ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​មូលនិធិ​ ៥០ ​លាន​ដុល្លារ​ សម្រាប់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​ (SME) ដើម្បី​បង្កើន​ចង្វាក់​ផលិត និង​រក្សា​សមត្ថភាព​ប្រកួតប្រជែង​នៅក្នុង​វិស័យ​កសិឧស្សាហកម្ម​នៅក្នុង​ប្រទេស​ កម្ពុជា​។ នេះ​បើ​យោងតាម​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​។

មូលនិធិ​នេះ​ត្រូវបាន​បង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ក្នុង​គោលបំណង​លើកកម្ពស់ និង​កែលម្អ​វិស័យ SME ស្ថិតក្រោម​ក្រសួង​មួយ​ចំនួន ដែល​ជាប់​ពាក់ព័ន្ធ​។ កម្មវិធី​ហិរញ្ញវត្ថុ​​ជាពិសេស​នេះ រដ្ឋាភិបាល​នឹង​ផ្ដល់​មូលនិធិ​ ៥០ ​លាន​ដុល្លារ ​ដល់​វិស័យ SME តាមរយៈ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​កម្ពុជា (RDB)​។

លោក​បាន​ឲ្យ​ដឹងថា ជំនួយ​ហិរញ្ញវត្ថុ​នេះ​នឹង​ជួយ​ដល់​វិស័យ SME ដើម្បី​បង្កើន​ចង្វាក់​ផលិតកម្ម និង​សមត្ថភាព​ប្រកួតប្រជែង​របស់​ពួកគេ​។ លោក​បាន​ថ្លែងថា​៖ «​បច្ចុប្បន្ន ផលិតផល​កសិឧស្សាហកម្ម​មិនអាច​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេសជិតខាង វៀតណាម និង​ថៃ​បាន​ទេ ដោយសារ​តែ​យើង​មាន​តម្លៃ​ផលិត​ខ្ពស់​»​។ លោក​លើកឡើង​ថា​៖ «​ធនាគារ​អភិវឌ្ឍន៍​ជនបទ​នឹង​ផ្ដល់​កម្ចី​អត្រា​ការប្រាក់​ទាប​ដល់ SME ដើម្បី​វិនិយោគ និង​ដើម្បី​ដំណើរការ​នៅក្នុង​វិស័យ​កសិឧស្សាហកម្ម ព្រមទាំង​បន្លែ នេសាទ និង​ការចិញ្ចឹមសត្វ​»​។

លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ជំនួយ​ហិរញ្ញវត្ថុ​នេះ​នឹង​ជួយ​សម្រួល​ដល់ SME សម្រាប់​ការពង្រីក​អាជីវកម្ម​របស់​ពួកគេ​។ លោក​បន្តថា​៖ «RBC មិន​ទាន់​ទទួល​បាន​មូលនិធិ​នេះ​ពី​រដ្ឋាភិបាល​នៅឡើយ​ទេ ហើយ​ខ្លួន​កំពុង​ដំណើរការ​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា មូលនិធិ​នេះ​នឹង​ក្លាយជា​ប្រភព​ថ្មី​មួយ​សម្រាប់​វិស័យ SME ខណៈ​ពួកគេ​មានលទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​នៅ​មាន​កម្រិត​សម្រាប់​ការពង្រីក​អាជីវកម្ម​របស់​ពួកគេ​។ លោក​បញ្ជាក់​​ថា​៖ «​វា​ជា​សញ្ញា​ដ៏ល្អ​មួយ ប៉ុន្តែ​យើង​កំពុង​រង់ចាំ​មើលថា តើ​ធនាគារ​នេះ​កំណត់​អត្រា​ការប្រាក់​ដូចម្ដេច​សម្រាប់ SME? ហើយ​អ្វី​ជា​តម្រូវការ​របស់​ធនាគារ​នេះ​ពី SME»​។

របាយការណ៍​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (IFC) បានចេញ​ផ្សាយ​កាលពី​ខែសីហា​បាន​ឲ្យ​ដឹងថា សហគ្រិន​ស្ដ្រី​របស់​ប្រទេស​កម្ពុជា​បាន​បន្ត​ជួប​ការពិបាក​ដោយសារ​តែ​លទ្ធភាព​នៅ​មាន​កម្រិត​ក្នុងការ​ទទួល​បាន​កម្ចី​សម្រាប់​ការពង្រីក​អាជីវកម្ម​។ របាយការណ៍​បង្ហាញថា មាន​តែ​ ៣ ​ភាគរយ​ប៉ុណ្ណោះ ​ដែល​មាន​លទ្ធភាព​ទទួល​បាន​ឥណទាន​ផ្លូវការ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​។

របាយការណ៍​នេះ​បាន​ប៉ាន់ប្រមាណ​ថា តម្រូវការ​សម្រាប់​ឥណទាន​ពី​សហគ្រិន​ស្ដ្រី​បច្ចុប្បន្ន​មាន​ ៤,២ ​ពាន់​លាន​ដុល្លារ​ ស្មើនឹង​ជិត ​៦៣ ​ភាគរយ ​នៃ​ថវិកាជាតិ​ ៦,៧ ​ពាន់​លាន​ដុល្លារ​ របស់​ប្រទេស​ កម្ពុជា​ សម្រាប់​ឆ្នាំ​ ២០១៩​។

ការស្ទង់មតិ​មួយ​ដោយ​ក្រសួង​ឧស្សាហកម្ម​ក្នុង​ចំណោម​សហគ្រាស​ ៧១ នៅក្នុង​ប្រទេស ​កម្ពុជា​ បាន​រកឃើញ​ថា ពួកគេ​ត្រូវការ​ជំនួយ​ក្នុង​ការស្រាវជ្រាវ​ទីផ្សារ ការអភិវឌ្ឍ​សេវា ការវេចខ្ចប់ បច្ចេកវិទ្យា ធនធានមនុស្ស លទ្ធភាព​ទទួល​បាន​ការងារ និង​ហិរញ្ញវត្ថុ ការចុះបញ្ជី​អាជីវកម្ម និង​ពន្ធ ព្រមទាំង​ដើម្បី​កែលម្អ​ស្ដង់ដា​អនាម័យ​។

ការស្ទង់មតិ​សេដ្ឋកិច្ច​អន្តរ​ជំរឿន​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៤ បង្ហាញថា​មាន​សហគ្រាស ៥១៣ ៧៥៩ នៅក្នុង​ប្រទេស​ កម្ពុជា​ កាលពី​ឆ្នាំមុន​ក្នុង​នោះ ៩៧,៦ ​ភាគរយ​ គឺជា​មីក្រូ​សហគ្រាស និង​ ២,២ ​ភាគរយ​ជា​ SME​។ ស្ដ្រី​គ្រប់គ្រង​ SME ២៦ ​ភាគរយ និង​មីក្រូ​សហគ្រាស​ ៦២ ​ភាគរយ​។

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ក៏​បាន​ជំរុញ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​បង្កើន​ល្បឿន​បង្កើត​ធនាគារ SME ក្នុងពេល​ឆាប់ៗ​តាម​ដែល​អាចធ្វើ​ទៅបាន​។ ធនាគារ SME ដែលជា​ធនាគារ​ថ្មី​របស់​ប្រទេស​កម្ពុជា​មាន​ទុន​ដំបូង​ ១០០ ​លាន​ដុល្លារ ​ដែល​នឹង​ផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ (SME)៕LA