The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋាភិបាល​គ្រោង​ធ្វើ​បទ​ប្បញ្ញត្តិ​គ្រប់​គ្រងទៅ​លើ​តម្លៃ​ប្រេង​នៅ​កម្ពុជា

រដ្ឋាភិបាល​គ្រោង​ធ្វើ​បទ​ប្បញ្ញត្តិ​គ្រប់​គ្រងទៅ​លើ​តម្លៃ​ប្រេង​នៅ​កម្ពុជា

តម្លៃ​ប្រេង​នៅ​ស្ថានីយ៍​ចាក់សាំង មួយ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​សប្តាហ៍​មុន។
តម្លៃ​ប្រេង​នៅ​ស្ថានីយ៍​ចាក់សាំង មួយ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​សប្តាហ៍​មុន។

រដ្ឋាភិបាល​គ្រោង​ធ្វើ​បទ​ប្បញ្ញត្តិ​គ្រប់​គ្រងទៅ​លើ​តម្លៃ​ប្រេង​នៅ​កម្ពុជា

ភ្នំពេញៈ ​រដ្ឋា​ភិបាល​​កម្ពុជា​កំពុង​ពិចារ​ណា​បញ្ញត្តិ​ច្បាប់​គ្រប់គ្រង​តម្លៃ​ប្រេងឥន្ធនៈ​ក្នុង​កិច្ចខិត​ខំ​ប្រឹងប្រែង​ក្នុង​ការ​បញ្ចុះ​តម្លៃ​ក្នុង​អំឡុង​ពេល​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​ពិ​ភពលោក​។​

ក្នុង​អំឡុង​មហា​សន្និបាត​របស់​ក្រសួង​រ៉ែ​ និង​ថាមពល​ (MME) ​កាល​ពី​សប្ដាហ៍​មុន​ លោក​រដ្ឋ​មន្ដ្រី​ ស៊ុយ​ សែម​ បាន​ជំរុញ​ឲ្យ​មន្ដ្រី​ត្រូវ​ពិចារ​ណា​អំពី​បទប្បញ្ញត្តិ​ច្បាប់​តម្លៃ​ប្រេងសាំង​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ត្រួត​ពិនិត្យ​និង​គ្រប់គ្រង​ការ​ប្រែប្រួល​តម្លៃ​ទី​ផ្សារ​។ ​នេះ​បើ​តាម​លោក ម៉េង សកិ្ដ​ធារ៉ា ​រដ្ឋ​លេខា​ធិការ​ ក្រសួង​រ៉ែ​ និង​ថាមពល​។

ក្រុម​ការងារ​មួយ​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​សិក្សា​ពី​ច្បាប់​តម្លៃ​ប្រេង​ឥន្ធនៈ។ ​បើ​យល់​ថា ​អាច​ធ្វើ​បាន​ ច្បាប់​នេះ​នឹង​ត្រូវ​បាន​សរសេរ​នៅ​ក្នុង​សេចក្ដី​ព្រាងច្បាប់​ប្រេង​ឥន្ធនៈ​ ដែល​គ្រោង​នឹង​ដាក់ជូន​ទីស្ដី​ការគណៈ​រដ្ឋមន្ដ្រី​នៅ​ចុង​ឆ្នាំ​នេះ​។​ ​

លោក​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា៖ «​នៅ​ពេល​តម្លៃ​ប្រេងសាំង​មិន​ត្រូវ​បាន​គ្រប់គ្រង​តាម​ច្បាប់​ជា​ពិសេស​នោះ​ទេ​ ខ្ញុំ​គិតថា ​វា​មាន​ភាព​ផ្ដាច់​មុខ​បន្តិច​ហើយ​ ដោយ​សារ​តែ​ស្ថានីយប្រេង​សាំងជា​ច្រើន​បាន​កំណត់​តម្លៃ​ដោយ​សេរី​តាម​អ្វី​ដែល​ពួក​គេចង់​បាន​»។ ​

លោក​បាន​បន្ថែម​ថា ​តម្លៃ​ប្រេង​សាំង​លក់​រាយ​នៅតែ​មាន​តម្លៃ​ខ្ពស់​បើ​ធៀប​ជា​មួយ​នឹង​ការ​ធ្លាក់ចុះ​តម្លៃ​ប្រេង​ពិភពលោក។​

លោក​បន្ត​ថា​៖ «​វាជា​ពេល​វេលា​ដ៏​សំខាន់​មួយ​ ដែល​ជា​របត់​មួយ​​ស​ម្រាប់​ពួកយើង​ដើ​​ម្បី​គិត​ឲ្យ​បាន​ម៉ត់​ចត់​អំពី​ការ​ប្រែ​ប្រួល​តម្លៃ​​ប្រេង​សាំង ​ហើយ​ត្រូវ​ព្យា​យាម​រក​ឲ្យ​ឃើញ​យុទ្ធ​​សាស្ដ្រ​​មួយ​សម្រាប់​ប្រទេស​នេះ​ដើ​ម្បី​ទ​ទួល​បាន​ប្រ​យោ​ជន៍​បើ​​តម្លៃ​ប្រេង​សាំង​ពិភព​លោក​នៅតែ​ចុះទាប​»​។

ប្រេង​ឆៅ​មាន​ត​ម្លៃ​៤៦​ដុ​ល្លា​រអាមេរិក​ក្នុង​មួយ​បារ៉ែល​នៅ​លើ​ផ្សារ​ហ៊ុន​ទី​ក្រុ​ងញូវ​​យ៉ក​ ​ធ្លាក់​ចុះ​៥៤​ភាគរ​យ​​ពី​​ក្នុង​ត​ម្លៃ​ជាង​​ ១០០​ ដុល្លា​រអា​មេរិក​ក្នុង​មួយ​បា​រ៉ែល​កាល​ពីខែ​កក្កដា​ឆ្នាំ​មុន​។​

លោក ​កែន​ រដ្ឋា​ អ្នក​នាំ​ពាក្យ​​ក្រសួង​ពា​ណិ​ជ្ជកម្ម​បដិ​សេធ​ធ្វើ​សេចក្តី​អត្ថា​ធិប្បា​យ​ច្រើន​អំ​ពី​ការ​ស្នើ​ច្បាប់​របស់​ MME ​នេះ​ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា៖ «​ក្រសួង​ពា​ណិជ្ជកម្ម​កំពុ​ង​ដើរ​តួ​នាទី​​ជា​អ្នក​សម្រប​សម្រួល​ក្នុង​ការ​ពិ​ភាក្សា​ជា​មួយ​វិស័យ​ឯកជន​ពី​លទ្ធភាព​ និង​បញ្ហា​ប្រឈម​ដែល​ក្រុម​ហ៊ុន​​ចែកចាយ​ប្រេង​កំពុង​ជួប​ប្រទះ​»​។ ​

លោក​បន្ត​ថា​៖ «​យើង​ជិត​បញ្ចប់​ច្បាប់​ប្រកួត​ប្រជែង​ដែល​មាន​បំណង​គ្រប់គ្រង​និង​ធានា​ឲ្យ​ការ​ប្រកួត​ប្រជែង​ដោយ​ស្មោះត្រង់​ និង​ដោយ​យុត្តិ​ធម៌​ និង​ជំរុញ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​កាន់តែ​ច្រើន​»។

លោក ​សម​ រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង​បាន​ស្វាគមន៍​ដល់​ការរំពឹង​ទុក​នៃ​ការ​ត្រួត​ពិនិត្យ​កាន់តែ​តឹងរ៉ឹង​លើ​ទី​ផ្សារ​លក់​រាយ​ប្រេង​ឥន្ធនៈ​​។ ​លោក​ថ្លែង​ថា ​ការ​ជំរុញ​ឲ្យ​មាន​បទ​​ប្បញ្ញត្តិ​អាច​ជួយ​បញ្ចប់​ការ​ផ្ដាច់​មុខ​តម្លៃ​និង​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​ចែកចាយ​បញ្ឈប់​ការ​គេច​ពន្ធ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា​។

លោក​ថ្លែង​តាម​អ៉ីមែល​មួយ​កាល​ពី​ម្សិល​មិញ​ថា​៖ «​ដំណោះ​ស្រាយច្បាប់​អាច​ជា​រឿង​វិជ្ជមាន​ដោយ​នាំ​មក​នូវ​តម្លាភាព​កាន់​តែ​ច្រើន​»​។

លោក​ ប៊ិន​ មណី​មាលា ​អនុ​ប្រធាន​ផ្នែក​គ្រប់​គ្រង​នៃ​កិច្ច​ការ​អាជីវ​កម្ម​រប​ស​ក្រុម​ហ៊ុន ​PTT​ (Cambodia) ​ ឲ្យ​ដឹង​ថា៖ «​វា​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​កម្ពុជា ​ពិសេស​ដោយ​សារ​វា​ល្អ​សម្រាប់​អ្នក​ប្រើប្រាស់​ និង​អ្នក​ផ្គត់ផ្គង់​។ ​បើ​បទ​ប្បញ្ញត្តិ​ទាំង​នេះ​ត្រូវ​បាន​អនុវត្ត​នឹង​មាន​តម្លាភាព​កាន់តែ​ច្រើន​ក្នុងពាណិជ្ជ​កម្ម​ប្រេង​នៅ​កម្ពុជា​»​។​​

បន្ទាប់​ពី​អន្តរាគមន៍​ពី​ក្រសួង​ពា​ណិជ្ជកម្ម​ជា​លើក​ទី​បី ​តម្លៃ​សាំង​បាន​បន្ត​ធ្លាក់​ចុះ​ពី​ ៤០០០​ រៀល​ក្នុង​មួយ​លីត្រ​មក​នៅ​៣៩០០​រៀល ​សម្រាប់​ក្រុម​ហ៊ុន​សូគីម៉ិច ​និង​តេលា​ ហើយ ​PTT​ ថ្លៃ​៤០៥០រៀល ​ខណៈ​តូតាល់ តម្លៃ ៤ ០៥០​រៀល ​និង​កាល់​​តិច​៤១០០​រៀល​​ចាប់​ពី​ថ្ងៃ​ទី​២១ ​មករា​៕

អត្ថបទគួរចាប់អារម្មណ៍