ភ្នំពេញៈ ក្រុម​គណៈប្រតិភូ​មកពី​ក្រសួង​កសិកម្ម​ប្រទេស​ចិន​កាលពី​ពាក់​កណ្ដាល​ខែ​សីហា​បាន​ជួប​ជាមួយ​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម​កម្ពុជា​ដើម្បី​​ពិភាក្សា​អំពី​ការបញ្ជូន​អ្នក​ជំនាញ​មក​ជួយ​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យ​កាន់តែ​មាន​សម្ទុះ ខណៈ​វិស័យ​នេះ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ទាំង​តម្លៃ និង កង្វះ​ទីផ្សារ​។

លោក វេង សាខុន រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា ការសន្យា​ជួយ​ពី​ប្រទេស​ចិន​នឹង​ជួយ​ដល់​វិស័យ​ដ៏សំខាន់​របស់​កម្ពុជា​មួយ​នេះ​ឲ្យ​រីកចម្រើន​កាន់តែ​លឿន​។

លោក​បាន​ថ្លែង​ថា​៖ «​ដល់​ពេល​ដែល​យើង​ត្រូវការ​ផ្លាស់ប្តូរ​វិស័យ​កសិកម្ម​របស់​យើង​ហើយ​។ ចិន​នឹង​គាំទ្រ​ឧបករណ៍​បច្ចេកទេស និង​ធនធាន​មនុស្ស​»​។

លោក​បាន​បន្ត​ថា​៖ «​យើង​នឹង​អាច​បង្កើន​ការផលិត និង​ការប្រមូលផល​ជា​ច្រើន​ដង​ក្នុង​ ១ ​ឆ្នាំ ខណៈ​យើង​ធ្លាប់​ប្រមូល​ផល​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​ពេល​ ១ ​ឆ្នាំ​»​។

​លោក​ឲ្យ​ដឹង​ថា​នៅ​ពេល​នេះ​មន្ដ្រី​កសិកម្ម​របស់​ប្រទេស​ចិន​កំពុង​សិក្សា​នៅក្នុង​តំបន់​មួយ​ចំនួន​ដែល​នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​។ លោក​បាន​បញ្ជាក់​ទៀត​ថា​៖ «​នៅពេល​នេះ​ពួកគេ​កំពុង​ស្វែងរក​ការដាំដុះ​ដំណាំ​កសិកម្ម និង​កសិដ្ឋាន​ចិញ្ចឹមសត្វ​»​។

ប្រទេស​កម្ពុជា និង​ចិន​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ស្ដីពី​ការធ្វើ​ទំនើបកម្ម​នៃ​វិស័យ​កសិកម្ម​កម្ពុជា​កាលពី​ខែ​មករា​ឆ្នាំ​នេះ​។ តាម MoU ក្រុម​អ្នក​ជំនាញ​ជនជាតិ​ចិន​នឹង​ធ្វើការ​សិក្សា​នៅក្នុង​ខេត្ត​កម្ពុជា​ចំនួន​ ១២ ដោយ​មាន​ការគាំទ្រ​ពី​មន្ដ្រី​កសិកម្ម​មូលដ្ឋាន​។

លោក វេង សាខុន បាន​ឲ្យ​ដឹង​ថា ប៉ុន្តែ​បញ្ហា​ប្រឈម​សំខាន់​គឺ​ការចំណាយ​លើ​ការផលិត​ខ្ពស់​ដូចជា​បញ្ហា​អគ្គិសនី ការដឹកជញ្ជូន និង​កង្វះ​ហិរញ្ញវត្ថុ​ដែល​បាន​រារាំង​ដល់​វិស័យ​នេះ​។

លោក​ថ្លែង​ថា​៖ «​ទោះបី​ជា​យើង​មាន​អ្នក​ជំនាញ​ជនជាតិ​ចិន​ជួយ​យើង ប៉ុន្តែ​យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​ឲ្យ​ហើយ ដើម្បី​ជួយ​ខ្លួនឯង​ផងដែរ​»​។ លោក​បន្ត​ថា​៖ «​យើង​ត្រូវការ​ពេលវេលា​ក្នុង​ការ​ជំរុញ​វា​ជាមួយ​គ្នា​វា​មាន​ភាព​ស្មុគស្មាញ​លើ​ប្រព័ន្ធ​ទឹក ហើយ​ការអភិវឌ្ឍ​នៅ​តែ​នៅ​មាន​កម្រិត​»​។

វិស័យ​កសិកម្ម​របស់​កម្ពុជា​ទទួលរង និង​កំពុង​ជម្នះ​ក្នុង​ការ​ស្វែងរក​ទីផ្សារ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដោយសារ​តែ​ផលិតផល​សំខាន់ៗ​មួយ​ចំនួន​បាន​ពឹង​ផ្អែក​លើ​បណ្ដា​ប្រទេស​ជិត​ខាង​។

លោក សម វិទូ ទីប្រឹក្សា​អង្គការ​សេដាក​បាន​ឲ្យ​ដឹង​ថា ផលិតផល​កសិកម្ម​កម្ពុជា​បច្ចុប្បន្ន​មិន​ធានា​តម្លៃ​នោះ​ទេ ដោយសារ​តែ​កង្វះ​បច្ចេកទេស​នៃ​ការដាំដុះ​ព្រម​ទាំង​កង្វះ​ផែនការ​យុទ្ធសាស្ដ្រ ដើម្បី​ទៅ​ដល់​ទីផ្សារ​។

លោក​ថ្លែង​ថា​៖ «​កសិករ​ខ្នាត​តូច​​ភាគច្រើន​ដាំដុះ​ដំណាំ​កសិកម្ម គ្រាន់តែ​ធ្វើ​តាម​គ្នា​ទៅវិញ​ទៅមក​ប៉ុណ្ណោះ ពួកគេ​មិន​ដឹង​របៀប​ដាំ​ដុះ​ដំណាំ​កសិកម្ម​ផ្អែក​តាម​បច្ចេកទេស​នោះ​ទេ​»​។

ផលិតផល​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា​មាន​ស្រូវ ដំឡូងមី និង​ម្រេច​ជាដើម ដែល​កសិករ​ទទួល​រង​ផលប៉ះពាល់​ដោយសារ​តែ​ការធ្លាក់​ចុះ​តម្លៃ​ជារឿយៗ​។

លោក សម វិទូ បាន​ឲ្យ​ដឹង​ថា​កត្តា​សំខាន់​គឺ​គោលនយោបាយ​រឹងមាំ​លើ​តម្រូវការ​ទីផ្សារ​។ លោក​បាន​ថ្លែង​ថា​៖ «​ដូច្នេះ​ដើម្បី​ផ្លាស់ប្តូរ​ផលិតផល​កសិកម្ម​របស់​យើង​ឲ្យ​មាន​តម្លៃ​លើ​ទីផ្សារ យើង​ត្រូវការ​អន្តរាគមន៍​ពី​ក្រសួង​​កសិកម្ម ផ្ដល់​ការបណ្ដុះ​បណ្ដាល​ដល់​កសិករ​នូវ​បច្ចេកទេស​ដាំដុះ​នៅក្នុង​ផែនការ​ជាក់ស្ដែង ព្រម​ទាំង​ការសិក្សា​ទីផ្សារ ដើម្បី​ផ្គត់ផ្គង់​ផ្អែក​លើ​តម្រូវការ​របស់​ទីផ្សារ​»​។

ធនាគារ​អភិវឌ្ឍន៍​ជនបទ​បាន​ផ្ដល់​កម្ចី​ជាង ៣០ ​លាន​ដុល្លារ​សម្រាប់​គម្រោង​ឃ្លាំង​ស្ដុក​ ៤ ដែល​បាន​ដំណើរការ​កាលពី​ខែ​កក្កដា​ជា​វិធានការ​មួយ​ដែល​អ្នក​នៅក្នុង​ឧស្សាហកម្ម​នេះ​ថា​នឹង​ជួយ​បង្កើន​ការនាំចេញ​របស់​កម្ពុជា​ព្រម​ទាំង​រក្សា​តម្លៃ​ស្រូវ​ក្នុង​ស្រុក​ផង​ដែរ​។

កម្ពុជា​នាំចេញ​អង្ករ​សរុប​បាន​ ៦៣៥ ៧០០ តោន​កាលពី​ឆ្នាំ​ទៅ​ក្នុង​នោះ​ជាង​ ៤០ ​ភាគរយ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​ ( EU)​។ ចំនួន​នេះ​នៅ​ដាច់​ឆ្ងាយ​ពី​ប្រទេស​ជិត​ខាង​ដូចជា​ថៃ​ដែល​បាន​នាំ​ចេញ​អង្ករ ១១,៤៨ ​លាន​តោន​កាលពី​ឆ្នាំ​ ២០១៧ ក្នុង​តម្លៃ​ជាង ៥,១ ​ពាន់​លាន​ដុល្លារ និង​វៀតណាម​នាំ​ចេញ ៥,៩ ​លាន​តោន​មាន​តម្លៃ​ជិត ២,៧ ​ពាន់​លាន​ដុល្លារ​។

លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន​នាំ​ចេញ អេមរុ រ៉ាយស៍ បាន​ឲ្យ​ដឹងថា វា​ដល់​ពេល​វិស័យ​នេះ​ត្រូវ​ធ្វើ​ពិពិធកម្ម​ហើយ​។ លោក​ថ្លែង​ថា​៖ «​យើង​នៅតែ​មាន​កន្លែង​ច្រើន​សម្រាប់​ការដាំដុះ​កសិកម្ម ប្រសិន​បើ​យើង​ធៀប​នឹង​ប្រទេស​ជិត​ខាង ដូច្នេះ​វិនិយោគិន​បាន​មើល​ឃើញ​ឱកាស​ក្នុង​ការ​ផ្លាស់ប្តូរ​ការវិនិយោគ​របស់​ពួកគេ​មក​កម្ពុជា​»​។

លោក សារ៉ន បាន​ឲ្យ​ដឹង​ថា​កម្ពុជា​មាន​តម្រូវការ​ខ្លាំង​នូវ​ប្រភព​ធនធាន​ខ្លាំង​ដើម្បី​ជំរុញ​វិស័យ​នេះ​។

លោក​លើក​ឡើង​ថា​៖ «​យើង​ត្រូវការ​អ្នក​បច្ចេកទេស និង​ធនធាន​មនុស្ស​ក្នុង​ការ​លើកកម្ពស់​វិស័យ​នេះ ដើម្បី​សម្រេច​បាន​ទិសដៅ​ទីផ្សារ​ដ៏សំខាន់​របស់​យើង​ដូចជា ប្រទេស​ចិន និង EU យើង​ត្រូវការ​បង្កើន​សមត្ថភាព​ស្ដង់ដារ និង​គុណភាព​»​។

កំណើន​កសិកម្ម​របស់​កម្ពុជា​មាន​ដំណើរការ​យឺត​ត្រឹម ១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៣-២០១៤ ដែល​ធ្លាក់​ចុះ​ពី​ចំនួន​ជា​មធ្យម ៥,៣ ​ភាគរយ​ក្នុង​អំឡុង​ឆ្នាំ​ ២០០៤-២០១២​។ នេះ​បើ​យោង​តាម​របាយការណ៍​ធនាគារ​ពិភពលោក​។

របាយការណ៍​ធនាគារ​ពិភពលោក​ផ្ដល់​អនុសាសន៍​ថា វិស័យ​នេះ​ត្រូវការ​រក្សា​កំណើន​យ៉ាង​ហោចណាស់ ៥ ​ភាគរយ​ក្នុង​រយៈពេល ១៥ ​ឆ្នាំ​ក្រោយ ដើម្បី​រក្សា​កំណើន​ប្រាក់​ចំណូល​កសិកម្ម​។ ជាមួយ​កំណើន​នេះ​ប្រាក់​ឈ្នួល​កសិករ ត្រូវ​បាន​ព្យាករ​ថា​នឹង​កើនឡើង​ ៣ ​ដង​ពី ១ ២០០ ដុល្លារ​នៅពេល​បច្ចុប្បន្ន ដល់ ៣ ៧៦០ ដុល្លារ​ក្នុង​ឆ្នាំ​ ២០៣០​។

ទោះបី​យ៉ាង​នេះ​ក្តី​កំណើន​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ក្រោម​ ២ ​ភាគរយ​សម្រាប់​ឆ្នាំ​នេះ​។ ដោយ​លក្ខខណ្ឌ​អាកាសធាតុ​អំណោយផល វិស័យ​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ ១,៨ ​ភាគរយ​ក្នុង​ឆ្នាំ ២០១៨​។ នេះ​បើ​យោង​តាម​របាយការណ៍​ព្យាករ​របស់ ADB​។

កំណើន​កសិកម្ម​របស់​កម្ពុជា​នឹង​មាន​សារៈសំខាន់​ក្នុង​ការបន្ត​កាត់បន្ថយ​ភាពក្រីក្រ​នៅ​ក្នុង​ប្រទេស​នេះ ដោយសារ​តែ​ទំហំ​ដ៏ធំ​របស់​វា​នៅ​ក្នុង​សេដ្ឋកិច្ច​។

ទីផ្សារ និង​ការ​វិនិយោគ​ឯកជន​ត្រូវ​គ្នា​នឹង​គោលនយោបាយ និង​ការកំណត់​ទិសដៅ​វិនិយោគ​វិស័យ​សាធារណៈ​ខាង​ធារាសាស្ដ្រ ការពង្រីក និង​សេវា​កសិកម្ម «​សាធារណៈ​ល្អ​» ផ្សេង​ទៀត​អាច​ជួយ​រក្សា​កំណើន​កសិកម្ម​ដ៏រឹងមាំ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក​។

លោក ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) ដែល​ដើរតួនាទី​សំខាន់​ក្នុង​ការជំរុញ​វិស័យ​ស្រូវ​អង្ករ​បាន​ឲ្យ​ដឹង​ថា​នៅ​មាន​សក្ដានុពល​ច្រើន សម្រាប់​ការអភិវឌ្ឍ​លើ​វិស័យ​កសិកម្ម បើ​ការអភិវឌ្ឍ​នេះ​ស្ថិត​លើ​ចំណុច​ត្រឹមត្រូវ​។

លោក​ថ្លែង​ថា​៖ «​អ្វី​ដែល​យើង​សម្រេច​បាន​នៅ​ពេល​នេះ​គឺ​ការផលិត​អង្គរ និង​ការផលិត​ផលិតផល​កសិកម្ម​ផ្សេង​ទៀត​កំពុង​កើនឡើង ជាពិសេស​ដំឡូងមី ពោត គ្រាប់ស្វាយចន្ទី និង​ផ្លែ​ចេក​»​។

លោក​បន្ថែម​ថា​ការអភិវឌ្ឍន​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​តម្លៃ​ផលិត ធារាសាស្ដ្រ និង​ការដឹកជញ្ជូន​អាច​ឲ្យ​វិស័យ​នេះ​ប្រកួតប្រជែង​តម្លៃ​ជាមួយ​បណ្ដា​ប្រទេស​ជិត​ខាង​បាន​៕LA