ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​មហាផ្ទៃ​បាន​ធ្វើការ​ផ្លាស់ប្តូរ​យោបល់​ ដើម្បី​ជា​ធាតុ​ចូលក្នុង​ការបង្កើន​ល្បឿន​លើ​សេចក្ដី​ព្រាង​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល ឆ្នាំ​ ២០២១-២០៣០ ធ្វើយ៉ាងណា​ឲ្យ​សម្រេច​បាន​តាម​គោលដៅ​រដ្ឋាភិបាល​ក្នុង​ការប្រែក្លាយ​ទៅជា​សេដ្ឋកិច្ច​ឌីជីថល​នាពេល​ដ៏ខ្លី​ខាងមុខ​។

កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​នេះ​ត្រូវបាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​ ១៨ ខែ​ឧសភា ឆ្នាំ​ ២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ​សន្និសីទ ដើម្បី​ពិភាក្សា និង​ប្រមូល​ធាតុ​ចូល​លើ​សេចក្ដី​ព្រាង​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២១-២០៣០ ដែល​ដឹកនាំ​ដោយ​សហប្រធាន​ពីរ​រូប​គឺ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង លោក ជុន វ៉ាត់ រដ្ឋលេខាធិការ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​ពាក់ព័ន្ធ ក្រសួង​មហាផ្ទៃ ព្រមទាំង​មន្ត្រី​ជំនាញ​មួយចំនួន​ទៀត​ផងដែរ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន សេចក្ដី​ព្រាង​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២១-២០៣០ ក្នុង​គោលបំណង លើកកម្ពស់​គុណភាព​ជីវិត និង​ទំនុកចិត្ត​ប្រជាពលរដ្ឋ​តាមរយៈ​ការបម្រើ​សេវាសាធារណៈ​កាន់តែ​ប្រសើរ ដោយ​បាន​ដាក់ចេញ​នូវ​វិធានការ​គោលនយោបាយ​អាទិភាព​ក្រោម​ក្របខណ្ឌ​យុទ្ធសាស្ដ្រ​ចំនួន​ ៥ រួមមាន ៖ ទី​ ១-​បទដ្ឋាន​គតិយុត្ត​រដ្ឋាភិបាល​ឌីជីថល ទី​ ២-​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ទី​ ៣-​សេវា​រដ្ឋាភិបាល​ឌីជីថល ទី​ ៤-​ការកសាង​សមត្ថភាព ការស្រាវជ្រាវ និង​នវានុវត្តន៍​ឌីជីថល និង​ទី​ ៥-​ភាព​ជា​ដៃ​គូរ​រវាង​រដ្ឋ និង​ឯកជន​។

ជាមួយ​គ្នា​នេះដែរ ចក្ខុវិស័យ​នេះ​នឹង​ប្រែក្លាយ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ឆ្នាំ​ ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ ឆ្នាំ​ ២០៥០ រាជរដ្ឋាភិបាល នីតិកាល​ទី​ ៦ នៃ​រដ្ឋសភាព​បាន​ដាក់ចេញ​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤ ដោយ​សង្កត់ធ្ងន់​ទៅលើ​ការធ្វើ «​ពិពិធកម្ម​សេដ្ឋកិច្ច​» ដែលជា​យុទ្ធសាស្ដ្រ​ស្នូល​។ ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ទទួល​បាន​ជោគជ័យ​ត្រូវ​ដើរ​ស្រប​ទៅ​នឹង «​និន្នាការ​ពិភពលោក​» ដើម្បី​ទួលបាន «​ការចូលរួម​វិនិយោគ​ពី​វិស័យ​ឯកជន​» ទាំង​ក្នុង និង​ក្រៅប្រទេស​។

«​នាពេល​បច្ចុប្បន្ន ការវិវត្ត​នៃ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ស្ថិត​នៅក្នុង​ដំណាក់កាល​ដំបូង​នៅឡើយ ដោយ​ហេតុថា ឌីជីថល​លូបនីយកម្ម​តាម​ក្រសួង​-​ស្ថាប័ន មិនមាន​ការប្រមូលផ្ដុំ ភាគច្រើន​ផ្ដោត​សំខាន់​លើ​ការអភិវឌ្ឍ​កម្មវិធី​សម្រាប់​សម្រួល​ដល់​ការងារ ដោយ​គ្មាន​យុទ្ធសាស្ដ្រ​សម្រាប់​ការផ្លាស់ប្ដូរ​ទៅ​ឌីជីថល​រយៈពេល​វែង និង​ការគិតគូរ​ជាសំខាន់​ពី​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិភាព ដែល​អាច​កើត​ចេញ​ពី​ទិន្នន័យ​ប្រមូលផ្ដុំ​បាន​»៕ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​៕