល សម្រាប់ការនាំចេញដោយមិនបង់ពន្ធ។
លោកបានបន្ថែមថា៖ «នាយករដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីមធ្យោបាយជាច្រើន ដើម្បីជួយគ្នាទៅវិញទៅមកក្នុងការលើកកម្ពស់ការនាំចេញ និងការវិនិយោគពីប្រទេសចិន មកកម្ពុជា»។
លោកបន្ថែមថា៖ «វាជាឱកាសដ៏អស្ចារ្យសម្រាប់កម្ពុជា ក្នុងការនាំចេញទៅកាន់ទីផ្សារនៅចិន។ ទន្ទឹមនឹងនេះដែរ ប្រទេសចិនអាចមកទិញ ឬផលិតផលិតផលមួយចំនួន នៅទីនេះ និងនាំចេញទៅវិញ»។
ទិន្នន័យដែលទទួលបានពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា រដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងវិនិយោគ៩,០៥ពាន់លានដុល្លារអាមេរិក មកពីប្រទេសចិនគិតចាប់តាំងពីឆ្នាំ១៩៩៤ រហូតដល់ចុងខែកក្កដា ឆ្នាំ២០១២។
ការវិនិយោគភាគច្រើនមកពីប្រទេសចិន មានក្នុងឧស្សាហកម្មកាត់ដេរ ការរុករករ៉ែ វិស័យកសិកម្ម និងរោងម៉ាស៊ីនកិនស្រូវ។
យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មការនាំចេញសរុបរបស់កម្ពុជាបានកើនឡើងតែជាង១០ភាគរយប៉ុណ្ណោះក្នុងរយៈពេល៩ខែឆ្នាំនេះបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ CS