ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឲ្យអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធលើប្រតិបត្តិការប្រេងកាតដែលនឹងមានប្រសិទ្ធភាពចាប់ពីដើមខែមិថុនានេះតទៅ។ នេះបើយោងតាមសេចក្តីប្រកាសដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីម្សិលមិញ។
សេចក្តីប្រកាសនេះបានឲ្យដឹងថាការណែនាំឲ្យអនុវត្តបទប្បញ្ញត្តិនេះធ្វើឡើងដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងប្រមូលពន្ធលើវិស័យប្រេងកាត និងមានគោលដៅកំណត់អំពីវិធាន និងនីតិវិធីសម្រាប់ការគណនាពន្ធលើប្រតិបត្តិការប្រេងកាត។
យោងតាមសេចក្តីប្រកាសដដែលនេះអ្នកជាប់ពន្ធដែលអ្នកធ្វើប្រតិបត្តិការប្រេងកាតនៅក្នុងដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជានឹងត្រូវជាប់ពន្ធលើប្រាក់ចំណូលក្នុងអត្រា ៣០ ភាគរយនៃប្រាក់ចំណូលជាប់ពន្ធក្នុងឆ្នាំជាប់ពន្ធ ហើយអាចនឹងជាប់ពន្ធលើប្រាក់ចំណូលលើសកម្រិត ប្រសិនបើអ្នកជាប់ពន្ធមានប្រាក់ចំណូលលើសកម្រិតដែលនឹងត្រូវគណនាទៅតាមការកំណត់របស់ក្រសួង៕