ភ្នំពេញ៖ រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​បាន​លើក​ឡើង​នា​ពេល​​ថ្មី​ៗ​នេះ​ថា ក្រសួង​មួយ​ចំនួន​ដែល​មាន​​តួនាទី​ទាក់ទង​នឹង​វិស័យ​កសិកម្ម​គួរ​ត្រូវ​បាន​​ច្របាច់​​​​ បញ្ចូល​គ្នា​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ ដោយ​សារ​​​ថា ​ការ​បន្ត​​ស្ថិត​​នៅ​ដាច់​​ដោយ​ឡែក​ពី​គ្នា​ដូច​បច្ចុបុ្បន បាន​ធ្វើ​ឲ្យ​​បញ្ហា​ក្នុង​វិស័យ​កសិកម្ម​​​ពិបាក​ដោះ​ស្រាយ។

លោក ​វេង ​សាខុន ​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​កិច្ច​សម្ភាសន៍​តាម​​ទូរស័ព្ទ​កាល​ពី​ចុង​សប្តាហ៍​មុន​ថា​ កសិកម្ម​កម្ពុជា​កំពុង​​​​ប្រឈម​បញ្ហា​​ជា​ច្រើន​ ហើយ​បញ្ហា​ទាំង​នោះ​ត្រូវ​ការ​ដោះ​ស្រាយ​ជា​ប្រព័ន្ធ​ដែល​ត្រូវ​ការ​ការ​ចូល​រួម​ពី​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន។

លោក​បន្ត​ថា ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​​​ក្រសួង​សំខាន់​ៗ​មួយ​ចំនួន​​ដើម្បី​រួម​ការងារ​ជា​ធ្លុង​មួយ​អាច​ជា​ជម្រើស​ល្អ ហើយ​គួរ​កើត​ឡើង​នា​ពេល​ខាង​មុខ។​

លោក​ថ្លែង​ថា​៖​ «​ពី​ដើម​ យើង​គិត​ថា​មាន​គ្នា​ច្រើន​ជួយ​គ្នា ប៉ុន្តែ​ដល់​តែ​ក្រសួង​នីមួយ​ៗ​ឯករាជ្យ​រៀង​ៗ​ខ្លួន​ទៅ វា​អត់​ស៊ី​ចង្វាក់​គ្នា ដើម្បី​ឆ្លើយ​តប​នឹង​គោល​ដៅ​មួយ​ គោល​ដៅ​ពិត​ប្រាកដ​ដែល​ទីផ្សារ​ចង់​បាន»​។

លោក​ សា​ខុន​ បន្ត​ថា​ វិ​ស័យ​កសិកម្ម​កម្ពុជា​​បាន​ឈាន​មួយ​ជំហាន​ពី​ការ​ផលិត​សម្រាប់​ការ​ហូប​ចុក​របស់​ប្រជាជន​ក្នុង​ស្រុក​ដើម្បី​រក្សា​សន្តិសុខ​ស្បៀង​ ទៅ​ជា​វិស័យ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច ដែល​ទាម​ទារ​ឲ្យ​មាន​ការ​បង្កើត​គោល​នយោបាយ​ជាក់​លាក់​ និង​ប្រព័ន្ធ​​ការងារ​រួម​មួយ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព។

លោក​បន្ត​ថា​៖​ «​​កាល​ពី​មុន​ យើង​ចេះ​តែ​ធ្វើ​ [នៅ​ដោយ​ឡែក​ពី​គ្នា​] បាន​ហើយ​ដោយ​សារ​យើង​ធ្វើ​គ្រាន់​តែ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​សន្តិសុខ​ស្បៀង។ តែ​ដល់​ដំណាក់​កាល​នេះ​គឺ​ ទាមទារ​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​ស្រួច​ទៅ​មុខ​ រឿង​ឆ្លើយ​តប​ទីផ្សារ​ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច។ ដូច្នេះ​យើង​ត្រូវ​ធ្វើ​ការ​ដោយ​ពិចារណា​គ្រប់​ជ្រុង​ជ្រោយ​ទាំង​អស់។ មុន​នឹង​ដាំ​អ្វី​មួយ​ តើ​ទីផ្សារ​យ៉ាង​ម៉េច? តើ​ឃ្លាំង​ស្តុក​ត្រូវ​រៀបចំ​ស្តង់ដារ​យ៉ាង​ម៉េច?​ ដូច្នេះ​យើង​ត្រូវ​ការការ​ធ្វើ​ការ​មួយ​ដែល​មាន​ឯក​ភាព​គ្នា​ខ្លាំង​ណាស់​ ដើម្បី​ឈាន​ទៅ​ឆ្លើយ​តប​ទៅ​កាន់​ទីផ្សារ»​។

លោក​ សា​ខុន​ មិន​បាន​បញ្ជាក់​ចំ​ៗ​ថា​តើ​ក្រសួង​សំខាន់​ៗ​ណា​ខ្លះ​នៅ​កម្ពុជា​ដែល​គួរ​ច្របាច់​បញ្ចូល​គ្នា​នោះ​ទេ តែ​លោក​បាន​លើក​ឧទាហរណ៍​ជា​គំរូ​ពី​ប្រទេស​ដែល​ទទួល​ជោគជ័យ​ខាង​វិស័យ​កសិកម្ម​ ដែល​គេ​បាន​ច្របាច់​បញ្ចូល​គ្នា​ ភ្នាក់ងារ​រដ្ឋាភិបាល​ ៣ គឺ ក្រសួង​​​អភិវឌ្ឍន៍​ជន​បទ ក្រសួង​ធនធាន​ទឹក និងក្រសួង​កសិកម្ម។​

បញ្ហា​ភាព​មិន​ស៊ី​ចង្វាក់​គ្នា​របស់​ភ្នាក់ងារ​រដ្ឋាភិបាល​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ក្នុង​វិស័យ​កសិកម្ម​ ត្រូវ​បាន​លើក​​ឡើង​ជា​ញឹក​ញាប់​ពេល​មាន​បញ្ហា​បាន​​​កើត​ឡើង និង​បន្ត​អូស​បន្លាយ​។ ​

លោក​បន្ត​ថា​ បញ្ហា​តម្លៃ​កសិផល​ធ្លាក់​ចុះ និង​តម្លៃ​សត្វ​ចិញ្ចឹម​ធ្លាក់​ចុះ​ត្រូវ​បាន​លើក​ឡើង​ជា​ញឹកញាប់​ពី​កសិករ ហើយ​ជា​ទូទៅស្ថាប័ន​រដ្ឋាភិបាល​តែង​រុញ​ការ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នោះ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​។​

លោក យ៉ង់ សាំង​កុមារ ប្រធាន​គណៈ​កម្មការ​នាយក​​នៃ​​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន និង​ជា​អ្នក​ជំនាញ​ផ្នែក​កសិកម្ម​ ១ ​រូប បាន​លើក​ឡើង​ថា​ ការ​លើក​ឡើង​ថា ​ការ​លើក​គំនិត​ក្នុង​ការ​ច្របាច់​បញ្ចូល​គ្នា​ស្ថាប័ន​មួយ​ចំនួន​ដើម្បី​ប្រសិទ្ធភាព​វិស័យ​កសិកម្ម​​ពិត​ជា​បាន​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​ជាក់​ស្តែង​​។

លោក​ថ្លែង​ថា​៖ ​«​យើង​មាន​ស្ថាប័ន​ច្រើន មាន​មន្រ្តី​ច្រើន ប៉ុន្តែ​ប្រសិទ្ធ​ភាព​ការងារ​នៅ​ទាប ហើយ​ប្រសិន​បើ​យើង​​មិន​កែ​ទម្រង់​ទេ កសិកម្ម​យើង​នៅ​តែ​ដើរ​អត់​ទាន់​គេ​អ៊ីចឹង»​។

លោក​បន្ត​ថា​៖​ «​ការ​ធ្វើ​ការងារ​ពាក់ព័ន្ធ​មួយ ដល់​​ពេល​មាន​មេ​ច្រើន មាន​ក្បាល​ម៉ាស៊ីន​ច្រើន វាបង្ក​ការ​​ពិបាក និង​ស្មុគស្មាញ។ អ៊ីចឹង​បើ​យើង​មាន​ថ្នាក់​ដឹកនាំ​រួម​គ្នា​វិញ ប្រសិទ្ធភាព​ការងារ​អាច​នឹង​​កើន​ឡើង សម្រេច​លទ្ធផល​បាន​ច្រើន និង​កាត់​បន្ថយ​ការ​ចំណាយ»។

លោក ចាន់ ដារ៉ុង អ្នក​នាំ​ពាក្យ​ក្រសួង​​អភិវឌ្ឍន៍​ជន​បទ កាល​ពី​ម្សិលមិញ​បាន​លើក​ឡើង​ថា​ ការ​សម្រេច​ទាក់​​​ទង​នឹង​ការ​ចាត់​ចែង​គ្រប់គ្រង​ក្រសួង​ស្ថាប័ន​ គឺ​ស្ថិត​ក្នុង​កម្រិត​នៃ​ការ​​សម្រេច​​របស់​រដ្ឋាភិបាល​។​

យ៉ាង​ណា​ក៏​ដោយ លោក​ ដារ៉ុង បញ្ជាក់​ថា​ តួនាទី​​​ក្រសួង​អភិវឌ្ឍន៍​ជនបទ នៅ​បន្ត​សារៈ​សំខាន់​សម្រាប់​​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ​។

លោក​បន្ត​ថា​ ផ្លូវ​ជនបទ​កម្ពុជា​មាន​ប្រវែង​​សរុប​ជាង​ ៤៥ ០០០ គីឡូ​ម៉ែត្រ ហើយ​ទើប​សាងសង់​ជា​ផ្លូវ​កៅស៊ូ ឬ ផ្លូវ​មាន​គុណភាព​បាន​តិច​តួច​នៅ​ឡើយ​ ដែល​ទាមទារ​ឲ្យ​មាន​តួនាទី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ក្នុង​ការ​បន្ត​រួម​ចំណែក​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​នេះ​ឲ្យ​កាន់​តែ​ល្អ​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​កសិករ​ក្នុង​ការ​ដឹក​ជញ្ជូន​កសិផល និង​បង្កើន​​​តម្លៃ​ទី​ផ្សារ។ ​

លោក​​បន្ត​ថា​៖​ ​«​យើង​​មាន​ក្រសួង​ផ្សេង​ៗ​គ្នា​ហ្នឹង​ ដើម្បី​បំ​ពេញ​ភារកិច្ច​ឲ្យ​បាន​ច្រើន​ព្រម​ៗ​គ្នា ដើម្បី​ផ្តល់​សេវា​ល្អ​ដល់​ប្រជាជន​តាម​តំបន់​ជន​បទ»​។

លោក​បញ្ជាក់​ថា​៖​​​ «​បច្ចុប្បន្ន​នេះ​​ក្រសួង​អភិវឌ្ឍន៍​ជនបទ​មាន​តួនាទី​សំខាន់​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ ដើម្បី​លើក​កម្ពស់​កម្រិត​ជីវភាព​​ប្រជាជន​​»៕