
ដីតាមបណ្តោយច្រាំងទន្លេដែលស្ថិតនៅក្រោយកំពង់ផែភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ដីសាធារណៈរបស់រដ្ឋតាមបណ្ដោយមាត់ទន្លេក្នុងទីក្រុងភ្នំពេញទៅជាដីឯកជនរបស់រដ្ឋដែលអាចបើកផ្លូវសម្រាប់ការវិនិយោគ ឬការជួលរយៈពេលវែង។
ផ្ទៃដីលាតសន្ធឹងតាមបណ្ដោយមាត់ទន្លេប្រវែង ៩២ ៥៣៨ ម៉ែត្រក្រឡាចាប់ពីផ្សាររាត្រីរហូតដល់ស្ពានជ្រោយចង្វារត្រូវបានផ្លាស់ប្តូរទៅជាដីឯកជនរបស់រដ្ឋ។ នេះបើយោងតាមអនុក្រឹត្យដែលបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃទី ៩ មីនា និងបានចេញផ្សាយនៅក្នុងសៀវភៅរាជកិច្ចប្រចាំត្រីមាសទី ១ ឆ្នាំនេះ។
អនុក្រឹត្យដែលមាន ៤ មាត្រាបង្ហាញថាក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងទទួលខុសត្រូវក្នុងការរៀបចំការផ្លាស់ប្តូរនេះ។
លោក នុប សុធនវិចិត្រ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចបានបង្វែរសំណួរឲ្យទៅសួរក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក កែន រដ្ឋា អនុប្រធានខុទ្ទកាល័យលោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងនេះបានបញ្ជាក់ថាលោកមិនមានព័ត៌មានលម្អិតអំពីគម្រោងនេះទេ។
លោក វ៉ា ស៊ឹមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការថ្លែងថាលោកមិនអាចផ្ដល់ព័ត៌មានលម្អិតណាមួយអំពីអ្វីនឹងកើតឡើងចំពោះតំបន់មាត់ទន្លេនេះទេ។ លោកថ្លែងថា៖ «កាលពីមុនគឺជាដីសាធារណៈរបស់រដ្ឋ ហើយពេលនេះវាបានក្លាយជាដីឯកជនរបស់រដ្ឋដែលនឹងបើកចំហដើម្បីការវិនិយោគ»។
ការធ្វើអនុបយោគដីសាធារណៈរបស់រដ្ឋទៅជាដីឯកជនរបស់រដ្ឋគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅការផ្ដល់ការជួលរយៈពេលវែង ឬដីសម្បទានសេដ្ឋកិច្ច (ELC)។ ផ្នែកនៃតំបន់ដែលកំណត់នេះត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់កំពង់ផែស្វយ័តភ្នំពេញ (PPAP) ដែលជាសហគ្រាសគ្រប់គ្រងដោយរដ្ឋ។
តាមអនុក្រឹត្យផ្ទៃដីដែលត្រូវបានធ្វើអនុបយោគដូចកំណត់ក្នុងមាត្រា ១ ត្រូវស្ថិតក្រោមការចាត់ចែងនីតិវិធីបន្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្រមទាំងមានកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីស្របតាមច្បាប់បទប្បញ្ញត្តិពាក់ព័ន្ធ និងគោលការណ៍កំណត់របស់រាជរដ្ឋាភិបាល។ អនុក្រឹត្យបន្តថាបទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍។
លោក ហ៊ឺ បាវី អគ្គនាយក PPAP មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីថ្ងៃម្សិលមិញ។
អចលនទ្រព្យតាមមាត់ទន្លេទំនងជាមានតម្លៃចន្លោះពី ៤ ០០០ ដុល្លារទៅដល់ ៦ ០០០ ដុល្លារក្នុងមួយម៉ែត្រក្រឡាតាមទីផ្សារបើកចំហ។ នេះបើតាមលោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Mekong។ តំបន់នោះនឹងធ្វើឲ្យសក្ដានុពលតម្លៃដីនេះមានតម្លៃរហូតទៅដល់ ៥៥០ លានដុល្លារ៕LA