ក្រុងអាថែនៈ ប្រទេស ក្រិក កាលពីថ្ងៃចន្ទបានបញ្ចប់ការសងបំណុលមុនកាលកំណត់ចំនួន ២,៧ ពាន់លានអឺរ៉ូ (៣ ពាន់លានដុល្លារ) សម្រាប់កម្ចីដែលទទួលបានពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលកម្ចីនេះកើតចេញពីកម្មវិធីថវិកាសង្គ្រោះរាប់ពាន់លានដុល្លាររបស់ប្រទេសនេះ។ នេះបើតាមក្រសួងហិរញ្ញវត្ថុក្រិក។
ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា ការសងបំណុលមិនកាលកំណត់នេះ «កាត់បន្ថយការចំណាយលើកម្ចី ធ្វើឲ្យប្រសើរឡើងនូវភាពរស់រាននៃបំណុលសាធារណៈរបស់ប្រទេសក្រិក និងបង្កើនបន្ថែមទៀតនូវទំនុកចិត្តរបស់ទីផ្សារ»។
យោងតាមក្រសួងហិរញ្ញវត្ថុដដែលនេះ កម្ចីដែលទទួលបានពីមូលនិធិ IMF ដែលបានសងនេះមានអត្រាការប្រាក់ ៤,៩១ ភាគរយ នៅពេលដែលអត្រាកម្ចីបច្ចុប្បន្នរបស់ប័ណ្ណបំណុលរដ្ឋាភិបាលក្រិកមានកម្រិតទាបជាងនេះឆ្ងាយ។
លោក Christos Staikouras រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក្រិកឲ្យដឹងថា ការសងបំណុលមុនកំណត់នេះនឹងជួយឲ្យក្រិកសន្សំបានប្រាក់ចំនួន ៧០ លានអឺរ៉ូ (៧៧ លានដុល្លារ)។
ប្រាក់កម្ចីនេះគឺជាផ្នែកមួយនៃការផ្តល់ថវិកាសង្គ្រោះរវាងសហភាពអឺរ៉ុប និងមូលនិធិ IMF តម្លៃ ២៨៩ ពាន់លានអឺរ៉ូ ដែលផ្តល់ឲ្យដោយផ្អែកលើលក្ខខណ្ឌនៃការកាត់បន្ថយការចំណាយផ្សេងៗរបស់រដ្ឋាភិបាលក្រិកដែលបានរក្សាក្រិកឲ្យរស់រានក្នុងគ្រាដែលមានវិបត្តិបំណុលរយៈពេលមួយទសវត្សរ៍មកនេះ។
ការផ្តល់ថវិកាសង្គ្រោះលើកទី ៣ និងជាលើកចុងក្រោយបានបញ្ចប់នៅខែសីហា ឆ្នាំ ២០១៨៕ KC