ភ្នំពេញ៖ ប្រទេស​កម្ពុជា ដោយ​មាន​ការ​សហការ​ពី​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក (WEF) បាន​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវ​ការ​នូវ​ប្រព័ន្ធ​ទិន្នន័យ​ស្តីពី​សន្ធានកម្ម​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សំដៅ​ផ្តល់​កិច្ច​សម្រួល​វិនិយោគ​សម្រាប់​អភិវឌ្ឍន៍​ចីរភាព ហៅ​កាត់​ថា «SD2» ដែល​ជា​តារាង​ទិន្នន័យ​លើក​ដំបូង​របស់​ខ្លួន​ក្នុង​ការ​ផ្ដល់ព័ត៌​មាន​ស្ដីពី​ប្រតិបត្តិការ​ប្រកប​ដោយ​និរន្តរភាព​នៃ​ក្រុមហ៊ុន​ក្នុង​ស្រុក ហើយ​វា​នឹង​បម្រើ​ជា​វេទិកា​ដ៏​សំខាន់​មួយ​ក្នុង​ការ​តភ្ជាប់​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន​បរទេស និង​ក្រុមហ៊ុន​ក្នុង​ស្រុក អាច​ស្វែងរក​ភាព​ជា​ដៃគូ​ណា​មួយ ឬ​ការ​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន។

SD2 ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​រួម​គ្នា​តាម​វីដេអូ​កាល​ពី​ថ្ងៃទី ១២ ខែ​ឧសភា ដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) និង WEF ។ ការ​ដាក់​ឲ្យ​ដំណើរការ SD2 នឹង​បង្កើន​ការ​តភ្ជាប់​រវាង​ក្រុមហ៊ុន​បរទេស និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ក្នុង​ស្រុក ជា​ពិសេស​បណ្ដា​ក្រុមហ៊ុន​ក្នុង​ស្រុក​ជាច្រើន​ដែល​អាច​ផ្ដល់​ទំនិញ និង​សេវា​ប្រកប​ដោយ​គុណភាព។

យោង​តាម​សេចក្ដី​ប្រកាស​បាន​ពី CDC៖ «ប្រព័ន្ធ​ទិន្នន័យ​នេះ មាន​គោល​បំណង​ជួយ​សម្រួល​ការ​វិនិយោគ និង​រួម​ចំណែក​ដល់​ផល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សំខាន់ៗ។ ក្រុមហ៊ុន​ផ្គត់ផ្គង់​ក្នុង​ស្រុក​អាច​ចុះ​បញ្ជី​ក្រុមហ៊ុន​របស់​ពួក​គេ​លើ​ប្រព័ន្ធ​នេះ ដើម្បី​ផ្សព្វផ្សាយ​អាជីវកម្ម​របស់​ពួក​គេ ជាមួយ​នឹង​វិនិយោគិន​ដែល​មាន​សក្ដានុពល ដែល​ចូល​មើល​គេហទំព័រ​របស់ CDC យ៉ាង​ទៀង​ទាត់»។

លោក សុខ ចិន្តាសោភា រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ដ្រី អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ក្នុង​សុន្ទរក​ថា បើក​ដំណើរការ SD2 នេះ​ថា វា​នឹង​ជួយ​ក្រុម​វិនិយោគិន​កាន់​តែ​ងាយ​ស្រួល ក្នុង​ការ​ស្វែងរក​ឱកាស​វិនិយោគ​បន្ថែម​ទៀត និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ដែល​មាន​សក្ដានុពល​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ថ្លែង​ថា៖ «យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា វិនិយោគិន និង​ក្រុមហ៊ុន​បរទេស​នឹង​មើល​ឃើញ​ថា កម្ពុជា​កំពុង​បង្កើត​នូវ​បរិស្ថាន​វិនិយោគ ដែល​ស្វាគមន៍​វត្តមាន​របស់​ពួក​គេ ខណៈ​ខិតខំ​ជំរុញ​ការ​វិនិយោគ​ដែល​មាន​ទងើ្វ​ធុរកិច្ច​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ និង​មាន​ចីរភាព»។

ក្នុង​នាម​ជា​ប្រទេស​ដ៏​តូច​មួយ កម្ពុជា​អាច​ធ្វើ​ខ្លួន​ឯង​ឲ្យ​ប្រសើរ​ជាង​គេ តាមរយៈ​ការ​ធ្វើ​ជា​ប្រទេស​ដៃគូ​ក្នុង​ការ​ជួយ​សម្រួល​ការ​វិនិយោគ​ប្រកប​ដោយចីរភាព»។ លោក​បន្ត​ថា៖ «យើង​ស្នើសុំ​ឲ្យ​តួអង្គ​ពាក់ព័ន្ធ​ទាំង​អស់​ចូលរួម​ប្រើប្រាស់​ប្រព័ន្ធ​ទិន្នន័យ​នេះ និង​ស្វែងរក​ដៃគូ​ក្នុង​ស្រុក​ប្រកប​ដោយ​គុណសម្បត្តិ​គ្រប់គ្រាន់​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

លោក Matthew Stephenson នាយក​គោល​នយោបាយ និង​សហគមន៍​នៃ​នាយកដ្ឋាន​វិនិយោគ និង​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ WEF បាន​ឲ្យ​ដឹង​នៅ​ក្នុង​ការ​ដាក់​ឲ្យ​ដំណើរការ​នេះ​ថា តារាង​ទិន្នន័យ​នេះ នឹង​ជា​ឧបករណ៍​មួយ​សម្រាប់​ក្រុមហ៊ុន​បរទេស ដែល​ចង់​វិនិយោគ ឬ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេសកម្ពុជា។

លោក​ថ្លែង​ថា៖ «ក្រុមហ៊ុន​បរទេស​ដែល​ស្វែងរក​ការ​វិនិយោគ​អនុលោម​ភាព​តាម​គោលការណ៍​បរិស្ថាន សង្គម និង​អភិបាលកិច្ច (ESG) អាច​ដាក់​ការ​វិនិយោគ​នៅ​កម្ពុជា​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​ដែល​កំពុង​ប្រតិបត្តិការ​ប្រកប​ដោយ​ចីរភាព ហើយ​ក្រុមហ៊ុន​កម្ពុជា​ផ្សេង​ទៀត​អាច​បង្វែរ​ការ​តម្រង់​ទិស​ប្រតិបត្តិការ​ធុរកិច្ច​របស់​ខ្លួន​ទៅ​រក​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​កាន់​តែ​ច្រើន​ថែម​ទៀត ដើម្បី​ទាក់ទាញ​ការ​ធ្វើ​ធុរៈកិច្ច​រួមគ្នា​ជាមួយ​នឹង​ក្រុមហ៊ុន​បរទេស សំដៅ​លើក​កម្ពស់​ការ​ធ្វើ​សន្ធានកម្ម​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​តំបន់ និង​សកល​លោក»។

លោក​លើក​ឡើង​ថា៖ «បណ្ដា​ប្រទេស​ផ្សេង​ទៀត​ក៏​អាច​ពិចារណា​ការ​បន្ថែម​ទំហំ​ទិដ្ឋភាព​ប្រកប​ដោយ​ចីរភាព​ដល់​ប្រព័ន្ធ​ទិន្នន័យ​ដែល​មាន​ស្រាប់​របស់​ពួក​គេ​ ដែល​បាន​ចាត់​ទុក​ជា​យូរ​មក​ហើយ​ជា​ឧបករណ៍​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជួយ​សម្រួល​ការ​វិនិយោគ»។

គម្រោង​វិនិយោគ​ប្រកប​ដោយ​ចីរភាព​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​កាល​ពី​ដើម​ឆ្នាំ ២០១៩ តាមរយៈ​ការ​ធ្វើ​បទសម្ភាស​ភាគី​ពាក់ព័ន្ធ​ជាតិ និង​អន្តរជាតិ ៥០ ដើម្បី​យល់​ដឹង​ពី​របៀប​ក្នុង​ការ​បង្កើន​ទាំង​បរិមាណ និង​គុណភាព​នៃ​លំហូរ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ បន្ទាប់​ពី​សិក្ខាសាលា​ពីរ​លើក និង​ពិគ្រោះ​យោបល់​បន្ថែម​ទៀត ការ​បង្កើត SD2 ត្រូវ​បាន​កំណត់​ថា ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​ដ៏​សំខាន់​បំផុត​ជាច្រើន ដែល​អាច​ប្រើប្រាស់​ទៅ​បាន។

CDC បាន​ចាប់​ផ្ដើម​ការ​សហការ​របស់​ខ្លួន​ជាមួយ WEF កាល​ពី​ខែ​មីនា ឆ្នាំ ២០១៩ ដើម្បី​អនុវត្ត​គម្រោង​លើ​ការ​ជួយ​សម្រួល​ការ​វិនិយោគ សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។ គម្រោង​នេះ​មាន​គោល​បំណង​ក្នុង​ការ​ប្រមូល​ការ​យល់ដឹង​នៅ​កន្លែង​ជាក់​ស្ដែង​លើ​បទពិសោធន៍​របស់​បណ្ដា​ប្រទេស​នានា ជាមួយ​នឹង​វិធានការ​ជួយ​សម្រួល​ការ​វិនិយោគ។

SD2 ត្រូវ​បាន​គ្រប់គ្រង​ដោយ CDC និង​ត្រូវ​បាន​អភិវឌ្ឍ​ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ដែល​បាន​អនុវត្ត​ដោយ CDC និង WEF រួមគ្នា​ជាមួយ​នឹង​ភាព​ជា​ដៃគូ​កម្ពុជា​សម្រាប់​កសិកម្ម​ប្រកប​ដោយ​ចីរភាព (CPSA)។

ក្រៅ​ពី​ព័ត៌មាន​ទូទៅ​ស្ដីពី​ក្រុមហ៊ុន (ដូច​ជា​ផលិតផល និង​សេវាកម្ម​របស់​ខ្លួន) ប្រព័ន្ធ​ទិន្នន័យ​នេះ​បង្ហាញ​ពី​លក្ខណ​ពិសេស​ប្រកប​ដោយ​ចីរភាព​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ដែល​ជ្រើសរើស។ មាន​ទំហំ​ទិដ្ឋភាព​ប្រកប​ដោយ​ចីរភាព​ចំនួន ៦ ដែល​ក្រុមហ៊ុន​ចុះ​បញ្ជី​អាច​បញ្ជាក់ (និង​ផ្ទៀងផ្ទាត់) នៅ​ក្នុង​តារាង​ទិន្នន័យ​នេះ​គឺ ស្ដង់ដា​គុណភាព និង​ការ​បញ្ជាក់ ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវ យិនឌ័រ និង​បរិយាប័ន្ធ និរន្តរភាព​បរិសា្ថន ការ​កសាង​សមត្ថភាព​បុគ្គលិក និង​ការ​ថែទាំ​បុគ្គលិក។

រដ្ឋាភិបាល​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ នឹង​អនុម័ត​លើ​ច្បាប់​វិនិយោគ​ថ្មី សំដៅ​ធ្វើ​ទំនើបកម្ម និង​បង្កើន​ផលិតភាព​របស់​ឧស្សាហកម្ម​ក្នុង​ស្រុក និង​អភិវឌ្ឍ​ការ​តភ្ជាប់​កាន់​តែ​ធំ​នៅ​ក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ក្នុង​តំបន់ និង​ពិភព​លោក។

កាល​ពី​ឆ្នាំ ១៩៩៥ រយៈពេល​មួយ​ឆ្នាំ​បន្ទាប់​ពី​ការ​អនុម័ត​ច្បាប់​ស្ដីពី​ការ​វិនិយោគ ចំនួន​ការ​វិនិយោគ​ដែល​បាន​អនុម័ត​ដោយ CDC មាន​ចំនួន​សរុប​ប្រហែល ២,៣ ពាន់​លាន​ដុល្លារ។

ការ​អនុម័ត​ការ​វិនិយោគ​សម្រេច​បាន ៨៥,៨៨ ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ដំណាច់​ឆ្នាំ ២០១៩។ កាល​ពី​ឆ្នាំ ២០១៨ ការ​វិនិយោគ​ដែល​បាន​អនុម័ត​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ដល់ ១០,៨៩ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​វិស័យ​កសិកម្ម​បាន​ទាក់ទាញ​រហូត​ដល់ ១០៦,៧៣ លាន​ដុល្លារ​អាមេរិក ខណៈ​ដែល​វិស័យ​ទេសចរណ៍​បាន​កើន​ឡើង​រហូត​ដល់ ៨,៧៧ ពាន់​លាន​ដុល្លារ​អាមេរិក និង​សេវាកម្ម​បាន​កើន​ឡើង​រហូត​ដល់ ១,២៩ ពាន់​លាន​ដុល្លារ​អាមេរិក។

កាល​ពី​ឆ្នាំ ២០១៩ ការ​អនុម័ត​ការ​វិនិយោគ​បាន​កត់ត្រា ៩,៤០ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ចំណោម​នោះ​ប្រទេស​ចិន បាន​វិនិយោគ ២,៧៥ ពាន់​លាន​ដុល្លារ​អាមេរិក បន្ទាប់​មក​ទីក្រុង​ហុងកុង ៩១២,៥៥ លានដុ​ល្លារ​អាមេរិក និង​ជប៉ុន ២៩៨,៨៤ លាន​ដុល្លារ៕LA