ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​វិធានការ​ដើម្បី​ជួយ​ទប់ស្កាត់​ការកើនឡើង​តម្លៃ​ប្រេងសាំង ខណៈ​វិធានការ​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ថា​នឹង​ធ្វើឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​ប្រមាណ​ ៣០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។

ថ្លែង​កាលពី​ថ្ងៃ​សុក្រ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​នឹង​ដាក់​ចេញ​វិធានការ​ចំនួន​ ២ ដើម្បី​ជួយ​ទប់ស្កាត់​ការកើនឡើង​នៃ​តម្លៃ​ប្រេង​នៅ​កម្ពុជា ខណៈ​រដ្ឋាភិបាល​ធ្វើការ​ឧបត្ថម្ភ​ធន​ស្ងៀមស្ងាត់ ដោយ​បាន​បញ្ចេញ​ថវិកា ៨២,៨ ​លាន​ដុល្លារ​រួច​មក​ហើយ​ក្នុង​រយៈពេល​ ៥ ​ខែ​កន្លង​មក​នេះ ប៉ុន្តែ​ហាក់​មិន​ទាន់​មាន​ប្រសិទ្ធភាព​។

លោក​បាន​ថ្លែង​ថា​៖ «​វិធានការ​នេះ [​ការឧបត្ថម្ភ​ធន​] មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ អ៊ីចឹង​យើង​ត្រូវ​មាន​វិធានការ​ថ្មី​បន្ថែម​ទៀត​»​។

វិធានការ​ ២ ​ដែល​លោក​ ហ៊ុន សែន អះអាង​នោះ​ការកំណត់​មូលដ្ឋាន​គិត​ពន្ធ​ឲ្យ​សមស្រប​ទៅ​នឹង​ទីផ្សារ​អន្តរជាតិ និង​ទី​ ២ ការបញ្ចុះ​អត្រា​អាករ​ពិសេស​សម្រាប់​ប្រេងសាំង ប្រេងម៉ាស៊ូត និង​ប្រេងកាត​។

តាម​លោក​នាយក​រដ្ឋមន្ត្រី អាករ​ពិសេស​សម្រាប់​ប្រេងសាំង​នឹង​ត្រូវ​បញ្ចុះ​ពី ៣៥ ​ភាគរយ មក ១៥ ​ភាគរយ ខណៈ​ប្រេងម៉ាស៊ូត​នឹង​ត្រូវ​បន្ទាបពី​ ១៥ ​ភាគរយ មក ៥,៥ ​ភាគរយ និង​ប្រេងកាត​ពី​ ១៥ ភាគរយ​មក​ ៥ ​ភាគរយ​។

វិធានការ​ទាំង​ ២ ​នេះ​នឹង​ដាក់​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ កក្កដា ខាង​មុខ​ហើយ​លោក​នាយក​រដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា​ចាប់ពី​ថ្ងៃទី​ ១ កក្កដា តម្លៃ​ប្រេង​នឹង​ធ្លាក់​ចុះ​ ១៦០ ​រៀល គឺ​ចំ​កាលបរិច្ឆេទ​ដែល​ក្រសួង​ពាណិជ្ជកម្ម​ត្រូវ​ពិនិត្យ​មើល​តម្លៃ​ប្រេងសាំង​លក់រាយ​តាម​កាលវិភាគ រៀងរាល់​ ១០ ​ថ្ងៃ​ម្តង​របស់​ខ្លួន​។

បច្ចុប្បន្ន​ប្រេងសាំង​លក់រាយ​នៅ​កម្ពុជា​មាន​តម្លៃ ៤ ១៥០ រៀល​ក្នុង ១ ​លីត្រ សម្រាប់​សាំង​ធម្មតា និង ៣៩៥០ ​រៀល​សម្រាប់​ប្រេងម៉ាស៊ូត​។ ក្រសួង​ពាណិជ្ជកម្ម​នឹង​ធ្វើការ​កំណត់​តម្លៃ​ថ្មី​នៅ​ថ្ងៃទី​ ១ កក្កដា​។

ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នាំ​ចូល​ប្រេង​ពី​ប្រទេស​វៀតណាម សិង្ហបុរី និង​ថៃ ខណៈ​ប្រទេស​នេះ​នៅ​មិន​ទាន់​ផលិត​ប្រេង​បាន​ដោយ​ខ្លួនឯង​នៅ​ឡើយ​ទេ​។

លោក សន ជ័យ នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​គាំទ្រ​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​។

ខណៈ​បញ្ជាក់​ថា​រដ្ឋាភិបាល​គួរតែ​កំណត់​ពេល​ឲ្យ​បាន​ច្បាស់លាស់​ដោយ​មិនមែន​គ្រាន់តែ​ប្រកាស​ពី​ការចាប់ផ្តើម​អនុវត្ត​នោះ​លោក សន ជ័យ យល់​ឃើញ​ថា​វិធានការ​នេះ​អាច​ធ្វើ​ឡើង​ដើម្បី​ទទួល​បាន​ប្រជាប្រិយភាព​ស្របពេល​ការបោះឆ្នោត​ជិត​ខិត​ចូល​មក​ដល់​។

លោក​ថ្លែង​ថា​៖ «​ទោះបី​ជា​ការប្រកាស​នេះ​អាច​ជា​ការទាក់ទាញ​យក​ប្រជាប្រិយភាព​នៅមុន​ពេល​ការបោះឆ្នោត​ជាតិ​ក៏ដោយ តែ​ជា​រួម​វិធានការ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការជួយ​ទប់ស្កាត់​ដល់​ការកើនឡើង​នៃ​តម្លៃ​ប្រេង​នៅ​កម្ពុជា​»​។

លោក សន ជ័យ ក៏​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ធ្វើការ​ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ផងដែរ​ទាក់ទង​នឹង​បរិមាណ​ប្រេង​ដែល​ដាក់​លក់​នៅ​តាម​ស្ថានីយ ខណៈ​ជា​ញឹក​ពាប់​អាជ្ញាធរ​តែង​រកឃើញ​នូវ​ការកេងបន្លំ​ពី​ស្ថានីយ​ប្រេង​៕LA