ក្រុង​សេអ៊ូលៈ រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង មាន​ក្តី​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​ការ​នាំចេញ ខណៈ​ដែល​ការ​នាំចេញ​ទៅ​ក្រៅ​ប្រទេស​​​របស់​ប្រទេស​នេះ​បាន​ធ្លាក់ចុះ​ ២ ខែ​ជាប់​គ្នា​ក្នុង​គ្រា​ដែល​ការ​នាំចេញ​ឧបករណ៍​ពាក់​កណ្តាល​​ចម្លង​ (semiconductor) បាន​ថយ​ចុះ។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​​ក្នុង​របាយការណ៍​ស្តីពី​ការ​វាយ​តម្លៃ​សេដ្ឋកិច្ច​​ប្រចាំខែ​របស់​ខ្លួន​ (ឬ​ហៅ​ថា​ សៀវភៅ​បៃតង) កាល​ពី​ចុង​សប្តាហ៍​មុន​ថា ទាំង​ការ​វិនិយោគ​ និង​ការ​នាំចេញ​បាន​បង្ហាញ​ពី​ការ​ប្រែប្រួល ដោយ​បង្កើន​ក្តី​បារម្ភ​របស់​ខ្លួន​អំពី​ការ​នាំចេញ​ដែល​មាន​ទំហំ​ប្រហែល​ពាក់​កណ្តាល​​នៃ​សេដ្ឋកិច្ច​​ដែល​ពឹង​ផ្អែក​លើ​ការ​​នាំចេញ​របស់​ប្រទេស​នេះ។

ការ​នាំចេញ​របស់​កូរ៉េ​ខាង​ត្បូង​បាន​ធ្លាក់ចុះ ៥,៨ ភាគរយ​នៅ​ខែ​មករា​ធៀប​នឹង​រយៈ​ពេល​ដូច​​គ្នា​កាល​ពី​ឆ្នាំ​មុន បន្ទាប់​ពី​បាន​ធ្លាក់ចុះ ១,៣ ភាគរយ​ក្នុង​ខែ​ធ្នូ ជា​ចម្បង​ដោយ​សារ​តម្រូវ​ការ​ឧបករណ៍​​ពាក់​កណ្តាល​ចម្លង​​ថយ​ចុះ។

ការ​នាំចេញ​បន្ទះ​ឈីប​បាន​ធ្លាក់ចុះ ២៣,៣ ភាគរយ​នៅ​ខែ​មករា បន្ទាប់​ពី​ធ្លាក់ចុះ ៨,៣ ភាគរយ​​នៅ​ខែ​ធ្នូ​​ឆ្នាំ​មុន។

ការ​វិនិយោគ​លើ​សម្ភារ​រូបវន្ត​បាន​ធ្លាក់ចុះ ០,៤ ភាគរយ​នៅ​ខែ​ធ្នូ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៧ ដោយ​រក្សា​និន្នាការ​ធ្លាក់ចុះ​សម្រាប់​រយៈ​ពេល ២ ខែ​ជាប់​គ្នា។

ផលិតកម្ម​ក្នុង​​​ឧស្សាហកម្ម​ទាំង​អស់​បាន​បន្ត​ធ្លាក់ចុះ​រយៈ​​ពេល ២ ខែ​គិត​ត្រឹម​ខែ​ធ្នូ​ដោយ​ថយចុះ ០,៦ ភាគរយ​នៅ​ខែ​ចុង​ក្រោយ​នៃ​​ឆ្នាំ ២០១៨។

ចំនួន​អ្នក​ដែល​គ្មាន​ការងារ​ធ្វើ​បាន​កើន​ឡើង​ដល់ ១,២​២៤ លាន​នាក់​នៅ​ខែ​មករា ដែល​ជា​តួលេខ​ប្រចាំ​ខែ​មករា​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល ១៩ ឆ្នាំ។

ការ​លក់​រាយ​​បាន​រក្សា​​កំណើន​​ ៣ ខែ​ជាប់​គ្នា​គិត​ត្រឹម​ខែ​មករា​ ខណៈ​ដែល​​​សន្ទស្សន៍​ទំនុក​ចិត្ត​អតិថិជន​កើន ០,៦ ពិន្ទុ​ដល់ ៩​៧,៥ ពិន្ទុ​នៅ​ខែ​មករា​ធៀប​នឹង​ខែ​ធ្នូ៕ People''s Daily/KC