ភ្នំពេញ៖ ក្រសួង​ពាណិជ្ជកម្ម​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ទីផ្សារ​អនឡាញ​សម្រាប់​លក់​គ្រឿង​ឧបភោគ​បរិភោគ​ចាំបាច់​ ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ប្រជាជន​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​ក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​បាន​ផ្សាយ​នៅ​ថ្ងៃទី ២១ ខែ​មេសា​នេះ ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួងពា​ណិជ្ជកម្ម​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ទីផ្សារ​អនឡាញ​សម្រាប់​លក់​គ្រឿង​ឧបភោគ​បរិភោគ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក្រហម​ចាប់​ពី​ថ្ងៃទី ២១ ខែ​មេសា នេះ​តទៅ។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា ដើម្បី​បញ្ជា​ទិញ​សូមចូល​ទៅ​កាន់​គេហទំព័រ shop.moc.gov.kh ឬ តាមQR code។ ក្នុង​ករណី​ត្រូវ​ការ​ជំនួយ​ត្រូវ​ការ​ផ្សារ​អនឡាញ ឬ​ការ​បញ្ជា​ទិញ សូម​ទាក់ទង​ទៅ​លេខ​ទូរសព្ទ ០១២ ៧៦៧ ០៤៣/០៨៩ ៣៥៥ ៦៩៦/០៦៩ ៥២៤ ៤៩៩/០១៥ ៨០៥ ៣១៣/០១៧ ៨៥៥ ០១១។

សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ការ​បញ្ជា​ទិញ​ក្រុម​ការងារ​នឹង​រៀបចំ​ចាត់ចែង​ដឹក​ជញ្ជូន​ទៅ​ដល់​មុខ​ផ្ទះ។

ការ​ប្រកាស​ឲ្យ​ប្រើប្រាស់​ទីផ្សារ​អនឡាន​នេះ ត្រូវ​បាន​បង្កើត​ឡើង​បន្ទាប់​ពី​ក្រសួង​ពាណិជ្ជកម្ម​ជួប​កិច្ច​ប្រជុំ​ជាមួយ​តំណាង​ផ្សារ​ទំនើប​ចំនួន ៧ តាម​ប្រព័ន្ធ ZOOM កាល​ពី​ថ្ងៃទី ២០ មេសា ដែល​ដឹកនាំ​ដោយ​លោក ស៊ាង ថៃ រដ្ឋលេខាធិការ និង​ជា​មន្រ្តី​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម និង​សហការី។

កិច្ច​ប្រជុំ​នេះ ដឹកនាំ​ដោយ​លោក ស៊ាង ថៃ រដ្ឋលេខាធិការ និង​ជា​មន្រ្តី​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម និង​សហការី ជាមួយ​នឹង​តំណាង​ផ្សារ​ទំនើប​ចំនួន ៧ រួមមាន ផ្សារ​ទំនើប Aeon MallMakro LuckyBayonSupper StoreChip Mong និង Bio Mart។

ក្នុង​ឱកាស​នេះ លោក ស៊ាង ថៃ បាន​ស្នើ​ដល់​ម្ចាស់​ផ្សារ​ទំនើប​ទាំង​នោះ​ចូលរួម​សហការ​គ្នា​ក្នុង​ការ​ដាក់​លក់​ទំនិញ​របស់​ខ្លួន​ក្នុង​វេបសាយ​របស់​ក្រសួង​ពាណិជ្ជកម្ម ឬ​សហការ​ដឹក​ជញ្ជូន​ទំនិញ​ជូន​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ និង​តំបន់​ក្រហម។

លោក​ថ្លែង​ទៀត​ថា ការ​ស្នើសុំ​នេះ គឺ​ដើម្បី​ចូលរួម​ជាមួយ​ក្រសួង និង​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ និង​ចូលរួម​ចំណែក​រក្សា​ស្ថិរភាព​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ ពិសេស​ផលិតផល​ស្បៀង​ក្នុង​អំឡុ​ពេល​នេះ។

លោក​ថ្លែង​ថា៖ «យើង​សូម​ថ្លែង​អំណរគុណ និង​កោត​សរសើរ​ដល់​ម្ចាស់​ផ្សារ​ទំនើប​ទាំង​អស់​ដែល​កន្លង​មក​បាន​រក្សារ​ស្ថិរភាព​ថ្លៃ​ទំនិញ​បាន​ល្អ ទោះបី​ស្ថិត​ក្នុង​គ្រា​លំបាក​យ៉ាង​ណា​ក៏​ដោយ»។

មន្រ្តី​នាំពាក្យ​ឲ្យ​ដឹង​ទៀត​ថា ក្រុម​ការងារ​របស់​ក្រសួង​ពាណិជ្ជកម្ម​កំពុង​បង្កើត​ប្រព័ន្ធ​មួយ ដើម្បី​ផ្សព្វផ្សាយ​លក់​ទំនិញ​លើ​នៅ​ទំព័រ​ហ្វេសប៊ុន​របស់​ក្រសួង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ក្រហម​កាន់​តែ​មាន​ភាព​ងាយ​ស្រួក​ក្នុង​កុម្ម៉ង់​ទិញ។

លោក​និយាយ​ថា៖ «បើ​ធ្វើ​វា​បាន​កាន់​បង្ក​លក្ខណៈ​កាន់​តែ​ប្រសើរ​ថែម​ទៀត ក្នុង​ការ​ផ្គត់ផ្គង់​ទំនិញ​ទៅ​ឲ្យ​គាត់ ហើយ​យើង​ចង់​បាន​កិច្ច​សហការ​របស់​ផ្សារ​ទំនើប​នានា ដើម្បី​ធ្វើ​ការ​យ៉ាង​ណា​ឲ្យ​អ្នក​ទិញ​ក្នុង​តំបន់​ក្រហម ក្រៅ​ពី​ទំនិញ​ក្រសួង​ពាណិជ្ជកម្ម​មាន​គាត់​អាច​ទិញ​ពី​ផ្សារ​ដទៃ​ទៀត និង​សហការ​ដឹក​ជញ្ជូន​ឲ្យ​ដល់​មាត់​ទ្វារ​ផ្ទះ​របស់​ពួក​គាត់»។

ភាគី​តំណាង​ផ្សារ​ទំនើប​ទាំង​នោះ​ក៏​បាន​សំណូមពរ​ដល់​ក្រសួង​ពាណិជ្ជកម្ម​ឲ្យ​ជួយ​សម្របសម្រួល​ដល់​ពួក​គេ​ចំពោះ​បញ្ហា​កំពុង​ប្រឈម​នៃ​ការ​ធ្វើ​ដំណើរ​របស់​បុគ្គលិក​ទៅ​មក​ ដើម្បី​បំពេញ​ការងារ ហើយ​ពួក​គេ​ក៏​ស្នើ​ឲ្យ​ក្រសួង​ជួយ​សម្រួល​ការ​លំបាក​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​ធ្លង​ពី​តាម​បណ្តា​ខេត្ត​ចូល​មក​រាជធានី​ភ្នំពេញ និង​ការ​នាំចូល​ទំនិញ​ពី​ក្រៅ​ប្រទេស ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​នៅ​ក្នុង​ស្រុក​ផង​ដែរ។ នេះ​បើ​តាម​ក្រសួង​ពាណិជ្ជកម្ម។

លោក ម៉ក់ ចំរើន ដែល​ជា​សហស្ថាបនិក​របស់​ផ្សារ​ទំនើប​អនឡាញ Smile Shop ឈាន​មុខ​នៅ​កម្ពុជា​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​វិធានការ​របស់​ក្រសួង​ពាណិជ្ជកម្ម​ដែល​ចង់​សហការ​ជាមួយ​ភាគី​ផ្សារ​ទំនើប​ទាំង​អស់​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ផ្គត់ផ្គត់​ទំនិញ​លក់​ដល់​ប្រជាពលរដ្ឋ​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​នេះ។

លោក ចំរើន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃ​នេះ​ថា វិធានការ​របស់​ក្រសួង​ពាណិជ្ជកម្ម​នៅ​ពេល​នេះ​បាន​ស្រប​ទៅ​នឹង​វិធានការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ដែល​កំពុង​មាន​តម្រូវការ​ទំនិញ​ចាំបាច់​ក្នុង​តំបន់​ដែល​ត្រូវ​បិទ​ខ្ទប់ (តំបន់​ក្រហម)។

លោក​ថ្លែង​ទៀត​ថា៖ «យើង​សូម​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម​ធ្វើ​ការ​ចេញ​គោលការណ៍​ណែនាំ​មួយ​ថ្មី​ធ្វើ​យ៉ាង​ណា​ផ្តល់​លទ្ធភាព​ឲ្យ​ក្រុម​ដឹក​ជញ្ជូន​ទំនិញ និង​ផ្សារ​ដឹក​ទំនិញ​រហ័ស​ទាន់​ចិត្ត​ដល់​ប្រជាជន​ក្នុង​អំឡុង​ពេល​នេះ។ យើង​ត្រូវ​រក្សា​នូវ​គោលការណ៍​អនាម័យ​ក្នុង​ការ​ទប់ស្កាត់​នៃ​ឆ្លង​ជំងឺ​កូវិដ ១៩ ដែល​ជា​អ្វី​យើង​ត្រូវ​ការ​ចូលរួម​ជាមួយ​គ្នា​ផង​ដែរ»។

លោក​ឲ្យ​ដឹង​ទៀត​ថា Smile Shop បាន​និង​កំពុង​ចូលរួម​គ្នា​ជួយ​រដ្ឋាភិបាល​យ៉ាង​សកម្ម​ក្នុង​ការ​ផ្តល់​ជូន​ទំនិញ​តាម​តម្រូវការ​ចាំបាច់​របស់​ប្រជាជន​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់។

លោក​និយាយ​ថា៖ «ខ្ញុំ​ក៏​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​សហប្រតិបត្តិការ​ជាមួយ​កសិករ​ដែល​គាត់​បាន​ផលិត​បន្លែ ត្រី សាច់ នៅជិ​ត​រាជធានី​ភ្នំពេញ ដើម្បី​នាំ​យក​ផលិតផល​របស់​ពួក​គាត់​ឲ្យ​ទៅ​ដល់​តំបន់​បិទ​ខ្ទប់​ទាំង​អស់​ឲ្យ​បាន​ទាន់​សភាពការ ហើយ​យើង​បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​រក្សា​តម្លៃ​ទំនិញ​ក្នុង​កម្រិត​ទាប​មួយ​អាច​ទទួល​បាន​ពី​គ្រប់​ភាគី»។

បច្ចុប្បន្ន ក្រសួង​ពាណិជ្ជកម្ម​បាន​និង​កំពុង​ចល័ត​រថយន្ត​ចំនួន ៥ គ្រឿង នៅ​ក្នុង​តំបន់​ក្រហម ដើម្បី​ចែកចាយ​ទំនិញ​ចាំបាច់​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ក្នុង​តម្លៃ​ក្រោម​ទីផ្សារ។ ទំនិញ​ទាំង​នោះ រួមមាន អង្ករ មី ទឹក​សុទ្ធ ត្រីខ​កំប៉ុង ទឹកត្រី និង​ទឹក​ស៊ីអ៊ីវ​ជា​ដើម៕