
ភ្ញៀវទេសចរដែលជិះរទះគោកម្សាន្តនៅខេត្តសៀមរាប។ វិស័យទេសចរណ៍នៅតែជាវិស័យជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាដ៏សំខាន់ ។ ហេង ជីវ័ន
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចកម្ពុជាកាលពីថ្ងៃពុធបានអះអាងថា កម្ពុជានៅរក្សាបានកំណើនសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំនៅឆ្នាំនេះ ទោះបីជាមានការរៀបចំបោះឆ្នោតជាតិនាខែកក្កដាខាងមុខដែលភាពរឹងមាំនេះនឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអត្រាខ្ពស់បន្តទៀតនៅឆ្នាំនេះ និងក្នុងរយៈពេលមធ្យមខាងមុខ។
ថ្លែងនៅក្នុងពិធីបើកវេទិកា «សេដ្ឋកិច្ចកម្ពុជា សមិទ្ធកម្ម និងទស្សនវិស័យ» កាលពីម្សិលមិញលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថាមូលដ្ឋានគ្រឹះដែលមានស្រាប់សម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំដដែលស្របពេលជាមួយគ្នាកម្ពុជាកំងទទួលបានកំណើនខ្លាំងខាងផ្នែកទេសចរណ៍ និងវិស័យសំណង់។
លោក វិស្សុត បន្តថាមូលដ្ឋាននេះបានធ្វើឲ្យកម្ពុជារក្សាបានអត្រាកំណើនសេដ្ឋកិច្ច ៧ ភាគរយនៃឆ្នាំ ២០១៨ នេះមុននឹងបន្តកើនឡើងដល់ ៧,១ ភាគរយនៅឆ្នាំ ២០១៩ ខាងមុខ។
ខណៈដែលកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅឆ្នាំនេះ ដែលជាទូទៅតែងត្រូវបានគេបារម្ភថានឹងមានការថមថយសកម្មភាពសេដ្ឋកិច្ច ដោយសារឥរិយាបថប្រុងប្រយ័ត្នជាងមុនរបស់តួអង្គពាក់ព័ន្ធជាច្រើនក្នុងវិស័យសេដ្ឋកិច្ច លោក វិស្សុត បានថ្លែងថាស្ថានភាពសេដ្ឋកិច្ចជារួមនៅឆ្នាំនេះនៅរក្សាបានក្នុងភាពល្អប្រសើរ។
លោកបន្តថា៖ «ប៉ុន្មានខែចុងក្រោយនេះ សកម្មភាពសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ។ ការនាំចេញកាន់តែខ្លាំង ការនាំចូលនៅបន្តកើន។ សកម្មភាពលក់ដុំ លក់រាយនៅតែខ្លាំង ស្របពេលវិស័យទេសចរកាន់តែមានភាពខ្លាំងក្លាជាងមុន»។
លោកបន្តថា៖ «ការផ្តល់ឥណទានដល់វិស័យឯកជនក៏នៅបន្តកំណើន ហើយតម្លៃដីធ្លីក៏អត់មានការធ្លាក់ចុះដែរ។ ទាំងនេះគឺសូចនាករនាំមុខនានាដែលឆ្លុះបញ្ចាំងថាវិស័យសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំដដែល»។
យោងតាមលោក វិស្សុត ការករជាវិជ្ជមាននៃពីភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជាគឺមានកត្តារួមផ្សំសំខាន់ៗបីរួមមានដូចជា ការងើបឡើងវិញប្រកបដោយភាពរឹងមាំនៃសេដ្ឋកិច្ចសកលភាពប្រសើរឡើងនៃប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីការធ្វើកំណែទម្រង់លើវិស័យស្នូលជាច្រើន និងស្ថានភាពនយោបាយប្រកបដោយស្ថិរភាព។
សេដ្ឋកិច្ចកម្ពុជាត្រូវបានដំណើរការដោយវិស័យស្នូល ៣ សំខាន់ៗរួមមាន កសិកម្ម ឧស្សាកម្ម និង សេវាកម្ម។ របាយការណ៍ក្រសួងសេដ្ឋកិច្ចបានបង្ហាញថាអត្រាកំណើននៃវិស័យស្នូលទាំង ៣ មានការប្រែប្រួលតិចតួចធៀបនឹងឆ្នាំមុនៗដែលក្នុងនោះវិស័យកសិកម្មត្រូវបានរំពឹងថានឹងមានកំណើន ១,៨ ភាគរយធៀបនឹងឆ្នាំមុន ឧស្សាហកម្មកើន ៩,៦ ភាគរយ និង សេវាកម្ម ៧ ភាគរយ។
កាត់ដេរដែលជាផ្នែកមួយនៃវិស័យឧស្សាហកម្មហើយក៏ជាប្រភពកំណើនសេដ្ឋកិច្ចកម្ពុជាជាយូរមកហើយ កំពុងស្ថិតក្នុងនិន្នាការនៃការថមថយ។ នៅឆ្នាំ ២០១៨ នេះក្រសួងសេដ្ឋកិច្ចព្យាករកំណើនការនាំចេញផលិតផលឧស្សាហកម្មកាត់ដេរនឹងមានអត្រា ៥ ភាគរយគឺធ្លាក់ចុះពីអត្រាកំណើន ៥,៤ ភាគរយកាលពីឆ្នាំមុន។
យ៉ាងណាក៏ដោយការថមថយអត្រាកំណើននៃវិស័យកាត់ដេរត្រូវបានប៉ះប៉ូវដោយកំណើនគួរឲ្យកត់សម្គាល់នៃវិស័យកម្មន្តសាលមិនមែនកាត់ដេរទាំងសម្រាប់នាំចេញ និងបម្រើទីផ្សារក្នុងស្រុក។
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ចដដែលបានបង្ហាញថា សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ កម្ពុជានឹងបោះជំហានទៅដំណាក់កាលថ្មីមួយទៀតដែលវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យានឹងដើរតួនាទីកាន់តែសំខាន់ជាងមុនក្នុងយុទ្ធសាស្រ្តកំណើនថ្មីរបស់ជាតិក្នុងបរិការណ៍ដែលភាពប្រកួតប្រជែងក្នុងតំបន់ និងពិភពលោកកាន់តែស្រួចស្រាល់។
ទន្ទឹមនឹងការសម្រេចបាននូវសម្ធិផលមួយចំនួនរបាយការរបស់ក្រសួងសេដ្ឋកិច្ចក៏បានបង្ហាញពីបញ្ហាប្រឈមជាច្រើនផងដែរ។ ទាក់ទងនឹងការធ្វើពាណិជ្ជកម្មកម្ពុជាត្រូវដោះស្រាយបញ្ហាឱនភាពសមតុល្យពាណិជ្ជកម្មដែលមានជាង ៣ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ នៅឆ្នាំ ២០១៨ កម្ពុជាត្រូវបានព្យាករថានឹងអាចសម្រេចបានការនាំចេញ ១២,១២ ពាន់លានដុល្លារ ប៉ុន្តែនឹងត្រូវនាំចូលរហូតដល់ ១៥,៩១ ពាន់លានដុល្លារ។
បញ្ហាប្រឈមជាច្រើនទៀតរួមមានភាពទន់ខ្សោយនៃប្រព័ន្ធដឹកជញ្ជូន ឡូជីស្ទិក ផលិតភាពពលកម្មទាប និងកង្វះពលកម្មជំនាញ នីតិវិធីស្មុគស្មាញ និងកម្រៃសេវាក្រៅផ្លូវការ និងកម្រិតខ្ពស់នៃថ្លៃម្ហូបអាហារនៅកម្ពុជាជាដើម៕