ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាល​ពី​ថ្ងៃ​សុក្រ​បាន​ប្រកាស​ដាក់​ចេញ​កំណែ​ទម្រង់​ទ្រង់ទ្រាយ​ធំ​មួយ​មិន​ធ្លាប់​មាន​ដោយ​សម្រេច​​ដាក់​ចេញ​យុទ្ធសាស្ត្រ​​​ចំនួន ១៧ ចំណុច ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​អាជីវកម្ម​ជា​អ្វី​ដែល​លោក​អះអាង​ថា​​នឹង​ជួយ​សន្សំ​ការ​ចំណាយ​លើ​​ការ​ធ្វើ​អាជីវកម្ម​របស់​វិស័យ​ឯកជន​​រហូត​ដល់​ ៤០០ លាន​ដុល្លារ​ក្នុង ​១ ​ឆ្នាំ។

កំណែ​​ទម្រង់​ទាំង​ ១៧ ចំណុច​​បាន​គ្រប​ដណ្តប់​លើ​ចំណុច​គន្លឹះ​​សំខាន់ៗ​ជា​ច្រើន រួម​មាន​ទាំង​ ការ​កាត់​បន្ថយ​ថ្លៃ​ដឹក​ជញ្ជូន​ទំនិញ​តាម​នាវា ថ្លៃ​សេវា​​កំពង់ផែ ការ​កាត់​បន្ថយ​ថ្លៃ​អគ្គិសនី និង​កំណែ​ទម្រង់​ការ​គ្រប់គ្រង​ប្រតិបត្តិការ​ផ្លូវ​​ដែក​ជា​ដើម។ មិន​​ត្រឹមតែ​ប៉ុណ្ណោះ រដ្ឋាភិបាល​ក៏​​បាន​សម្រេច​កាត់​បន្ថយ​​ថ្ងៃ​ឈប់​​​សម្រាក​បុណ្យ​ជាតិ ការ​ដាក់​ចេញ​នូវ​ការ​លើក​ទឹក​ចិត្ត​ផ្នែក​សារពើពន្ធ​រាប់​ទាំង​ពន្ធដារ និង​​ពន្ធគយ​ និង​ការ​តម្រូវ​ឲ្យ​ពន្លឿន​ការ​បញ្ចប់​​​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​វិនិយោគ​ និង​ច្បាប់​​ស្តីពី​តំបន់​សេដ្ឋកិច្ច​ផង​ដែរ។

ថ្លែង​ក្នុង​វេទិកា​រាជ​រដ្ឋាភិបាល​ផ្នែក​ឯកជន​ លើក​ទី១៨ នា​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន បាន​ថ្លែង​ថា៖​ «​គ្រាន់​តែ​ការ​សម្រួល​នេះ យើង​បូក​ត្រួសៗ​នៃ​ការ​កាត់​បន្ថយ​​ការ​ចំ​ណាយ​មាន​ប្រមាណ​​ជា​ ៤០០ ​លាន​ដុល្លារ។ បណ្តា​ក្រុមហ៊ុន​នានា​អាច​កាត់​បន្ថយ​ [ការ​ចំណាយ​]​ លើ​អ្វីៗ​ទាំង​អស់​​នេះ​មាន​តម្លៃ​ប្រមាណ​ជា ៤០០ លាន​ដុល្លារ​»។​

លោក​បន្ត ការ​ធ្វើ​កំណែ​ទម្រង់​នេះ នឹង​អនុញ្ញាត​ឲ្យ​​កម្ពុជា​នៅ​បន្ត​ការ​នាំចេញ​បាន​បើ​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​។ លោក​ថ្លែង​ថា៖ ​«​អ៊ីចឹង​ទេ​​​បើ​ EU ឲ្យ​យើង​បង់​ពន្ធ​ ក៏​យើង​បង់​ពន្ធ​ឲ្យ​គេ​បាន​ដែរ»​។ លោក​បន្ត​ថា​៖ «​បើ​យើង​មាន​ការ​​អនុគ្រោះ ​[ពន្ធ] វា​ក៏​ល្អ។ ប៉ុន្តែ​កុំ​ឲ្យ​​គេ​មក​ប្រដៅ​យើង​ថា​ ហ្អែង​ត្រូវ​ធ្វើ​អ៊ីចេះ ហែ្អង​ត្រូវ​ធ្វើ​អ៊ីចុះ បើ​​មិន​ធ្វើ​តាម​ទេ [គេ​] នឹង​កាត់​ជំនួយ​»។

នៅ​ក្នុង​ចំ​ណោម​កំណែ​ទម្រង់​ជា​កញ្ចប់ ១៧ ចំណុច លោក​នាយក​រដ្ឋមន្រ្តី​ក៏​រាប់​បញ្ចូល​ទាំង​​​ការ​សម្រេច​ដែល​លោក​ធ្លាប់​ប្រកាស​កាល​ពី​មុន​ដែរ​​​មាន​ដូច​ជា​ការ​ដក​​កំាកុង​ត្រូល​ចេញ​ពី​ការ​ត្រួត​ពិនិត្យ​ទំនិញ​​តាម​ព្រំដែន ការ​លុប​ចោល​អង្គភាព​ កំាសាប និង​ការ​ផ្តល់​ការ​លើក​ទឹក​​ចិត្ត​ផ្នែក​ពន្ធដារ ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម និង​វិស័យ​កសិកម្ម​ជា​ដើម។

យោង​តាម​ការ​ប្រកាស​របស់​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ការ​កាត់​បន្ថយ​ថ្លៃ​ឡូជីស្ទីក​ ថ្លៃ​សេវា​លើក​ដាក់​កុងតឺន័រ​នៅ​ចំណត និង​ថ្លៃ​សេវា​នៅ​កំពង់ផែ​ទាំង ​២ របស់​រដ្ឋ​ ដែល​ទឹក​ប្រាក់​ពី​​ការ​កាត់​នេះ​បូក​បញ្ចូល​គ្នា​នឹង​​ជួយ​បន្ថយ​បន្ទុក​ចំណាយ​របស់​វិស័យ​ឯកជន​ស្មើ​នឹង​ទឹក​ប្រាក់​ ៦,៧ លាន​ដុល្លារ។

លោ​ក​នាយក​រដ្ឋមន្ត្រី និង​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ពិធី​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន​នៅសប្តាហ៍មុន​​។ រូប SPM

ទាក់ទង​នឹង​កំណែ​ទម្រង់​ប្រព័ន្ធ​​ពន្ធគយ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា​ ចាប់​ពី​ថ្ងៃ​ទី ​១ ខែ​​ មេសា​ ត​ទៅ​ រាល់​ការ​ផ្តល់​សេវា​ពី​អគ្គនាយដ្ឋាន​គយ​ទៅ​ឲ្យ​ធុរជន​ត្រូវ​មាន​ការ​ចេញ​ជា​វិក្កយបត្រ​ពី​ប្រព័ន្ធ​កុំព្យូទ័រ​ដើម្បី​ទុក​ជូន​ម្ចាស់​ទំនិញ ដើម្បី​ធានា​ពី​​តម្លាភាព​ ចៀសវាង​ការ​ចំណាយ​លើស​លើ​សេវា​នេះ​។

រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក៏​​បាន​​​សម្រេច​កាត់​បន្ថយ ​៥០ ​ភាគរយ​​នូវ​ថ្លៃ​ស្កេន​កុងតឺន័រ​ទំនិញ​នាំចេញ​ និង​នាំចូល គឺ​កាត់​​បន្ថយ​ពី​ ​២០ ​​ដុល្លារ​មក​នៅ ​១០ ដុល្លារ​ សម្រាប់​កុងតឺន័រ ២០ ហ្វីត និង​ពី​ ៣២ ​ដុល្លារ​មក​​ ១៦ ដុល្លារ​សម្រាប់​កុងតឺន័រ​ ៤០ ហ្វីត​។

លោក​នាយក​រដ្ឋមន្រ្តី​​ក៏​បាន​ណែនាំ​ដល់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​វិនិយោគ​ និង​រៀបចំ​ច្បាប់​ស្តីពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ឲ្យ​បាន​ចប់​សព្វ​គ្រប់​នៅ​ចុង​ឆមាស​​ទី១ ឆ្នាំ ២០១៩ នេះ។

ទាក់ទង​នឹង​ថ្លៃ​អគ្គិសនី​វិញ លោក​នាយក​រដ្ឋមន្រ្តី​​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​សម្រេច​កាត់​បន្ថយ​ថ្លៃ​អគ្គិសនី​ចាប់​ពី​ឆ្នាំ ២០១៩ នេះ​ទៅ សម្រាប់​អ្នក​ប្រើប្រាស់​គ្រប់​ប្រភេទ​ រួម​ទាំង​ការ​កាត់​បន្ថយ​ថ្លៃ​អគ្គិសនី​ចំនួន ២ សេន​ដុល្លារ​ក្នុង ​១ ​គីឡូ​វ៉ាត់​ម៉ោង​​ សម្រាប់​អ្នក​ប្រើប្រាស់​ប្រភេទ​ឧស្សាហកម្ម ហើយ​គ្រោង​នឹង​បញ្ចុះ​ទៀត​សម្រាប់​ឧស្សាហកម្ម​ផ្អែក​លើ​ជំនាញ​ និង​​ឧស្សាហកម្ម​ដែល​ប្រើប្រាស់​មូលធន​ខ្ពស់។

រដ្ឋាភិបាល​ក៏​បាន​ប្រកាស​បញ្ចប់​សិទ្ធិ​ធ្វើ​អាជីវកម្ម​ផ្លូវ​ដែក​ របស់​ក្រុមហ៊ុន​ រ៉ូយ៉ាល់ រេលវេ ខេមបូឌា របស់​លោក គិត ម៉េង ដោយ​បញ្ជាក់​ថា ក្រុមហ៊ុន​នេះ​មិន​បាន​ពង្រីក​សក្តានុពល​របស់​​ខ្លួន​បាន​គ្រប់គ្រាន់ ​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​ដែក​​មិនមាន​ដំណើរការ​ល្អ។

នៅ​ក្នុង​ចំ​ណោម​កំណែ​ទម្រង់​សំខាន់ៗ​ លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​ប្រកាស​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ​ចំនួន​ ៧ ថ្ងៃ​ក្នុង ​១ ​ឆ្នាំ​ពី​ចំនួន​បច្ចុប្បន្ន គិត​ចាប់​ពី​ឆ្នាំ ​២០២០ ត​ទៅ។ លោក​ ហ៊ុន​ សែន​ បាន​ពន្យល់​ថា​ កម្ពុជា​មាន​ថ្ងៃ​ឈប់​សម្រាក​ ២៨ ទៅ ៣០ ថ្ងៃ​​ក្នុង ​១ ​ឆ្នាំ នៅ​ពេល​ដែល​ប្រទេស​ជិត​ខាង​ដូច​ជា​វៀតណាម មាន​តែ ១៣ ថ្ងៃ ប្រទេស ​ឡាវ​ មាន​តែ ១២ ​ថ្ងៃ ប្រទេស ​ថៃ ​មាន​ ១៦ ​ថ្ងៃ និង​​​សិង្ហបុរី មាន​តែ ១១ ថ្ងៃ។

លោក លឹម ហេង ​អនុប្រធាន​​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​និយាយ​ថា កន្លង​មក​វិស័យ​ឯកជន​តែងតែ​ស្នើសុំ​​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ទៅ​លើ​បញ្ហា​ខ្លះ​ក្នុង​ចំណោមចំណុច​​ខាង​លើ​ដើម្បី​ជួយ​ទម្លាក់​ថ្លៃ​ដើម​ផលិត​។ ការ​កែ​ទម្រង់​ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​វិស័យ​ឯកជន​កាន់​តែ​មាន​ភាព​រឹងមាំ និង​ដំណើរ​ការ​កាន់​តែ​ងាយ​ស្រួល ពិសេស​អាច​បង្កើន​ចំណូល​ តាម​រយៈ​ការ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត​។​

លោក​បន្ត​ថា វិស័យ​ឯកជន​ពិត​ជា​រីករាយ​ណាស់​ដែល​រដ្ឋាភិបាល​សម្រេច​ធ្វើ​កំណែ​ទម្រង់​ទាំង ​១៧ ​ចំណុច​នេះ​។​

លោក​មាន​ប្រសាសន៍​​ថា៖ ​«ការ​ឆ្លើយ​តប​នេះ ​គឺ​ជា​ការ​វះកាត់​មួយ​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ជួយ​ដល់​វិស័យ​ឯកជន​ តាម​រយៈ​ការ​កាត់​បន្ថយ​​ថ្លៃ​ដើម​ផលិត​»៕ រាយ​ការណ៍​បន្ថែម​ដោយ ហ៊ឹន ពិសី/LA