ភ្នំពេញៈ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ចំនួន ៤ ក្នុងគោលបំណងស្រោចស្រង់កំណើនភ្ញៀវទេសចរនៅតំបន់គោលដៅទេសចរណ៍វប្បធម៌-បេតិកភណ្ឌចំនួន ២ ដែលបន្តធ្លាក់ចុះចាប់ពីដើមឆ្នាំ ២០១៩ មក។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង។
តំបន់គោលដៅទេសចរណ៍វប្បធម៌-បេតិកភណ្ឌទាំងនេះគឺតំបន់សៀមរាប-អង្គរ និងតំបន់ប្រាសាទព្រះវិហារដែលក្នុងរយៈពេល ៧ ខែដំបូងក្នុងឆ្នាំ ២០១៩ នេះតំបន់អង្គរធ្លាក់ចុះ ៩,៧ ភាគរយ ស្របពេលដែលតំបន់ព្រះវិហារធ្លាក់ចុះ ៥,៥ ភាគរយ។
ក្នុងកិច្ចប្រជុំលើកទី ៣ របស់គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ក្នុងខេត្តសៀមរាបកាលពីថ្ងៃចន្ទដែលមានការចូលរួមពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានសម្រេចដាក់ចេញនូវផែនការមេនេះសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប និងផែនការសកម្មភាពការងារអនុវត្តរយៈពេលខ្លីពីឆ្នាំ ២០១៩-២០២០ ក្រោមពាក្យស្លោកថា «ប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស»។
ផែនការយុទ្ធសាស្ត្រទាំង ៤ រួមមានការធ្វើពិពិធកម្មផលិតផលទេសចរណ៍ថ្មី និងការពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ, ការបង្កើតភាពប្រកួតប្រជែង, ការបង្កើតការតភ្ជាប់ និងការបង្កើតអត្តសញ្ញាណថ្មីនៃតំបន់សៀមរាប។
ថ្លែងប្រាប់សារព័ត៌មាននៅក្នុងស្រុកលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឲ្យដឹងថា ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរ ការបង្កើតឲ្យមានផលិតផលទេសចរណ៍ថ្មីៗបន្ថែមគឺជារឿងចាំបាច់ ជាពិសេសការបង្កើតគោលដៅទេសចរណ៍ដោយឈរលើគោលការណ៍ទទួលភ្ញៀវឲ្យបានច្រើនផង និងអភិរក្សតំបន់ឲ្យបានល្អផង។ លោកបន្តថា ភ្ញៀវទេសចរមិនមែនទៅកម្សាន្តនៅកន្លែងណាមួយដែលមានផលិតផលតែមួយទេ ដូច្នេះត្រូវតែធ្វើឲ្យមានផលិតផលច្រើន។
លោកបានថ្លែងថា៖ «បច្ចុប្បន្នយើងកំពុងខិតខំធ្វើការយ៉ាងសកម្ម ដើម្បីធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពមានន័យថា ក្រៅពីការខិតខំពង្រឹងផ្នែកសេវាកម្ម ការលក់ផលិតផលដែលមានលក្ខណៈក្លែងបន្លំបោកប្រាស់ភ្ញៀវក៏ត្រូវតែបញ្ឈប់ដែរ»។
លោកបញ្ជាក់ថា អាជ្ញាធរនឹងមិនទុកឲ្យសកម្មភាពនៃការលក់ផលិតផលអនុស្សាវរីយ៍ និងគ្រឿងអលង្ការក្លែងក្លាយកើតមានបន្តទៅមុខទៀតទេ ព្រោះវាបានប៉ះពាល់ខ្លាំងដល់គោលដៅទេសចរណ៍ និងកិត្យានុភាពជាតិកម្ពុជាទាំងមូលតែម្តង។
របាយការណ៍ពីក្រសួងទេសចរណ៍បង្ហាញថា ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំ ២០១៩ ចំនួនភ្ញៀវទេសចរខេត្តសៀមរាបបានធ្លាក់ចុះ ៩,៧ ភាគរយ ចំណែកតំបន់ទេសចរណ៍រាជធានី-ភ្នំពេញមានកំណើន ២៧,៩ ភាគរយ តំបន់ឆ្នេរ កើន ៣១,៩ ភាគរយ និងតំបន់អេកូទេសចរណ៍កើនជាង ៩,៤ ភាគរយ។
ជាមួយគ្នានេះនៅក្នុងកិច្ចប្រជុំខាងលើគណៈកម្មការអន្តរក្រសួងក៏បានកំណត់យកតំបន់បឹងទន្លេសាប ភ្នំគូលែន ទីក្រុងសៀមរាប និងតំបន់ជុំវិញជាតំបន់ដែលត្រូវអភិវឌ្ឍទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញថ្មីបន្ថែមផងដែរ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) កាលពីថ្ងៃម្សិលមិញបានស្វាគមន៍ចំពោះការដាក់ចេញផែនការយុទ្ធសាស្ត្រដោយគណៈកម្មការអន្តរក្រសួងនេះសម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបនាពេលនេះ។
ទោះយ៉ាងណាលោកបានអំពាវនាវឲ្យមានការអនុវត្តប្រកបដោយតម្លាភាព ដើម្បីជាប្រយោជន៍ដល់វិស័យទាំងមូល។
ទាក់ទងនឹងការធ្លាក់ចុះចំនួនភ្ញៀវទេសចរនៅខេត្តទេសចរណ៍មួយនេះ ដែលកើតមានជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំ ២០១៩ នោះលោកអះអាងថា គឺបណ្តាលមកពីកត្តាចំនួន ២ គឺកត្តាក្រៅប្រទេស និងក្នុងប្រទេស។
លោកបានបន្ថែមថា កត្តាខាងក្រៅប្រទេសគឺសេដ្ឋកិច្ចពិភពលោកមិនមានកំណើនល្អ ជាពិសេសការអូសបន្លាយពេលនៃសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចចិន និងអាមេរិក ខណៈចំណែកកត្តាខាងក្នុងវិញគឺប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងបរិស្ថាន និងអនាម័យដែលមិនមានភាពល្អប្រសើរ។
លោកនិយាយថា រឿងដែលសំខាន់ជាងគេនោះគឺសកម្មភាពរបស់អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ដូចជា មគ្គុទេ្ទសក៍ទេសចរណ៍ អ្នកដឹកភ្ញៀវ និងអ្នកលក់ទំនិញដែលតែងនាំយកភ្ញៀវទៅកន្លែងណាដែលខ្លួនអាចទទួលបានផលប្រយោជន៍ច្រើន ដោយមិនគិតពីផលប៉ះពាល់ដែលកើតចេញពីទង្វើរបស់ពួកគេចំពោះវិស័យទេសចរណ៍ក្នុងប្រទេសទាំងមូល។
លោកថ្លែងថា៖ «ទង្វើបែបនេះយើងពិតជាអាចទទួលបានលុយច្រើន តែវានឹងមានផលប៉ះពាល់រយៈពេលវែង សម្រាប់សហគមន៍ទាំងមូល»។
លោកប្រាប់ទៀតថាក្នុងនាមជាអ្នកអាស្រ័យផលពីវិស័យទេសចរណ៍ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់គួរតែចូលរួមចំណែកដល់ការផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍ក្នុងតំបន់ ដោយមិនគួររង់ចាំតែអាជ្ញាធរ ឬសមាគមទេសចរណ៍ធ្វើសកម្មភាពតែម្នាក់ឯងទេ។ ការចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍លក្ខណៈអន្តរជាតិ ពិតជាមានសារៈសំខាន់ណាស់ក្នុងការធ្វើឲ្យគេស្គាល់ពីសក្តានុពលវិស័យទេសចរណ៍នៅកម្ពុជា។
បើតាមលោក ស៊ីណាន ការពង្រឹងសមត្ថភាពចំណេះដឹង ជំនាញ និងក្រមសីលធម៌សម្រាប់អ្នកបម្រើការក្នុងវិស័យទេសចរណ៍ក៏ជាចំណែកដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យចូលមកកម្សាន្តនៅកម្ពុជាដែរ។
របាយការណ៍ក្រសួងទេសចរណ៍បានឲ្យដឹងថាក្នុងរយៈពេល ៧ ខែឆ្នាំ ២០១៩ កម្ពុជាទទួលបានកំណើនភ្ញៀវបរទេស ៣,៨៤ លាននាក់ កើនឡើង ១១,១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៨។ ភ្ញៀវទេសចរចិនមានចំនួន ១,៥ លាននាក់ កើនឡើង ៣៧ ភាគរយ វៀតណាម មានជិត ៤៨ ម៉ឺននាក់ កើនឡើង ៤,៦ ភាគរយ និងឡាវមានចំនួនជិត ២២ ម៉ឺននាក់ ធ្លាក់ចុះ ១,៩ ភាគរយ៕ LA
វីដេអូ៖