ក្រុង​ប៉េកាំងៈ មន្ដ្រី​ពាណិជ្ជកម្ម​ជាន់​ខ្ពស់​របស់​ប្រទេស ចិន ​បាន​ឲ្យ​ដឹង​ថា ប្រទេស ចិន ​នឹង​កាត់​បន្ថយ​ការ​​រឹត​បន្តឹង​បន្ថែម​ទៀត​លើ​ការ​វិនិយោគ​បរទេស និង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​ក្រុមហ៊ុន​បរទេស​ដែល​វិនិយោគ​នៅ​ក្នុង​ទីផ្សារ​របស់​ខ្លួន​នៅ​ឆ្នាំ​នេះ​។

លោក Zhong Shan រដ្ឋ​មន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​នៅ​ក្នុង​​បទ​សម្ភាស​​មួយ​ជា​មួយ​ទី​ភ្នាក់ងារ​ព័ត៌មាន​​ ស៊ីនហួរ ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ បញ្ជី​អវិជ្ជមាន​ដែល​រឹត​បន្តឹង​ការ​វិនិយោគ​បរទេស​នៅ​ក្នុង​ឧស្សាហកម្ម​មួយ​ចំនួន នឹង​ត្រូវ​កាត់​បន្ថយ​បន្ថែម​ទៀត​ទាំង នៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម​សេរី​សាកល្បង​ទាំង ១២ របស់​ខ្លួន និង​ទូទាំង​ប្រទេស និង​អនុញ្ញាត​ឲ្យ​បរទេស​មាន​ភាព​ជា​​ម្ចាស់​កម្មសិទ្ធិ​ពេញ​លេញ​​​ក្នុង​វិស័យ​ជា​ច្រើន។

លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​វិធានការ​ជំរុញ​មួយ​សម្រាប់​​ការ​វិនិយោគ​បរទេស​ក្នុង​ការ​ផលិតកម្ម និង​ឧស្សាហកម្ម​បច្ចេកវិទ្យា​ទំនើប និង​នៅ​តំបន់​កណ្ដាល និង​ភាគ​ខាង​លិច។ លោក​បន្ថែម​ថា រដ្ឋាភិបាល ​នឹង​ជួយ​​ក្រុមហ៊ុន​បរទេស​​ដោះស្រាយ​ការ​ពិបាក​នានា​ទាក់​ទង​នឹង​​ការ​វិនិយោគ​​នៅ​ក្នុង​ប្រទេស​ ចិន​។​

លោក​ Zhong បាន​បញ្ជាក់​ថា ដើម្បី​បង្កើត​បរិយាកាស​អនុគ្រោះ ក្រសួង​ពាណិជ្ជកម្ម​​នឹង​ជំរុញ​ឲ្យ​មាន​ច្បាប់​វិនិយោគ​បរទេស និង​កែ​លម្អ​យន្តការ​​ដោះស្រាយ​បណ្តឹង​​របស់​រដ្ឋាភិបាល​ដែល​ដាក់​ដោយ​​ក្រុមហ៊ុន​បរទេស​។

ក្នុង​នាម​ជា​ទិស​ដៅ​វិនិយោគ​ពិភព​លោក​ដ៏​ធំ​មួយ ​ចិន​បាន​រក្សា​កំណើន​ប្រកប​​ដោយ​ស្ថិរភាព​ក្នុង​ការ​វិនិយោគ​ផ្ទាល់​បរទេស (FDI) ក្នុង​គ្រា​ដែល​មាន​​​បរិយាកាស​វិនិយោគ ​ពិភព​លោក​មិន​ល្អ។ FDI នៅ​​ចិន​​​​កើន ​៣ ភាគ​រយ​​​ដល់ ១៣៥ ពាន់​​លាន​ដុល្លារ​​នៅ​ឆ្នាំ ២០​១៨ ធៀប​នឹង​ឆ្នាំ ២០១៧ ខណៈ​​​​​ FDI សម្រាប់​ពិភព​លោក​ទាំង​មូល​​បាន​ធ្លាក់​ចុះ​ ៤១ ភាគរយ៕ People''s Daily/LA