ភ្នំពេញ៖ ក្រសួង​ពាណិជ្ជកម្ម​បាន​ដំឡើង​ស្តង់​លក់​គ្រឿង​ឧបភោគ​បរិភោគ​ចាំបាច់​មួយ​ចំនួន​នៅ​តំបន់​ក្រហម ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ទទួល​បាន​ម្ហូប​អាហារ​ចាំបាច់។

តំបន់​ក្រហម​ទាំង ៧ ទីតាំង​នោះ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ចំនួន ៣ គឺ ខណ្ឌ​មានជ័យ ខណ្ឌ​ពោធិ៍សែនជ័យ និង​ខណ្ឌ​ទួលគោក។

ក្រសួង​ពាណិជ្ជកម្ម​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី ២១ នេះ ក្រសួង​មាន​រថយន្ត​ចំនួន ៦ គ្រឿង បាន​ដឹក​ទំនិញ​ចេញ​ទៅ​តំបន់​ក្រហម​ដោយ​បរិមាណ​ទំនិញ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​អ្នក​ក្នុង​តំបន់​នោះ។ ទំនិញ​ទាំង​នោះ រួមមាន​អង្ករ ទឹកត្រី ទឹក​ស៊ីអ៊ីវ ត្រីខ​កំប៉ុង និង​មី។

ក្រសួង​នេះ​បញ្ជាក់​ថា៖ «ប្រជាជន​អាច​ទាក់ទង​តាម​អាជ្ញាធរ​មូលដ្ឋាន ពិសេស​ក្រុម​ល្បាត ប្រជាការពារ​ដែល​នៅ​ជិតៗ​ផ្ទះ ដើម្បី​សុំ​ឲ្យ​ជួយ​សម្របសម្រួល​ដល់​ការ​ទិញ និង​ជញ្ជូន​ដាក់​ឲ្យ​ដល់​ផ្ទះ»។

ទីតាំង​លក់​ក្នុង​តំបន់​ក្រហម​ទាំង​នោះ រួមមាន ស្តង់​ស្ថិត​នៅ​ចន្លោះ​ផ្លូវ​ផ្សារ​ស្ទឹងមានជ័យ​ចាស់ និង​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​ជាប់​នឹង​ផ្សារ​តេលាម៉ាត ព្រម​ទាំង​ស្តង់​នៅ​ច្រមុះ​ជ្រូក​ស្ទឹងមានជ័យ ស្តង់​នៅ​ផ្សារ​ត្រពាំង​ថ្លឹង ផ្សារ​ឯករាជ្យ និង​ស្តង់​នៅ​លើ​ផ្លូវ​វេងស្រេង។

កាល​ពី​ថ្ងៃទី ២០ មេសា តាមរយៈ​ក្រុមហ៊ុន ហ្រ្គីន ត្រេដ នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ចេញ​អង្ករ​លក់​ចំនួន ១១៣ បេ មី​ជាតិ​ចំនួន ៦៤៦ កេស ទឹកត្រី​ចំនួន ២៨៨ យួរ ទឹក​ស៊ីអ៊ីវ​ចំនួន ១៩០ យួរ ត្រីខ​ចំនួន ៣១១ យួរ និង​ទឹក​សុទ្ធ​ចំនួន ៥២ យួរ៕

ស្ដង់ដែលត្រូវបានដំឡើងសម្រាប់លក់គ្រឿងឧបភោគ​បរិភោគ​ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម។ រូបថត ទទក