ភ្នំពេញៈ រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ (PPWSA) ​ដែល​ជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា និង​ក្រុមហ៊ុន​បារាំង Vinci Construction Grands Projects សម្រេចបាន​កិច្ចព្រមព្រៀង​មួយ​មាន​តម្លៃ​ ១៥៦ ​លាន​ដុល្លារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សម្រាប់​ការសាងសង់​រោងចក្រ​ផលិត​ទឹកស្អាត​បាក់ខែង ដើម្បី​ឆ្លើយតប​កំណើន​តម្រូវការ​យ៉ាង​រហ័ស​នៃ​ទឹកស្អាត​នៅ​ទីក្រុង​ភ្នំពេញ​។

ការសាងសង់​នេះ​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​វិនិយោគ​ប្រកប​ដោយ​មហិច្ឆតា​ដោយ PPWSA និង​ក្នុង​គោលបំណង​គាំទ្រ​កំណើន​ទីក្រុង​ភ្នំពេញ ដែល​សមត្ថភាព​ផលិត​ត្រូវ​បាន​កើនឡើង​ជិត​ ២ ​ដង​រួចហើយ​នៅ​ចន្លោះ​ឆ្នាំ​ ២០១២ និង​ឆ្នាំ​ ២០១៧ ជាមួយ​នឹង​រោងចក្រ​ផលិត​ទឹកស្អាត​ចំការមន ដែល​មាន​សមត្ថភាព​ផលិត​ ៥៥ ០០០ ម៉ែត្រគុប ​ក្នុង​មួយ​ថ្ងៃ​ទើប​ត្រូវ​បាន​បញ្ចប់​។

រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី​នេះ​នឹង​បង្កើន​សមត្ថភាព​ផលិត​របស់​ខ្លួន​ពី ៦០០ ០០០ ​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ បច្ចុប្បន្ន​ដល់​ប្រហែល ១ ០០០ ០០០ ​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​ក្នុង​ឆ្នាំ​ ២០២៤​។

រោងចក្រ​ផលិត​ទឹកស្អាត​បាក់ខែង​ (WPF) ត្រូវ​បាន​សាងសង់​ ២ ​ដំណាក់កាល ដែល​អាច​ផលិត​បាន​ក្នុង​សមត្ថភាព​ពាក់កណ្ដាល​នៅ​ដើម​ឆ្នាំ ​២០២២​។ កិច្ចព្រមព្រៀង​នេះ​គ្របដណ្ដប់​លើ​ការសាងសង់​ដំណាក់កាល​ទី​ ១ និង​រួមមាន​ជម្រើស​សម្រាប់​ការសាងសង់​ដំណាក់កាល​ទី​ ២ សម្រាប់​ចំនួន​ទឹកប្រាក់​បន្ថែម​ ៤៥ ​លាន​ដុល្លារ​។

ការផ្ដល់​ហិរញ្ញប្បទាន​របស់​គម្រោង​នេះ​ត្រូវ​បាន​ចរចា​កាលពី​ឆ្នាំ​ ២០១៨ និង​ត្រូវ​បានផ្ដល់​ដោយ​ទឹកប្រាក់​ជាច្រើន​ដោយ​ទីភ្នាក់ងារ​ហិរញ្ញវត្ថុ​ ២ ​គឺ​ធនាគារ​វិនិយោគ​អឺរ៉ុប (EIB) និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ប្រទេស​បារាំង (AFD) ដែល​បានផ្ដល់​កម្ចី​រៀងៗ​ខ្លួន​ចំនួន​ ១០០ ​លាន​ដុល្លារ និង​ ៨៥ ​លាន​ដុល្លារ ដល់​រដ្ឋាភិបាល​កម្ពុជា ហើយ​ផ្នែក​នៅ​សល់​បាន​ពី PPWSA​។

លោក សឹម ណារ៉ា ប្រធាន​ក្រុមប្រឹក្សាភិបាល PPWSA បាន​ឲ្យ​ដឹង​នៅក្នុង​ពិធី​ចុះហត្ថលេខា​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថា​ការចុះហត្ថលេខា​នេះ​សម្រាប់​ការសាងសង់​រោងចក្រ​ផលិត​ទឹកស្អាត​បាក់ខែង​ក្នុង​ដំណាក់កាល​ទី​ ១ គឺជា​ការអនុវត្ត​ផែនការ​សកម្មភាព​ដំណាក់កាល​ទី​ ២​។

លោក​ថ្លែងថា​៖ «​ការសាងសង់​រោងចក្រ​ផលិត​ទឹកស្អាត​បាក់ខែង​ដំណាក់កាល​ទី​ ១ មាន​បំណង​ផ្គត់ផ្គង់​ដល់​ពហុកីឡដ្ឋាន​មរតក​តេជោ​ដែល​ទើបនឹង​បង្កើតឡើង​ថ្មីៗ នៅ​ស្រុក​មុខ​កំពូល​ខេត្តកណ្ដាល និង​តំបន់​ជាយក្រុង​មួយ​ចំនួន​នៃ​ទីក្រុង​ភ្នំពេញ​នៅ​ភាគ​ខាងលិច​ដោយ​មាន​ប្រជាជន ៥០០ ០០០ ​នាក់​»​។

ការសាងសង់​រោងចក្រ​ផលិត​ទឹកស្អាត​នេះ​នឹង​ចាប់ផ្ដើម​នៅ​ចុង​ខែ​វិច្ឆិកា និង​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​លោក ណារ៉ា​។

លោកស្រី Eva Nguyen Binh ឯកអគ្គរាជទូត​បារាំង​បាន​ឲ្យ​ដឹងថា ពិធី​ចុះហត្ថលេខា​នេះ​កំពុង​ឆ្លុះបញ្ចាំង​ពី​ការប្ដេជ្ញាចិត្ត​រួម​រវាង​ធនាគារ​វិនិយោគ​អឺរ៉ុប និង AFD របស់​ប្រទេស​បារាំង ដើម្បី​រួមចំណែក​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា​។

លោកស្រី​ថ្លែង​ថា​៖ «​រោងចក្រ​ផលិត​ទឹកស្អាត​គឺជា​សមិទ្ធផល​ដ៏សំខាន់​មួយ​របស់ PPWSA និង Vinci ក្នុង​ការអភិវឌ្ឍ​វិស័យ​ទឹកស្អាត ហើយ​យើង​អបអរសាទរ​ការពង្រីក​វិស័យនេះ​ក្នុង​ការផ្ដល់​ដល់​ប្រជាជន​កាន់តែ​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​»​។

លោកស្រី​បន្ថែម​ថា​ ជាមួយ​នឹង​វត្តមាន​របស់​ធនាគារ​វិនិយោគ​អឺរ៉ុប និង AFD ចូលរួម​ជា​កម្លាំង​សម្រាប់​គម្រោង​នេះ វា​ឆ្លុះបញ្ចាំង​ពី​ការប្ដេជ្ញាចិត្ត​របស់ EU និង​ប្រទេស​បារាំង​ក្នុង​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​៕LA