ភ្នំពេញៈ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម​ លោក​ ប៉ាន សូរ​ស័ក្តិ​ បាន​បន្ត​សន្យា​ថា​នឹង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​​សហគ្រាស​ធុន​តូច ​និង​មធ្យម (​SME​​) ដើម្បី​​​អភិវឌ្ឍ​ទីផ្សារ​វិ​ស័យ​នេះ​​ ជា​អ្វី​ដែល​​​តំណាង SME​ នៅ​កម្ពុជា​​លើក​ឡើង​ថា ​ជា​ការ​សន្យា​ដដែល​ៗ ខណៈ​បញ្ហា​​របស់​សហគ្រិន​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ។ ​

ការ​លើក​ឡើង​របស់ ​លោក​ ប៉ាន​ សូរ​ស័កិ្ដ រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជ​កម្ម ធ្វើ​ឡើង​ក្នុង​​ពិធី​បុណ្យ​សមុទ្រ​លើក​ទី ៧ នៅ​ខេត្ត​​កោះកុងកាល​ពី​ចុង​សប្ដាហ៍​មុន​ ដែល​ស្ដង់​លក់​ ទំនិញ​​​កម្ពុជា​ចំនួន ​១០៣​ កំពុង​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង ​ពិព័រណ៍​ក្នុង​ព្រឹត្តិការណ៍​​នេះ​​។​

សេចក្ដី​ប្រកាស​ព័ត៌​មាន​បាន​ពី​ក្រសួង​​ពាណិជ្ជ​កម្ម (MoC) បាន​ឲ្យ​ដឹង​​នៅ​លើ​គេហ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​ថា លោក ​សូរស័កិ្ដ​ បាន​ប្រកាស​ថា លោក​នឹង​ដោះ​ស្រាយ​បញ្ហា​​ប្រឈម​សម្រាប់ ​SME សម្រាប់​អត្ថ​ប្រយោជន៍​របស់​កសិករ ​និង​ក្រុម​ហ៊ុន​ផលិត​ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ក្បាល​ម៉ាស៊ីន​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ​ដូច​ដែល​​បាន​​កំណត់ រួច​ហើយ​នៅ​ក្នុង​យុទ្ធ​សាស្ដ្រ​ចតុ​កោណ​ដំណាក់​កាល​ទី ៤ ​របស់​រដ្ឋាភិបាល។​

ទោះ​បី​ជា​មិន​បាន​បង្ហាញ​ផែន​ការ​ពិត​ប្រាកដ ​ក្នុង​ការ​ជួយ​ដល់​វិស័យ​ SME ​ក៏​ដោយ ក៏​លោក ​សូរស័​កិ្ដ ជំរុញ​ក្រុមហ៊ុន​ផលិត​ និង​ពាណិជ្ជ​ករ​ត្រូវ​លើក​ឡើង​មតិ​យោ​បល់​ និង​ការ​ផ្ដល់​យោបល់​ដើម្បី​កែ​លម្អ​បញ្ហា​ទីផ្សារ ​ដើម្បី​ឲ្យ​ក្រសួង​​នឹង​ចេញ​ផ្សាយ​ការ​វាស់វែង​ពិត​ប្រាកដ​ដើម្បី​កែ​លម្អ​បញ្ហា​នេះ​។​

លោក​ ស៊ាង​ ថៃ អ្នក​នាំ​ពាក្យ​របស់​ MoC បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ក្រសួង​នឹង​ជួយ​សម្រួល​នីតិ​វិធី​ធ្វើ​ពាណិជ្ជ​កម្ម ដើ​ម្បី​កាត់​បន្ថយ​នីតិ​វិធី​ស្មុគស្មាញ ក្នុង​ការ​ធ្វើ​ពាណិជ្ជ​កម្មសម្រាប់​ SME និង​ការ​បង្កើន​ការ​ចរចា​អំពី​វិញ្ញា​បន​បត្រ​​អនាម័យ​ និង​ភូត​គាម​អនា​ម័យ​ (SPS)​ ដើម្បី​បង្កើន​សមត្ថ​ភាព​ប្រកួត​ប្រជែង​របស់​SME នៅ​ក្នុង​ប្រទេស​ កម្ពុជា​។​

លោក​ថ្លែង​ថា​៖ «​បញ្ហា​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​បច្ចុប្បន្ន​ លែង​ជា​បញ្ហា​នៃ​ពន្ធ​នាំចូល​​ដូច​ជា​ពន្ធ​គយ​ដូច​មុន​ទៀត​ហើយ ​ប៉ុន្តែ​គឺ​បញ្ហា​​​អនាម័យ​ ដូច​ជា​បញ្ហា SPS»។ លោក​បន្ថែម​ថា ទីផ្សារ​ជា​ច្រើន​ប្រើ​ប្រាស់​ SPS ជា​ឧបសគ្គ​ក្នុង​ការ​បន្ថយ​ល្បឿន​ការ​ នាំ​ចេញ​​​ពី​​ប្រទេស​ជា​ច្រើន​ ហើយ​ SME របស់​កម្ពុជា មាន​ការ​ពិបាក​​ក្នុង​ការ​ឆ្លើយ​តប​​តាម​តម្រូវ​ការ​រឹត​បន្តឹង​ SPS នៅ​ក្នុង​ប្រទេស​មួយចំនួន​។ ​

លោក​បាន​បញ្ជាក់​ទៀត​ថា​៖ «យើង​កំពុង​ចរចា​ជា​មួយ​ប្រទេស​ជា​ច្រើន​ ដើម្បី​កាត់​បន្ថយ​​បញ្ហា​ SPS ហើយ​វា​​នឹង​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​​ SME របស់​កម្ពុជា​»​។​

បញ្ហា​ប្រឈម​មួយ​ចំនួន​មាន​នៅ​ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហ​កម្ម និង​ SME នៅ​ក្នុង​ប្រទេស​ កម្ពុជា ដែល​រួម​មាន​​ផលិត​ភាព​ទាប តម្លៃ​ធ្វើ​ពាណិជ្ជ​កម្ម​​ខ្ពស់​ លំហូរ​ចូល​ច្រើន​នៃ​ទំនិញ​សម្រេច​​មក​ពី​បរទេស​ ដែល​កម្រិត​សក្ដា​នុពល​កំណើន​ SME ក្នុង​ស្រុក​​។​

លោក ​តែ ​តាំង​ប៉រ ​ប្រធាន​សម្ព័ន្ធ​សមា​គម​សហ​គ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​​ (Fasmec) បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ​លោក​មាន​សង្ឃឹម​បន្តិច​បន្តួច​លើ​ការ​សន្យា​របស់​​​រដ្ឋ​មន្ដ្រី​ MoC ដោយ​លើក​ឡើង​ថា​ និយាយ​តែ​មាត់​ម្ដង​ហើយ​ម្ដង​ទៀត​ ប៉ុន្តែ​វិធាន​ការ​តិច​តួច​ ក្នុង​ការ​ដោះស្រាយ​​បញ្ហា​ពិត​ប្រាកដ​ និង​បញ្ហា​ប្រឈម​នៅ​ក្នុង ​SME របស់​កម្ពុជា​។​​

លោក តែ ​តាំងប៉រ​ ដែល​សម្ព័ន្ធ​របស់​​លោក​​មាន​សមា​ជិក​ជាង​ ៣០០ និង​​ការិយាល័យ​ ២៥ នៅ​ទូ​ទាំង​ប្រទេស​ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា បាន​កំណត់​យ៉ាង​ច្បាស់​ពី​ផែន​ការ​សកម្ម​ភាព​ ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​​របស់​ SME កម្ពុជា ​នៅ​ក្នុង​យុទ្ធ​សាស្ដ្រ​ចតុកោណ​ និង​គោល​នយោ​បាយ​អភិវឌ្ឍន៍​​ឧស្សាហ​កម្ម​ឆ្នាំ ២០១៥​-២០២៥​ ប៉ុន្តែ​​គោល​នយោ​បាយ​នេះ​​មិន​បាន​ អនុវត្ត​ដោយ​ត្រឹម​ត្រូវ​នោះ​ទេ​។​

លោក​ថ្លែង​ថា​៖ «​វា​ជា​ពាក្យ​ដែល​ [រដ្ឋមន្ដ្រី​] បាន​និយាយ​​ច្រើន​​អាណត្តិ​មក​ហើយ ប៉ុន្តែ​បញ្ហា​ដដែល​នៅ​តែ​កើត​ឡើង​។ គោល​នយោបាយ​​បា​ន​ពី​នាយករដ្ឋ​មន្ដ្រី​គឺ​ល្អ​គ្រប់​គ្រាន់ ប៉ុន្តែ​វា​មិន​ត្រូវ​បាន​ដំណើរ​ការ​ត្រឹម​ត្រូវ​​ទេ​»​​។​

លោក​បន្ថែម​ថា ​ផលិត​ផល​សម្រេច​មក​ពី​ប្រទេស​ជិត​ខាង​ នៅ​តែ​កំពុង​ជោរជន់​នៅ​​ក្នុង​ប្រទេស​ កម្ពុជា ដោយ​គ្មាន​តម្លៃ​ពន្ធ​នាំ​ចូល​ត្រឹម​ត្រូវ​ ហើយ​វា​គ្រោះថ្នាក់​ខ្លាំង​ដល់​ការ​ផលិត​របស់ SME ក្នុង​ស្រុក​។ លោក​បន្ថែម​ថា ក្រសួង​​បាន​អនុញ្ញាត​ឲ្យ​មាន​លំហូរ​ចូល​ទំនិញ​បរទេស​យ៉ាង​ច្រើន​ស្ថិត​​ក្រោម​មូល​ហេតុ​ពាណិជ្ជ​កម្ម​សេរី​ដែល​វា​​​​ប៉ះពាល់​ដល់​កំ​ណើន​របស់​​ SME ក្នុង​ស្រុក​។​

លោក​បន្ត​ថា​៖ «​ខ្ញុំ​ផ្ដល់​យោបល់​ដល់​លោក​រដ្ឋមន្ដ្រី​ ត្រូវ​សម្លឹង​​មើល​គោល​នយោ​បាយ​របស់​​រដ្ឋា​ភិបាល​ ដែល​អនុម័ត​​ពី​លោក​​នាយក​រដ្ឋ​មន្ដ្រី​ ក្នុង​ការ​កាត់​បន្ថយ​​​ផលិត​​ផល​សម្រេច​​ពី​ប្រទេស​ជិត​​ខាង​ និង​ជំរុញ​​ការ​កែច្នៃ​ការ​​ផលិត​ដែល​ត្រូវ​បាន​កំណត់ នៅ​​ក្នុង​​គោល​នយោ​បាយ​អភិវឌ្ឍន៍​ឧស្សាហ​កម្ម​ឆ្នាំ ២០១​៥​​-​២០២៥»។​

លោក​បន្ថែម​ថា បើ​​អាច​អនុវត្ត​តាម​គោល​នយោ​បាយ​របស់​​រដ្ឋា​ភិបាល​ គឺ​គ្រប់​គ្រាន់​ ហើយ​វា​​មាន​​ប្រយោជន៍​ជា​ជាង​គ្រាន់​តែ​និយាយ​​ដោយ​​មិន​មាន​វិធាន​ការ​នោះ៕​LA