ភ្នំពេញៈ ក្នុងឱកាសប្រារព្ធទិវាជាតិលើកកម្ពស់ផលិតផលខ្មែរលើកទី៤ ឆ្នាំ ២០២១ រដ្ឋាភិបាលបានអំពាវនាវឱ្យវិស័យឧស្សាហកម្មកែច្នៃក្នុងស្រុកឱ្យបន្តជំរុញការប្រើប្រាស់ផលិតផលនៅក្នុងស្រុក ដើម្បីកាត់បន្ថយអតុល្យភាពជញ្ជីងពាណិជ្ជកម្ម។
ការអំពាវនាវនេះត្រូវបានធ្វើឡើងក្នុងឱកាសប្រារព្ធទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៤ ឆ្នាំ ២០២១ ក្រោមប្រធានបទ «រួមគ្នាទិញ និងប្រើប្រាស់ផលិតផលខ្មែរ គឺរួមគ្នាលើកកម្ពស់កិត្យានុភាពជាតិ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងសារលិខិតអបអរសាទរទិវានេះកាលពីថ្ងៃទី ១ ខែមេសា ឱ្យដឹងថា ទិវានេះបង្កើតឡើងក្នុងគោលបំណងដើម្បីបំផុស និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរឱ្យបន្តជំរុញគាំទ្រ និងយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកដែលជាការរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិឱ្យរីកចម្រើន។
ក្នុងនាមជាប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ លោកបានឱ្យដឹងថា ដោយសារការបន្តរីករាលដាលកូវីដ ១៩ ទិវានេះនឹងពុំត្រូវរៀបចំព្រឹត្តិការណ៍ដោយផ្ទាល់នៅទីសាធារណៈទេ ប៉ុន្តែរដ្ឋាភិបាលនៅតែចាត់ទុកថាទិវានេះមានតួនាទីសំខាន់ជួយដល់ផលិតករក្នុងស្រុកឱ្យគិតគូរពីការលើកកម្ពស់គុណតម្លៃបន្ថែមនៃផលិតផលរបស់ខ្លួនតាមរយៈការពង្រីកគុណភាព សុវត្ថិភាពផលិតផល ការវេចខ្ចប់ប្រកបដោយសោភណភាព និងតម្លៃសមរម្យ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារក្នុង និងក្រៅស្រុក។
លោកបានថ្លែងក្នុងសារលិខិតថា៖ «ខ្ញុំសូមឱ្យការអបអរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៤ នេះគឺជាការទូងស្គរដាស់ស្មារតីប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនាំគ្នាលើកកម្ពស់ប្រើប្រាស់ និងទិញផលិតផលខ្មែរក្នុងស្មារតីខ្មែរជួយខ្មែរ»។
លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ផលិតផលក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមមានតួនាទីសំខាន់ណាស់ក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ។
លោកស្រីបានបន្តថា ដើម្បីឱ្យឧស្សាហកម្មក្នុងស្រុករីកចម្រើនទៅបាន ទាល់តែមានការគាំទ្រពីប្រជាពលរដ្ឋក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុកទើបធ្វើឱ្យសេដ្ឋកិច្ចជាតិមានការរីកលូតលាស់។
លោកស្រីនិយាយថា៖ «ខ្ញុំសូមចូលរួមអបអរសាទរជាមួយរដ្ឋាភិបាលដែលតែងយកចិត្តទុកដាក់គិតគូរដល់វិស័យសហគ្រាសធុនតូច និងមធ្យមក្នុងស្រុករហូតមក ហើយការប្រារព្ធទិវានេះគឺជាផ្នែកមួយក្នុងការជំរុញផ្សព្វផ្សាយផលិតផលខ្មែរ»។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ដើម្បីជំរុញឱ្យមានការប្រើប្រាស់ផលិតផលក្នុងស្រុក ក្រសួងពាណិជ្ជកម្មបានបង្កើតផ្សារសហគមន៍ចុងសប្តាហ៍នៅតាមបណ្តាខេត្តចំនួន ១៦ មកហើយសម្រាប់ឱ្យអាជីវករយកផលិតផលមកដាក់តាំងលក់បន្លែផ្លែឈើ ត្រីសាច់ដែលកសិករផលិតបាន ដោយមានចំនួន ២ ថ្ងៃក្នុង ១ សប្តាហ៍។
លោកបន្ថែមថា ផ្សារចុងសប្តាហ៍គឺជាផ្នែកមួយនៃគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលអនុវត្តដោយក្រសួងពាណិជ្ជកម្ម ក្រោមជំនួយហិរញ្ញប្បទានពីមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម IFAD របស់អង្គការសហប្រជាជាតិ តាមរយៈក្រសួងសេដ្ឋកិច្ច។
លោកឱ្យដឹងថា៖ «ក្នុងរយៈពេលជាង ១ ឆ្នាំកន្លងមកនេះការដាក់ឱ្យដំណើរការផ្សារចុងសប្តាហ៍ យើងសង្កេតឃើញថា បងប្អូន ផលិតករ គាត់ទទួលបានចំណូលច្រើន។ លើសពីនេះគាត់អាចចាប់ដៃគូអាជីវកម្មបានជាមួយអាជីវករ និងផ្សារទំនើបនៅភ្នំពេញក្នុងការបោះដុំបន្លែ និងមាន់ស្រែទៅឱ្យអាជីវករ និងផ្សារទាំងនោះ»។
ដើម្បីឆ្លើយតបនឹងប្រធានបទនេះ លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផល និងក្រសួងពាណិជ្ជកម្ម ព្រមទាំងផ្នែកពាក់ព័ន្ធត្រូវសហការគ្នាដើម្បីរៀបចំទីផ្សារតាមបច្ចេកវិទ្យាអនឡាញផងដែរ។
លោកបន្ថែមទៀតថា គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្តទាំង ២៥ ត្រូវបន្តសហការគ្នារៀបចំចងក្រងផលិតផលក្នុងស្រុកដែលមានកត្តានុពលនៅតាមមូលដ្ឋានរបស់ខ្លួនដោយបញ្ជូលជាផលិតផលភូមិមួយផលិតផលមួយដើម្បីតាមដាន និងវាយតម្លៃវឌ្ឍនភាពការងារ ហើយត្រូវខិតខំកៀរគរការវិនិយោគនានាលើផលិតផលក្នុងស្រុកស្របតាមគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយឆ្នាំ ២០១៦-២០២៦៕ LA