ភ្នំពេញៈ វិស័យ​ឯកជន​មាន​សុទិដ្ឋិនិយម​ចំពោះ​ការដាក់ចេញ​ច្បាប់​វិនិយោគ​ថ្មី​ ដែល​នឹង​ក្លាយជា​កម្លាំងចលករ​ថ្មី​មួយ​ក្នុង​ការធ្វើ​ពិពិធ​កម្មវិស័យ​ឧស្សាហកម្ម និង​សេដ្ឋកិច្ច​របស់​កម្ពុជា​ក៏​ដូចជា​ការឆ្លើយតប​នឹង​បរិបទ​បច្ចុប្បន្ន​នៃ​តំបន់ និង​ពិភពលោក​។

ច្បាប់​វិនិយោគ​ថ្មី​ដែលមាន​ ១១ ​ជំពូក និង​ ៣៩ ​មាត្រា​ត្រូវ​បាន​ពិភាក្សា​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ពី​វិស័យ​ឯកជន និង​ក្រសួង​របស់​រដ្ឋាភិបាល ដើម្បី​ទទួល​ធាតុ​ចូល​បន្ថែមទៀត​មុនពេល​ច្បាប់​នេះ​ត្រូវ​ដាក់ចេញ​ជា​ផ្លូវការ​ដែល​រំពឹងថា​នឹង​ចេញ​ក្នុងពេល​ឆាប់ៗ​នេះ​។

យោងតាម​សេចក្ដី​ព្រាងច្បាប់​ដែល ​ភ្នំពេញ​ ប៉ុស្ដិ៍​ ទទួលបាន គោលបំណង​របស់​ច្បាប់​នេះ​គឺ​ដើម្បី​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​នៅក្នុង​ស្មារតី​នៃ​ការធ្វើ​ពិពិធកម្ម​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច និង​ភាពធន់​នឹង​វិបត្តិ​ក្នុង​តំបន់ និង​ពិភពលោក​ដើម្បី​ធ្វើ​ទំនើបកម្ម និង​បង្កើន​ផលិតភាព​ឧស្សាហកម្ម​ក្នុងស្រុក និង​ពង្រឹង​ការតភ្ជាប់​ចង្វាក់​ផ្គត់ផ្គង់​ក្នុង​តំបន់ និង​ពិភពលោក ដើម្បី​បង្កើត​របប​លើកទឹកចិត្ត​វិនិយោគ​ដែលមាន​តម្លាភាព​អាច​ព្យាករ​បាន មិន​រើសអើង ការប្រកួត​ប្រជែង និង​គាំទ្រ​គោលនយោបាយ​សង្គម​សេដ្ឋកិច្ច និង​ដើម្បី​ផ្ដល់​ការការពារ​សិទ្ធិ និង​អត្ថប្រយោជន៍​ស្របច្បាប់​របស់​វិនិយោគិន​នៅ​កម្ពុជា​។

លោក សុខ ចិន្តាសោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែលជា​ស្ថាប័ន​តាក់តែង​ច្បាប់​វិនិយោគ​នេះ​បាន​ដឹកនាំ​កិច្ចពិគ្រោះ​យោបល់​មួយ​កាលពី​ថ្ងៃ​ពុធ​ក្រោម​អធិបតីភាព​លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​បាន​ចូលរួម​ដោយ​តំណាង​ក្រសួង និង​ស្ថាប័ន​នានា​។

កំណត់​ហេតុ​កិច្ចប្រជុំ​របស់ CDC បាន​ឲ្យ​ដឹងថា​៖ «​សេចក្ដី​ព្រាង​ច្បាប់​វិនិយោគ​ថ្មី​នេះ​ត្រូវ​បាន​បង្កើតឡើង ដែល​អនុវត្តតាម​ផែនទី​តម្រង់ទិស​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ​ ២០១៥-២០២៥ ក្នុង​គោលបំណង​បង្កើត​ច្បាប់​នេះ​ឲ្យ​មាន​ភាពទាក់ទាញ និង​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​សម្រាប់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ចកម្ពុជា​»​។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា ស្វាគមន៍​អនាគត​ច្បាប់​ថ្មី​នេះ ដោយសារ​វា​ត្រូវ​បង្កើតឡើង​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ការផ្លាស់ប្តូរ​បច្ចុប្បន្ន​នៃ​ស្ថាបត្យកម្ម​វិនិយោគ​ក្នុង​តំបន់ និង​ពិភពលោក​។

លោក​បន្តថា​៖ «​យើង​បាន​ដឹកនាំ​កិច្ចប្រជុំ​ក្នុងចំណោម​វិស័យ​ឯកជន​អំពី​ច្បាប់​វិនិយោគ​ថ្មី​នេះ ខណៈ​យើង​យល់ថា ច្បាប់​នេះ​មាន​ភាពទាក់ទាញ និង​ការឆ្លើយតប​កាន់តែខ្លាំង​ដល់​ការអភិវឌ្ឍ​នៅពេល​ថ្មីៗ​នៃ​បរិបទ​ក្នុង​តំបន់ និង​ពិភពលោក​»​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ក៏​បាន​សាទរ​ចំពោះ​ការរៀបចំ​ច្បាប់​នេះ និង​កោតសរសើរ​រដ្ឋាភិបាល​ដែល​ចាត់ទុក​វិស័យ​ឯកជន​ជា​ដៃគូ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។

លោក​បន្តថា​៖ «​យើង​មើលឃើញថា សេចក្តី​ព្រាង​ច្បាប់​វិនិយោគ​ថ្មី​នេះ​នឹង​ជួយ​ធ្វើ​ពិពិធកម្ម​វិស័យ​ឧស្សាហកម្ម​កម្ពុជា ដើម្បី​ទាក់ទាញ​ការវិនិយោគ​កាន់តែច្រើន​ទៀត ហើយ​វា​ក៏​ជួយ​ទាក់ទាញ​ការវិនិយោគ​កាន់តែ​ច្រើន​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា ខណៈ​ដែល​រដ្ឋាភិបាល​កំណត់​ទិសដៅ​ក្នុង​ការប្រែ​ក្លាយ​ទៅ​ជា​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ខាងមុខនេះ​»​។

ក្រោយ​ការបោះឆ្នោត​សកល ឆ្នាំ​ ១៩៩៣ កម្ពុជា​បានដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​វិនិយោគ​ដំបូង​ក្នុង​ឆ្នាំ​ ១៩៩៤ ហើយ​ច្បាប់​នោះ​ត្រូវបាន​ធ្វើ​វិសោធនកម្ម​កាលពី​ឆ្នាំ​ ២០០៣​។ មួយឆ្នាំ​ក្រោយ​ការអនុម័ត​ច្បាប់​វិនិយោគ​ចំនួន​ការវិនិយោគ​ដែល​អនុម័ត​ដោយ CDC មានតម្លៃ​សរុប​ប្រហែល​ ២,៣ ​ពាន់​លាន​ដុល្លារ​។

រដ្ឋាភិបាល​បានអនុម័ត​ការវិនិយោគ​មាន​ទឹកប្រាក់​ ៨៥,៨៨ ​ពាន់​លាន​ដុល្លារ​អាមេរិក​គិត​ត្រឹម​ឆ្នាំ​ ២០១៩​។ ក្នុង​ឆ្នាំ ​២០១៩ ​នោះ​ដែរ ការអនុម័ត​ការវិនិយោគ​ឈានដល់​កំណត់ត្រា​ចំនួន​ ៩,៤០ ​ពាន់​លាន​ដុល្លារ​ដែល​មាន​វិនិយោគ​ពី​ប្រទេស​ចិន​ចំនួន​ ២,៧៥ ​ពាន់​លាន​ដុល្លារ បន្ទាប់មក​ទីក្រុង​ហុងកុង​ចំនួន ៩១២,៥៥ ​លាន​ដុល្លារ និង​ជប៉ុន​មាន​ចំនួន​ ២៩៨,៨៤ ​លាន​ដុល្លារ​។

ការវិនិយោគ​ផ្ទាល់​បរទេស​រួមបញ្ចូល​គ្នា​ដែល​បានអនុម័ត​ក្នុងអំឡុងពេល​ឆ្នាំ​ ១៩៩៤-២០១៩ ចំណែក​ភាគច្រើន​បំផុត​គឺ​មកពី​ប្រទេស​ចិន​ស្មើ​ ២១,៨១ ​ភាគរយ ហើយ​បន្ទាប់ពី​ប្រទេស​ចិន គឺ​ប្រទេស​កូរ៉េខាងត្បូង​មាន​ចំនួន​ ៦,១៦ ​ភាគរយ ចក្រភព​អង់គ្លេស​មាន​ចំនួន​ ៥,០១ ​ភាគរយ​។

ប្រភព​សំខាន់ៗ​ផ្សេងទៀត​រួមមាន ម៉ាឡេស៊ី ៣,៥៩ ​ភាគរយ ជប៉ុន​ ៣,១៣ ​ភាគរយ ហុងកុង​ ៣,០៥ ​ភាគរយ តៃវ៉ាន់​ ១,៧៧​ ភាគរយ វៀតណាម​ ២,៣១ ​ភាគរយ សិង្ហបុរី​ ១,៦៤ ​ភាគរយ និង​ថៃ​ ១,៥៤ ​ភាគរយ ដែល​ការវិនិយោគ​ភាគច្រើន​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​៕LA

វីដេអូ៖