
ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PPWSA)នឹងបែងចែកភាគលាភដល់ភាគហ៊ុនិកនៅថ្ងៃទី១០ខែនេះចាប់តាំងពីក្រុមហ៊ុននេះបានឡើងផ្សារហ៊ុនមក។សេចក្តីប្រកាសពី PPWSA បានឲ្យដឹងថាភាគលាភនេះនឹងត្រូវបានបែងចែកជាសាច់ប្រាក់ក្នុងអត្រាប្រចាំឆ្នាំអនុបាតនៃការបែងចែកភាគលាភ៧ភាគរយជាមួយនឹងភាគលាភសរុបដែលត្រូវបែងចែកមាន២ ៤០៩ ១៥៦ ៥៨៧,៤០ រៀល និងខណៈភាគលាភក្នុងមួយហ៊ុនមាន ២៧,៧០រៀល។
សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងថា៖ «ភាគហ៊ុនិកដែលមានសិទ្ធិទទួលបានភាគលាភដូចបានកំណត់ខាងលើជាអ្នកដែលមានឈ្មោះក្នុងបញ្ជីភាគហ៊ុនផ្លូវការដែលនឹងរៀបចំឡើងនៅថ្ងៃទី១០ មេសា ២០១៣»។
ភាគហ៊ុនិកដែលលក់ភាគហ៊ុននៅថ្ងៃទី៩ ខែមេសាក៏នៅតែមានសិទ្ធិទទួលបានភាគលាភដែរប៉ុន្តែភាគហ៊ុនិកដែលទិញភាគហ៊ុននៅថ្ងៃទី៩ ខែមេសា មិនមានសិទ្ធិទទួលភាគលាភនេះទេ។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថាការទូទាត់ភាគហ៊ុននឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែមេសាដល់ថ្ងៃទី៣ខែឧសភាជារៀងរាល់ថ្ងៃធ្វើការ។ ក្នុងករណីមានភាពមិនត្រឹមត្រូវក្នុងការទូទាត់ភាគលាភខាងលើភាគហ៊ុនិកទាំងអស់អាចធ្វើការតវ៉ាចាប់ពីថ្ងៃទី៦ ខែឧសភាដល់ថ្ងៃទី១៧ខែឧសភា រៀងរាល់ថ្ងៃធ្វើការ។
លោក ស៊ីម ស៊ីថា អគ្គនាយក PPWSA និយាយថាការបែងចែកភាគលាភនឹងធានាដល់វិនិយោគិននិងភាគហ៊ុនិកសម្រាប់ការវិនិយោគលើការទិញមូលបត្ររបស់ PPWSA។
លោកបន្តថា៖ «ខ្ញុំគិតថាវាជាដំណឹងល្អមួយសម្រាប់ភាគហ៊ុនិករបស់យើងដែលអាចរកប្រាក់ចំណេញដើម្បីបែងចែកភាគលាភដល់ពួកគេ។ យើងមានក្ដីរីករាយក្នុងការផ្ដល់ឲ្យពួកគេនូវភាគលាភជាសាច់ប្រាក់ដែលបានយល់ព្រមដោយក្រុមប្រឹក្សានាយក។ យើងមានយន្តការរបស់យើងក្នុងការបែងចែកភាគលាភដល់ភាគហ៊ុនិក របស់យើង។ ការបែងចែកភាគលាភនេះមិនគ្រាន់តែផ្អែកលើប្រាក់ចំណូលរបស់យើងប៉ុណ្ណោះទេយើងមានគោលការណ៍ជាច្រើនទៀតសម្រាប់ការបែងចែកនោះ»។
លោកបន្ថែមថាមុនពេលធ្វើការសម្រេចចិត្តផ្ដល់ភាគលាភនេះគឺមានការប្រជុំជាមួយក្រុមប្រឹក្សានាយកហើយក្រុមប្រឹក្សាឯករាជ្យតំណាងឲ្យភាគហ៊ុនិកទាំងនោះពិភាក្សាស្ដីពីតើចំនួនច្រើនប៉ុន្មាននឹងផ្ដល់និងចំនួនប៉ុន្មានរក្សាទុកសម្រាប់វិនិយោគថាថ្មីម្ដងទៀត។
លោក ស្វាយ ហៃប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យួរឹធីភីអិលស៊ីសាទរជាមួយនឹងការបែងចែកនេះ។ លោកបន្តថា៖ «វាមានសញ្ញាវិជ្ជមានបញ្ជាក់ថាប្រតិបត្តិការរបស់ក្រុមហ៊ុនគឺល្អហើយវានឹងផ្ដល់ប្រាក់ចំណេញសម្រាប់ភាគហ៊ុនិកទាំងនោះនិងអនុញ្ញាតឲ្យពួកគេវិនិយោគកាន់តែច្រើនក្នុងទីផ្សារនេះ។ ប្រការនេះវានឹងទាក់ទាញវិនិយោគិនថ្មីៗជាច្រើនទៀតមកចូលរួម»។
លោក លីម អាន ប្រធានភ្នាក់ងារផ្ទេរប្រាក់អេស៊ីលីដា ស៊ីឃ្យួរឹធី និងភ្នាក់ងារទូទាត់ប្រាក់បាននិយាយថាលោកមិនទាន់បានបញ្ចប់បញ្ជីរបស់ភាគហ៊ុនិកទាំងនេះទេរហូតមកដល់កាលបរិច្ឆេទចុះបញ្ជីនេះ៕ PB