ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាលពី​ថ្ងៃ​ម្សិលមិញ​ បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ក្នុង​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា និង​ទូរគមនាគមន៍ (ICT)​ ដែល​នឹង​ដំណើរការ​រយៈពេល​៤​ឆ្នាំ​ក្រោម​ជំនួយ​បច្ចេកទេស​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ជប៉ុន JICA​។

កម្មវិធី​បណ្តុះ​បណ្តាល​នេះ ​ត្រូវ​បាន​ចូលរួម​អនុវត្ត​ដោយ អង្គការ​មូលនិធិ​គាំទ្រ​ការ​អប់រំ​អន្តរជាតិ​កម្ពុជា (CIESF) ជា​អង្គការ​អន្តរជាតិ​មិន​ស្វែងរក​ប្រាក់​ចំណេញ​នៃ​ប្រទេស​ជប៉ុន​និង​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ទូរគមនាគមន៍ និង ICT (NIPTICT) នៃ​ក្រសួង​ប្រៃណីយ៍​។

ថ្លែង​ក្នុង​ពិធី​ដាក់​ឲ្យ​ដំណើរការ ​កាលពី​ម្សិលមិញ លោក ត្រាំ អ៊ីវតឹក រដ្ឋ​មន្ដ្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ថ្លែង​ថា អាទិភាព​របស់​ក្រសួង​នឹង​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​ក្នុង​វិស័យ ICT ដែល​ក្រសួង​កំណត់​ឲ្យ​មាន​ពលកម្ម​ជំនាញ​ផ្នែក ICT ១៥​ ភាគរយ ត្រឹម​ឆ្នាំ​ ២០២០ ក្នុង​ចំណោម​កម្លាំង​ពលកម្ម​ជំនាញ​សរុប ខណៈ ៩៥​ ភាគរយ ​ក្នុង​ចំណោម​មន្ដ្រី​រដ្ឋាភិបាល​កណ្ដាល និង​ ៧៥ ​ភាគរយ ​ក្នុង​ចំណោម​មន្ដ្រី​រដ្ឋាភិបាល​មូលដ្ឋាន​នឹង​មាន​ជំនាញ ICT ជា​មូលដ្ឋាន​។

លោក​ថ្លែង​ថា​៖ «​គម្រោង​រួម​នៃ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ICT រវាង NITICT និង CIESF ត្រូវបាន​ចាត់​ទុក​ថា ជា​គំរូ​ដ៏​ល្អ​នៃ​កិច្ចសហការ​ដើម្បី​លើក​កម្ពស់​កម្លាំង​ពលកម្ម​ផ្នែក ICT នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ស្រប​ជាមួយ​នឹង​របៀប​វារៈ​ដ៏​សំខាន់​នៃ​គោល​នយោបាយ​អភិវឌ្ឍន៍ Telcoms-ICT របស់​យើង​»​។

លោក​បន្ថែម​ថា ក្រសួង​នឹងធ្វើ​ការងារ​ជាមួយ​ក្រសួង ​អប់រំ​ ដើម្បី​បំពាក់​ជំនាញ ICT មូលដ្ឋាន​ដល់​សិស្ស​សាលា​វិទ្យាល័យ​ទាំងអស់​។

គម្រោង​នេះ​នឹង​អនុវត្ត​រយៈពេល​ ៤ ​ឆ្នាំ រហូត​ដល់​ខែ​កញ្ញា​ឆ្នាំ​២០២១ ហើយ​នឹង​រួម​មាន​សមាសភាព ​៣ ដែល​រួមមាន​ការ​បណ្ដុះ​បណ្ដាល​ជាក់ស្ដែង​ផ្នែក IT ការ​លើក​កម្ពស់​ផ្នែក IT នៅតាម​តំបន់​ជនបទ និង​ការ​បង្កើត​ការងារ​ផ្នែក IT​។ គម្រោង​នេះ​កំណត់​ទិសដៅ​ក្នុងការ​ពង្រឹង​បេក្ខជន​គ្រូ​បង្គោល ​២០០ ​នាក់ និង​សិក្ខាកាម ២ ០០០ ​នាក់ នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​ចំនួន​ ៣ ​ដែល​រួមមាន​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​ស្វាយរៀង​។

សកម្មភាព​សំខាន់​របស់​គម្រោង​នេះ​នឹង​គាំទ្រ​ការ​បណ្ដុះ​បណ្ដាល​ជាក់ស្ដែង​ផ្នែក IT ដែល​មាន​វគ្គ​សិក្សា​៣​ដែល​រួមមាន​វគ្គ​សិក្សា​មូលដ្ឋាន វគ្គ​សិក្សា​កណ្ដាល និង​វគ្គ​សិក្សា​ជាន់​ខ្ពស់​។

លោក ម៉ី កល្យាណ ជាទី​ប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​(SNEC) ស្វាគមន៍​គម្រោង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ដែល​ទើបនឹង​ដាក់​ឲ្យ​ដំណើរការ​នេះ ដោយ​ថ្លែង​ថា វា​ជា​ផ្នែក​មួយ​នៃ​យន្ត​ការ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​រចនា​សម្ព័ន្ធ នៃ​ការ​ផ្គូផ្គង​មិន​ត្រឹមត្រូវ​នៃ​កម្លាំង​ពលកម្ម​នៅ​លើ​ទីផ្សារ​ការងារ​។

លោក​បាន​ថ្លែងថា​៖ «​យើង​នៅតែ​ខ្វះ​ធនធាន​មនុស្ស​ខាង​ជំនាញ​បច្ចេកវិទ្យា ខណៈ​វា​មាន​សារៈ​សំខាន់​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ផលិតកម្ម​»​។

លោក​បន្ថែម​ថា កម្មវិធី​អប់រំ​ណា​មួយ​ដើម្បី​រួមចំណែក​ការ​កែ​លម្អ​កម្លាំង​ពលកម្ម​ជំនាញ​សម្រាប់​វិស័យ​ឧស្សាហកម្ម​ត្រូវ​បាន​ស្វាគមន៍​ជានិច្ច​៕ LA