
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា និងវៀតណាមបានចុះកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដែលនឹងជួយការពារពាណិជ្ជករពីប្រទេសនីមួយៗពីការបង់ពន្ធជាន់គ្នា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារដែលបានចេញផ្សាយពីថ្ងៃអង្គារ។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាកាលពីសប្តាហ៍មុននៅក្រៅជំនួបនៃកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គដែលបានធ្វើនៅទីក្រុងហាណូយ ប្រទេសវៀតណាម។
លោក ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយលោក Tran Xuan Ha អនុរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុប្រទេសវៀតណាមនៅក្នុងពិធីមួយដែលបានចូលរួមដោយលោកនាយករដ្ឋមន្ដ្រីរបស់ប្រទេសទាំង ២។
ព័ត៌មានលម្អិតរបស់កិច្ចព្រមព្រៀងនេះមិនត្រូវបានចេញផ្សាយនោះទេ។
យោងតាមអគ្គនាយកដ្ឋានពន្ធដារ កិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នាដែលកម្ពុជាបានធ្វើជាមួយប្រទេសចំនួន ៥ រួមមានសិង្ហបុរី ចិន ប្រ៊ុយណេ ថៃ និង ប្រទេសវៀតណាម ខណៈកម្ពុជាកំពុងចរចាកិច្ចព្រមព្រៀងនេះជាមួយនឹងប្រទេសមួយចំនួនទៀតមានម៉ាឡេស៊ី ហ្វីលីពីន កូរ៉េខាងត្បូង និងប្រទេសជប៉ុន។
លោក Clint O’Connell ប្រធានផ្នែកពន្ធប្រចាំក្រុមហ៊ុនប្រឹក្សាផ្នែកពន្ធ និងវិនិយោគក្រុមហ៊ុន DFDL បានលើកឡើងកាលពីម្សិលមិញថាវាជាដំណើរការដ៏ល្អមួយដែលមានការចុះកិច្ចព្រមព្រៀងការមិនយកពន្ធត្រួតគ្នាជាមួយវៀតណាមដែលជាសមាជិកមួយក្នុងតំបន់អាស៊ានស្របពេលកម្ពុជាបានសម្រេចកិច្ចព្រមព្រៀងដូចគ្នានេះជាមួយបណ្តាប្រទេសមួយចំនួនហើយនោះ។
លោកបន្តថា វៀតណាមគឺជាប្រភពវិនិយោគផ្ទាល់ដ៏សំខាន់មួយសម្រាប់កម្ពុជា ដូច្នេះការសម្រេចកិច្ចព្រមព្រៀងថ្មីនេះនឹងក្លាយជាកត្តាជំរុញដ៏សំខាន់សម្រាប់បង្កើនការវិនិយោគវៀតណាមនៅកម្ពុជា។
លោកថ្លែងថា៖ «យើងរំពឹងថាកិច្ចព្រមព្រៀងថ្មីនេះនឹងបង្កើនការវិនិយោគវៀតណាមនៅកម្ពុជា ដោយសារថាបន្ទុកពន្ធលើប្រាក់ចំណូលនឹងត្រូវបានកាត់បន្ថយ បន្ទុកពន្ធលើការធ្វើពាណិជ្ជកម្មឆ្លងប្រទេសនឹងត្រូវកាត់បន្ថយ ហើយវាក៏នឹងរួមចំណែកជំរុញអនុលោមភាពនៃការបង់ពន្ធតាមរយៈការផ្លាស់ប្តូរព័ត៌មានឲ្យគ្នាទៅវិញទៅមករវាងប្រទេសទាំង ២»៕LA