ភ្នំពេញៈ រដ្ឋាភិបាល​បាន​បន្ថែម​ការផ្តល់​សេវា​ដឹក​អ្នកដំណើរ​តាម​រថយន្តក្រុង​ដោយ​ឥតគិតថ្លៃ​ ៣ ​ខ្សែ​ទៀត​ក្នុង​អំឡុង​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​។

នៅលើ​ទំព័រ​ហ្វេសប៊ុក​ដែល​បង្ហោះ​កាលពី​ថ្ងៃ​អង្គារ​លោក ហ៊ុន សែន បាន​ថ្លែង​ថា បន្ថែម​លើ​សេវា​រថយន្តក្រុង​ឥត​គិតថ្លៃ​លើក​មុន​នៅ​តាម​ផ្លូវជាតិ​លេខ ១ និង​លេខ​ ៥ រដ្ឋាភិបាល​នឹង​បន្ថែម​សេវា​លើ​ផ្លូវ​ជាតិ​លេខ ៣ លេខ​ ៤ និង​លេខ ៦​។

ការសម្រេច​ចិត្ត​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ការ​ប្រាប់​ឲ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មិន​ឲ្យ​ដំឡើង​តម្លៃ​សំបុត្រ​ក្នុង​អំឡុង​រដូវ​បុណ្យទាន​សំខាន់ៗ​ដែល​លោក​នាយក​រដ្ឋមន្ដ្រី បាន​កត់សម្គាល់​ថា​មិន​មាន​ប្រសិទ្ធភាព​។ លោក​បាន​សរសេរ​ថា​៖ «​ដូច្នេះ​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​សាលា​រាជធានី និង​បាន​សម្រេច​ចិត្ត​ផ្ដល់​សេវា​រថយន្តក្រុង​ឥតគិតថ្លៃ​ដើម្បី​ផ្ដល់​ដល់​អ្នក​ដំណើរ​»​។

សម្រាប់​សេវា​រថយន្តក្រុង​ដែល​បាន​ប្រកាស​ដំបូង​សម្រាប់​ផ្លូវជាតិ​លេខ​ ១ និង​លេខ​ ៥ មាន​រថយន្ត​ចំនួន​ ៦០ ​គ្រឿង​។

លោក ម៉េត មាសភក្ដី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា​អាជ្ញាធរ​នៅតែ​កំពុង​ធ្វើ​ការងារ​លើ​ការរៀបចំ​សេវា​នេះ​ដែល​ត្រូវ​បាន​គ្រោង​នឹង​ដំណើរការ​ចាប់ពី​ថ្ងៃទី​ ១២ ដល់​ថ្ងៃទី​ ១៨ ខែ​មេសា​។

លោក​បាន​ថ្លែង​ថា​៖ «​យើង​នៅ​កំពុង​ពិភាក្សា​នៅ​ឡើយ​លើ​ផែនការ​នេះ​ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​អ្នក​ដំណើរ និង​តម្រូវការ​»​។

ទោះបី​យ៉ាង​នេះ​ក្តី​លោក​មិន​ប្រាកដ​ថា​នឹង​មាន​រថយន្តក្រុង​ប៉ុន្មាន​គ្រឿង​ត្រូវ​បាន​ដាក់​ប្រើប្រាស់​នៅពេល​នេះ​ទេ នៅពេល​មាន​ការ​បន្ថែម​ផ្លូវ​រត់​នេះ​។

ក្នុង​សេវា​នេះ​រដ្ឋាភិបាល​មិន​មាន​ផែនការ​ក្នុង​ការចេញ​សំបុត្រ​សម្រាប់​សេវា​នេះ​ទេ​៕LA