ភ្នំពេញ: រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ទិញ​ថាមពល​អគ្គិសនី ២ ៤០០ ​មេហ្គាវ៉ាត់​ ផ្តាច់មុខ​ពី​រោងចក្រ​ថាមពល​ធ្យូងថ្ម​របស់​ឡាវ​ដែល​ជា​ការ​អនុម័ត​លើ «​ការធានា​របស់​រាជរដ្ឋាភិបាល​សម្រាប់​គម្រោង​ថាមពល​​អគ្គិសនី​ពី​ប្រទេស​ឡាវ​»​។ នេះ​បើ​យោង​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ពុធ​។

យោង​តាម​ឯកសារ​សង្ខេប​ស្តីពី​គម្រោង​ថាមពល​ដែល​ត្រូវ​បាន​បង្ហាញ​ដោយ​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បន្ទាប់ពី​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​​ទី​ ១១ ខែ​ កញ្ញា ម្សិលមិញ​កម្ពុជា​នឹង​ទិញ​ថាមពល​អគ្គិសនី​ផ្តាច់មុខ​ពី​រោងចក្រ​ថាមពល​ធ្យូងថ្ម​ចំនួន​ ២ ​នៅ​ប្រទេស​ឡាវ​គឺ​ពី​ក្រុមហ៊ុន TSBP-sekong Power and mineral Company Limited ដែល​ផលិត​ថាមពល​អគ្គិសនី ៦០០ មេហ្គាវ៉ាត់ និង​ក្រុមហ៊ុន Xekong Thermal Power Plant Company Limited ដែល​ផលិត​ថាមពល​អគ្គិសនី​ ១ ៨០០ មេហ្គាវ៉ាត់​។

ក្រុមហ៊ុន​ទាំង​ ២ ​នេះ​ទទួល​បាន​សម្បទាន​អភិវឌ្ឍន៍​អណ្តូងរ៉ែ​ធ្យូងថ្ម និង​រោងចក្រ​ផលិត​អគ្គិសនី​ពី​រដ្ឋាភិបាល​ប្រទេស​ឡាវ សម្រាប់​ការផ្គត់ផ្គង់​អគ្គិសនី​ឲ្យ​កម្ពុជា ៨៥ ភាគរយ​នៃ​ការផលិត​។

យោងតាម​ឯកសារ​ទំហំ​វិនិយោគ​របស់​គម្រោង​ទាំង​ ២ ​មាន​តម្លៃ​សរុប ៤ ៩៧០ ​លាន​ដុល្លារ​អាមេរិក ដែល​គិត​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​អណ្តូងរ៉ែ​ធ្យូងថ្ម រោងចក្រ​ផលិត​អគ្គិសនី អនុស្ថានីយ និង​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​មកដល់​ព្រំដែន​កម្ពុជា និង​ឡាវ​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ថា​៖ «​យើង​តម្រង់​ទិស​ជា​អាទិភាព​ទៅ​រក​ប្រទេស​ ឡាវ ព្រោះ​ការនាំ​ចូល​ប្រភព​អគ្គិសនី​ពី​ប្រទេស​ ឡាវ​ ជា​ការនាំចូល​ប្រភព​អគ្គិសនី​មួយ​ដែល​មាន​លក្ខណៈ​អនុគ្រោះ​ជាងគេ​ទាំង​តម្លៃ​ទាំង ទំហំ និង​លក្ខខណ្ឌ​ទិញ ព្រម​ទាំង​មាន​សុវត្ថិភាព​យូរអង្វែង​ផងដែរ​»​។

លោក វិចទ័រ ហ្សូនា អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា គម្រោង​នេះ​នឹងត្រូវ​ចុះហត្ថលេខា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​របស់​លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។

លោក​ថ្លែងថា​៖ «​បន្ទាប់ពី​យើង​ចុះ​កិច្ចព្រមព្រៀង​ទិញ​លក់​ថាមពល​រវាង​អគ្គិសនី​កម្ពុជា​ជាមួយ​ក្រុមហ៊ុន​ទាំងនេះ ហើយ​ក្រុមហ៊ុន​នឹង​ធ្វើការ​កៀរគរ​មូលនិធិ​សម្រាប់​សាងសង់​ធ្វើ​យ៉ាងណា​ឲ្យ​ឆ្នាំ​ ២០២៤ អាច​បញ្ចេញ​ថាមពល​ជំហាន​ដំបូង​មក​កម្ពុជា​»​។

កិច្ចព្រមព្រៀង​ទិញ-លក់​​ ថាមពល​អគ្គិសនី​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​រវាង​អគ្គិសនី​កម្ពុជា EDC និង​ក្រុមហ៊ុន​ក្នុង​តម្លៃ​លក់ ០,០៧៧ ​ដុល្លារ​ ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​ ថេរ​ក្នុង​រយៈពេល​ ៣០ ​ឆ្នាំ​ ក្រោម​ការធានា​ពី​រដ្ឋាភិបាល​រវាង​ប្រទេស​ទាំង​ ២​។

ក្នុង​កិច្ចព្រមព្រៀង​ទិញ-លក់ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ធានា​ទូទាត់​ថ្លៃ​ទិញ​អគ្គិសនី​ឲ្យ​ក្រុមហ៊ុន​ក្នុង​ករណី​ដែល​អគ្គិសនី​កម្ពុជា​មិន​បាន​ធ្វើការ​ទូទាត់​តាម​កិច្ចព្រមព្រៀង​ទិញ-លក់​។ រដ្ឋាភិបាល​ត្រូវ​ធានា​ទូទាត់​ការទិញ​យក​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​គម្រោង​ទាំង​ ២ ​ក្នុងករណី​ភាគី​កម្ពុជា​បញ្ចប់​កិច្ចព្រមព្រៀង​មុន​អាណត្តិ និង​ក្នុងករណី​ប្រធាន​ស័ក្តិ​ធម្មជាតិ​កើត​មាន​លើទឹក​ដី​កម្ពុជា​ដែល​ធ្វើឲ្យ​ក្រុមហ៊ុន​វិនិយោគ​មិន​អាច​លក់​ថាមពល​មក​កម្ពុជា​បាន​។

ចំណែក​រដ្ឋាភិបាល​ឡាវ​ត្រូវ​ផ្តល់​សិទ្ធិ​សម្បទាន​ឲ្យ​ភាគី​កម្ពុជា​ចូល​គ្រប់គ្រង​ដំណើរការ និង​ធ្វើ​អាជីវកម្ម​ទាំង​អណ្តូងរ៉ែ​ធ្យូងថ្ម ទាំង​រោងចក្រ​អគ្គិសនី និង​ទាំង​ខ្សែបណ្តាញ​បញ្ជូន និង​អនុស្ថានីយ ដើម្បី​បម្រើ​ការផលិត​អគ្គិសនី និង​ការបញ្ជូន​អគ្គិសនី​រហូត​ដល់​ចប់​អាណត្តិ​នៃ​កិច្ចព្រមព្រៀង​ទិញ-លក់​ ថាមពល​អគ្គិសនី​។

ក្នុង​ករណី​មាន​ការយឺតយ៉ាវ និង​ការបរាជ័យ​របស់​អ្នកវិនិយោគ​ដែល​ធ្វើឲ្យ​ភាគី​កម្ពុជា​មិន​អាច​ទទួល​បាន​ថាមពល​អគ្គិសនី​តាម​កិច្ចព្រមព្រៀង រដ្ឋាភិបាល​ឡាវ​ត្រូវ​មាន​កាតព្វកិច្ច​ចល័ត​ប្រភព​ផ្សេង ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​កម្ពុជា​ជំនួស​វិញ​ដូច​ក្នុង​លក្ខខណ្ឌ​ដែល​ក្រុមហ៊ុន​វិនិយោគ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អគ្គិសនី​កម្ពុជា​។

កម្ពុជា​នាំចូល​អគ្គិសនី​ ៤៤២,៥ មេហ្គាវ៉ាត់​ ពី​ប្រទេស​ជិត​ខាង​ក្នុង​នោះ​នាំចូល​ពី​វៀតណាម​ចំនួន​ ២៧៧ មេហ្គាតវ៉ាត់ ពី​ឡាវ ១៣៥ ​មេហ្គាវ៉ាត់ និង​ពី​ឡាវ ៣០ ​មេហ្គាវ៉ាត់​។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) ​ដែល​ជា​សមាគម​តំណាង​ឲ្យ​រោងចក្រ​កាត់ដេរ​ស្បែកជើង និង​ផលិតផល​សម្រាប់​ធ្វើ​ដំណើរ​ចំនួន ៥៨០ រោងចក្រ​នៅ​កម្ពុជា​រំពឹង​ថា​កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​បំពេញ​តម្រូវការ​ប្រើប្រាស់​អគ្គិសនី​ក្នុង​វិស័យ​រោងចក្រ​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការ GMAC បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គម្រោង​នេះ​នឹង​ធានា​បាន​ដល់​ការប្រើប្រាស់​ថាមពល​អគ្គិសនី​គ្រប់គ្រាន់​ក្នុង​វិស័យ​កាត់ដេរ​។

លោក​បាន​បន្តថា​វិស័យ​ថាមពល​បានរួម​ចំណែក​ខ្លាំង​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​។

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​យល់ឃើញ​ថា ការសម្រេច​អនុម័ត​គម្រោង​ថាមពល​អគ្គិសនី​ពី​ឡាវ​ថែម​ទៀត​នេះ​គឺ​វា​នឹង​ជួយ​ធានា​ស្ថិរភាព​នៃ​ការផ្គត់ផ្គង់​គ្រប់គ្រាន់​មិន​ខ្វះ​ដូច​ឆ្នាំ​កន្លងទៅ​ដែល​យើង​ជួបប្រទះ​បញ្ហា​ខ្វះ​ទឹក​ធ្វើឲ្យ​វារីអគ្គិសនី​យើង​មិន​អាច​ដំណើរការ​បាន​»​។

រោងចក្រ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​នេះ​ចែក​ជា​ ៤ ដែល​ដំណាក់កាល​ទី​ ១ នឹងដាក់​ឲ្យ​ដំណើរការ​នៅ​ចុង​ឆ្នាំ​ ២០២៤ ដែល​អាច​ផលិត​ថាមពល​អគ្គិសនី ៣០០ មេហ្គាវ៉ាត់​ ដំណាក់កាល​ទី​ ២ ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​​ ២០១៥ ដែល​អាច​ផលិត​អគ្គិសនី ៦០០ មេហ្គាវ៉ាត់​ ដំណាក់កាល​ទី​ ៣ ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ២០២៦ ដែល​អាច​ផលិត ៦០០ មេហ្គាវ៉ាត់ និង​ទី​ ៤ នឹងដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ២០២៧ ដែល​អាច​ផលិត​ថាមពល​ ៩០០ មេហ្គាវ៉ាត់​៕ LA