ភ្នំពេញៈ រដ្ឋា​ភិ​បាល​កម្ពុជា​កំ​ពុង​សិ​ក្សា​ពី​លទ្ធ​ភាព​ក្នុង​ការ​ប្រ​មូល​ពន្ធ​លើ​ពា​ណិជ្ជ​កម្ម​តាម​ប្រ​ព័ន្ធ​អេ​ឡិច​ត្រូ​និក​ដែល​កំ​ពុង​កើន​ឡើង ខណៈ​កម្ពុជា​កំ​ពុង​​ឆ្ពោះ​ទៅ​រក​​​ ដំ​ណើរ​ការ​សេដ្ឋ​កិច្ច​តាម​ប្រ​ព័ន្ធ​ឌី​ជី​ថល។

យោង​តាម​សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​របស់​ក្រ​សួង​សេដ្ឋ​កិច្ច​ និង​ហិ​រញ្ញ​វត្ថុ​ កាល​ពី​ម្សិល​មិញ ​លោក​ អូន​ ព័ន្ធ​មុ​នី​រ័ត្ន ​រដ្ឋ​មន្រ្តី​ក្រ​សួង​​សេដ្ឋ​កិច្ច បាន​ដឹក​នាំ​កិច្ច​ប្រ​ជុំ​​ពិ​និត្យ​​លទ្ធ​ផល​នៃ​ការ​សិក្សា​ស្តី​ពី​សារ​ពើ​ពន្ធ​អេ​ឡិច​ត្រូ​និក (E-Tax) ដោយ​ផ្តោត​លើ​ទិដ្ឋ​​ភាព​​ពា​ណិជ្ជ​កម្ម​តាម​ប្រ​ព័ន្ធ​អេ​ឡិច​ត្រូ​និក​​ក្នុង​បរិ​បទ​សេដ្ឋ​កិច្ច​ឌី​ជី​ថល។

សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​ បន្ត​ថា ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ នៅ​ក្នុង​សកម្ម​ភាព​អា​ជីវ​កម្ម​កំ​ពុង​កើន​ឡើង​ គួរ​ឲ្យ​កត់​​សម្គាល់​នៅ​កម្ពុជា​ ខណៈ​អតិ​ថិ​ជន​កំ​ពុង​ទទួល​យក​និ​ន្នា​​ការ​ថ្មី​នេះ​។ ​

សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​បញ្ជាក់​ថា​៖ ​«​បរិ​​បទ​ថ្មី​នេះ តម្រូវ​ឲ្យ​រាជ​រដ្ឋា​ភិ​បាល​ត្រូវ​រៀប​ចំ​ និង​កែ​សម្រួល​គោល​នយោ​បាយ​ និង​បទ​ប្ប​ញ្ញត្តិ​ពាក់​ព័ន្ធ​ផ្សេង​ៗ​​ឲ្យ​ស្រប​ទៅ​តាម​​និន្នា​ការ​នេះ​ដើម្បី​ចាប់​យក​ឱ​កាស​ ជំ​រុញ​ការ​រីក​ចម្រើន​នៃ​ទី​ផ្សារ​ធុរ​កិច្ច​បច្ចេក​វិ​ទ្យា និង​កាត់​បន្ថយ​នូវ​ហា​និ​ភ័យ​ដែល​អាច​កើន​ឡើង​ជា​យ​ថា​ហេតុ​ដោយ​បច្ចេក​វិទ្យា​ទាំង​នេះ»​។

សេច​ក្ដី​ប្រ​កាស​នេះ​បន្ថែម​ថា ​ខណៈ​ពន្ធ​លើ​ពា​ណិជ្ជ​កម្ម​តាម​ប្រ​ព័ន្ធ​អេ​ឡិច​ត្រូ​និក​ កំ​ពុង​ត្រូវ​បាន​អភិ​វឌ្ឍ​​​​ក្នុង​តំ​បន់ ​និង​លើ​ពិ​ភព​លោក ​កម្ពុជា​​មិន​ទាន់​មា​ន​យន្ត​ការ​ពិត​ប្រា​កដ​ ក្នុង​ការ​​ប្រ​មូល​​​ពន្ធ​ពី​ប្រ​តិ​បតិ្ត​ការ​តាម​ប្រ​ព័ន្ធ​អេ​ឡិច​ត្រូ​និក​នោះ​ទេ​​។

​លោក​ រ​ស់​ ​សី​ឡា​វ៉ា អនុ​រដ្ឋ​លេ​ខា​ធិ​ការ​សេដ្ឋ​កិច្ច ​និង​ហិ​រញ្ញ​វត្ថុ​បាន​​ឲ្យ​ដឹង​ថា ​មន្ដ្រី​ក្រ​សួង​កំពុង​ស្ថិត​​ក្នុង​ដំ​ណាក់​​កាល​សិ​ក្សា​ដើ​ម្បី​អភិ​វឌ្ឍ​​ពា​ណិជ្ជ​កម្ម​អន​ឡាញ​ និង​ការ​រួម​ចំ​ណែក​ជំ​រុញ​កំ​ណើន​របស់​វិ​ស័យ​នេះ​។​

​លោក​ថ្លែង​ថា​៖ «​ពា​ណិជ្ជ​កម្ម​អេ​ឡិច​ត្រូ​និ​ក​កម្ពុជា​ កំ​ពុង​ស្ថិត​ក្នុង​ដំ​ណាក់​កាល​ដំ​បូង​​នៃ​ការ​អភិ​វឌ្ឍ​​ ដូច្នេះ​យើង​​អាច​មិន​សម្រេច​​យក​​​ពន្ធ​ភ្លាម​ៗ​​ទេ​ យើង​ទើប​តែ​សិ​ក្សា​ការ​អភិ​វឌ្ឍ​​ពិត​ និង​ការ​បង្កើត​គោល​នយោ​បាយ​ និង​បទប្ប​ញ្ញត្តិ​មួយ​ចំ​នួន​ ដើ​ម្បី​ជួយ​ដល់​កំ​ណើន​វិ​ស័យ​នេះ​ឲ្យ​​​រលូន​»​។​

ការ​អភិ​វឌ្ឍ​ ពា​ណិជ្ជ​កម្ម​អេ​ឡិច​ត្រូ​និក​​នៅ​កម្ពុជា​ ត្រូវ​បាន​រា​រាំង​ដោយ​កង្វះ​បទ​ប្ប​ញ្ញត្តិ​។ ច្បាប់​ពា​ណិជ្ជ​កម្ម​អេ​ឡិច​ត្រូ​និក​ កំ​ពុង​ត្រូវ​បាន​ព្រាង​ ដោយ​ក្រ​សួង​ពា​ណិជ្ជ​កម្ម ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ហើយ​រហូត​មក​ដល់​ពេល​នេះ​ កាល​បរិច្ឆេ​ទ​នៃ​​ការ​អ​នុ​ម័ត​ជា​​ផ្លូវ​ការ​លើ​ច្បាប់​នេះ​​​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​ទេ៕​LA