ភ្នំពេញៈ រដ្ឋាភិបាលចិនបានសន្យាថា នឹងគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍខេត្តតំបន់ឆ្នេរដ៏សំខាន់របស់កម្ពុជា ដែលបច្ចុប្បន្នកំពុងទាក់ទាញវិនិយោគិនចិនភាគច្រើនក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស កម្ពុជា។
ការប្ដេជ្ញាចិត្តនេះត្រូវបានធ្វើឡើងដោយលោក លី កេឈាង នាយករដ្ឋមន្ដ្រីចិន ក្នុងកិច្ចប្រជុំទ្វេភាគីជាមួយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងអំឡុងភាគីទាំង ២ ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ នៅទីក្រុងបាងកក ប្រទេស ថៃ កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមព័ត៌មានបានពីទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុនសែន ដែលបានបង្ហោះបន្ទាប់ពីកិច្ចប្រជុំនេះ។
តាមទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីដោយបានដកស្រង់សម្តីលោក លី កេឈាង ថា៖ «លោកនាយករដ្ឋមន្ដ្រីចិនបានគាំទ្រគម្រោងវិនិយោគទាំងអស់នៅខេត្តព្រះសីហនុ ខណៈប្រទេសទាំង ២ នឹងពិភាក្សា [ស្ដីពីការអភិវឌ្ឍ] ពិសេសស្ដីពីជំនួយឥតសំណង ដើម្បីជួយអភិវឌ្ឍខេត្តព្រះសីហនុ»។
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃចន្ទថា ការប្ដេជ្ញាចិត្តនេះបានធ្វើឡើងដោយមេដឹកនាំទាំង ២ សម្រាប់ការអភិវឌ្ឍខេត្តព្រះសីហនុដែលកំពុងឆ្លុះបញ្ចាំងពីលំហូរចូលការវិនិយោគរបស់ប្រទេសចិនទៅក្នុងខេត្តនេះក្នុងរយៈពេល ២-៣ ឆ្នាំក្រោយនេះ។
លោកថ្លែងថា៖ «ការប្ដេជ្ញាចិត្តនេះបង្ហាញពីទំនុកចិត្តនៃការវិនិយោគរបស់ប្រទេសចិននៅខេត្តព្រះសីហនុ។ យើងអាចមើលឃើញថា ចំនួនច្រើននៃការវិនិយោគរបស់ប្រទេសចិននៅទីនេះដែលរួមចំណែកដល់ការកែលម្អជីវភាពរស់នៅរបស់ប្រជាជន និងការបង្កើនចំនួនភ្ញៀវទេសចរផងដែរ»។
លោកបន្ថែមថា បច្ចុប្បន្នមានចំនួនការវិនិយោគរបស់ប្រទេសចិនជាច្រើននៅក្នុងឧស្សាហកម្មសណ្ឋាគារ និងផ្សារទំនើប ខណៈចំនួនជើងហោះហើរក៏បានកើនពីប្រហែល ១០ ជើងក្នុង ១ ថ្ងៃ កាលពីឆ្នាំ ២០១៦ ដល់ជាង ៦០ ជើងហោះហើរក្នុង ១ ថ្ងៃនៅពេលនេះ។
លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានឲ្យដឹងថា ទំនាក់ទំនងរវាងកម្ពុជា និងចិនកាន់តែរឹងមាំឡើងៗនោះជាគន្លឹះដ៏សំខាន់ក្នុងការបង្កើនទំនុកចិត្តសម្រាប់ក្រុមវិនិយោគិចិន។
លោកថ្លែងថា៖ «ខ្ញុំជឿជាក់ថា ទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិនមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទាក់ទាញការវិនិយោគផ្ទាល់បរទេសពីចិនមកប្រទេសរបស់យើង។ ជាមួយគ្នានេះដែរ ប្រទេសរបស់យើងក៏ទទួលបានអត្ថប្រយោជន៍ដ៏ធំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ»។
លោកបន្តថា៖ «ដូច្នេះការប្ដេជ្ញាចិត្តដែលមេដឹកនាំទាំង ២ បានធ្វើឡើង ដើម្បីគាំទ្រការអភិវឌ្ឍខេត្តព្រះសីហនុបង្ហាញថា ការវិនិយោគទាំងអស់នៅក្នុងខេត្តនេះនឹងត្រូវបានរៀបចំយ៉ាងល្អ សម្រាប់ដំណើរការរយៈពេលវែងដែលវិនិយោគិនចិនអាចប្រើប្រាស់ការអភិវឌ្ឍនេះក្នុងខេត្តព្រះសីហនុ ធ្វើជាគំរូមួយនៃការអភិវឌ្ឍនៅប្រទេសណាមួយផ្សេងទៀត»។
កាលពីខែមីនាផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុត្រូវបានចាប់ផ្ដើមការសាងសង់ជាផ្លូវការ។ ផ្លូវល្បឿនលឿននេះគ្រោងនឹងចំណាយប្រមាណ ១,៩ ពាន់លានដុល្លារ ដែលអភិវឌ្ឍដោយក្រុមហ៊ុន China Road and Bridge Corporation។
ទិន្នន័យផ្លូវការបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា ចាប់ពីឆ្នាំ ១៩៩៤-២០១៦ ប្រទេសចិនបានវិនិយោគប្រហែល ១៤,៧ ពាន់លានដុល្លារនៅកម្ពុជា។ ចំណែកចាប់ពីឆ្នាំ ១៩៩៣ ដល់ចុងឆ្នាំ ២០១៧ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីសម្បទានជាមួយដៃគូអភិវឌ្ឍន៍មានតម្លៃ ៩,៦ ពាន់លានដុល្លារ។ រដ្ឋាភិបាលបានខ្ចីប្រាក់ ៦,៣ ពាន់លានដុល្លារពីបណ្ដាប្រទេសនានាដោយឈរលើមូលដ្ឋានទ្វេភាគីក្នុងចំណោមនេះប្រាក់ប្រហែល ៤,០៥ ពាន់លានដុល្លារបានមកពីប្រទេសចិន។
របាយការណ៍ចុងក្រោយបំផុតបានពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញផ្សាយនៅខែថ្មីៗនេះថា រដ្ឋាភិបាលបានអនុម័តគម្រោងវិនិយោគមានតម្លៃ ៥,២ ពាន់លានដុល្លារនៅក្នុងឆមាសទី ១ ឆ្នាំ ២០១៩ កើន ៤៨,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមការវិនិយោគសរុប ក្រុមវិនិយោគិនក្នុងស្រុកមាន ៦៨,៤ ភាគរយ ខណៈប្រទេសចិនមាន ២៥,៤ ភាគរយ។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានស្នើឲ្យមានការរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា និងចិនលើកទី ៥ នៅខេត្តព្រះសីហនុ មុនដំណាច់ឆ្នាំនេះផងដែរ៕LA
វីដេអូ៖