ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុកាលពីម្សិលមិញបានស្នើឲ្យក្រសួងពាក់ព័ន្ធធ្វើការរួមគ្នាក្នុងការងារអភិវឌ្ឍន៍ជំនាញកម្លាំងពលកម្មកម្ពុជាដែលគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មដើម្បីកាត់បន្ថយចំណាយគ្មានប្រសិទ្ធភាព ខណៈសេដ្ឋកិច្ចកម្ពុជាកំពុងផ្លាស់ប្តូររចនាសម្ព័ន្ធទៅជាសេដ្ឋកិច្ចមានមូលដ្ឋានឧស្សាហកម្ម។
សិក្ខាសាលាពិគ្រោះយោបល់ត្រូវបានធ្វើឡើងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីម្សិលមិញរវាងក្រសួងពីរដែលពាក់ព័ន្ធរួមមានក្រសួងអប់រំ និងក្រសួងការងារ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីពិភាក្សាលើ គោលនយោបាយ ទិសដៅ និងអាទិភាពរួមក្នុងវិស័យនេះ សំដៅបង្កើនប្រសិទ្ធភាពនៅក្នុងបែងចែកថវិកាសម្រាប់ឆ្នាំ ២០១៦ និងកែលម្អប្រសិទ្ធភាពនៃការអនុវត្ត។
លោក វង្ស៊ី វិសុទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា៖ «បញ្ហាប្រឈមនៅក្នុងវិស័យនេះរួមមានកង្វះកម្លាំងពលកម្មជំនាញ និងបញ្ហាបណ្តុះបណ្តាលជំនាញនៅមិនចំតម្រូវការ។ ក្រសួងការងារជាមុខសញ្ញាក្នុងការបង្កើនថវិកាសម្រាប់ចំណាយ ប៉ុន្តែត្រូវមានលក្ខខណ្ឌ។ វាទាមទារគោលនយោបាយច្បាស់លាស់ ទិសដៅច្បាស់លាស់ និងគោលការណ៍ច្បាស់លាស់ជាមួយនឹងអាទិភាពច្បាស់លាស់ដើម្បីទទួលបានការផ្ដល់មូលនិធិកាន់តែច្រើន (សម្រាប់ថវិកាឆ្នាំក្រោយ)»។
លោកបន្តថា៖ «យើងត្រូវចំណាយកាន់តែច្រើន តែជាការចំណាយត្រឹមត្រូវ ចំទិសដៅនិងជាការចំណាយប្រកបដោយប្រសិទ្ធភាព»។
លោកថ្លែងថា៖ «វិស័យឯកជនមានតួនាទីដ៏សំខាន់នៅក្នុងការអភិវឌ្ឍជំនាញខណៈកម្រិតស្នើស្ដង់ដាររបស់ប្រព័ន្ធអប់រំវិជ្ជាជីវៈ (TVET) និង ក្រសួងអប់រំ និងគុណភាពរបស់និស្សិតបញ្ចប់ការសិក្សាថា្នក់ឧត្តមសិក្សាចាំបាច់ត្រូវធ្វើឲ្យត្រូវគ្នា»។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីឆ្នាំមុនបានប្រកាសនូវកម្ចី ៣០ លានដុល្លារសំដៅកែលម្អបច្ចេកវិទ្យានិង ប្រព័ន្ធអប់រំវិជ្ជាជីវៈរបស់កម្ពុជា។
លោក Eric Sidgwick នាយកប្រចាំប្រទេសនៅ ADB កាលពីម្សិលមិញបានថ្លែងថា ខណៈប្រទេសកម្ពុជានៅតែមានមូលដ្ឋានការផលិតមានប្រាក់ឈ្នួលទាប វាត្រូវតែរក្សាការឃ្លាំមើលលើការអភិវឌ្ឍរបស់ដៃគូពាណិជ្ជកម្មនៅក្នុងតំបន់ដែលកំពុងផ្លាស់ប្តូរនៅក្នុងតំបន់ដើម្បីចាប់យកចំណែកនៃកំណើន។
លោកថ្លែងថា៖ «ការកើនឡើងអ្នកមានថ្នាក់កណ្ដាល មិនគ្រាន់តែនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងតំបន់អាស៊ីផងដែរ និងការចាប់ផ្ដើមនៅកម្ពុជា ដូច្នេះដៃគូពាណិជ្ជកម្មរបស់អាស៊ាននៅក្នុងតំបន់ផ្សេងទៀតរបស់ពិភពលោក នឹងផ្តោតកាន់តែខ្លាំងលើតំបន់អាស៊ាន ដូច្នេះជាការអនុវត្តដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា»។
លោកស្រី Sandra D’Amico នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនជ្រើសរើសបុគ្គលិកឈានមុខគេនៅក្នុងប្រទេសកម្ពុជាថ្លែងថា កម្ពុជាចាំបាច់ត្រូវកំណត់ស្ដង់ដារជាក់លាក់សម្រាប់ការទទួលស្គាល់ជាផ្លូវការនិងជាការបញ្ជាក់ដើម្បីកែលម្អគុណភាពនៅក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕PB