ក្រុងបាងកកៈ រដ្ឋាភិបាលបានអនុម័តឥណទាន ១,៦៧ ពាន់លានបាត សម្រាប់កសិករ និង វិទ្យាស្ថានកសិកម្មក្នុងការសាងសង់ជង្រុកស្តុកស្រូវដោយពន្យារពេលការលក់ស្រូវដើម្បីធ្វើឲ្យមានស្ថិរភាពដល់តម្លៃស្រូវ។
លោក Boonyarit Kalayanamit អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង បានថ្លែងថាគណៈកម្មាធិការជាតិគោលនយោបាយស្រូវដែលបានដឹកនាំដោយលោកនាយករដ្ឋមន្ដ្រី ប្រាយុធ ចានអូចា កាលពីម្សិលមិញបានអនុម័តផែនការកម្ចីដើម្បីសាងសង់ជង្រុកស្រូវសម្រាប់កសិករ និងវិទ្យាស្ថានកសិកម្ម។
ក្នុងចំណោមចំនួនកម្ចីនេះធនាគារកសិកម្ម និងសហករណ៍កសិកម្ម (BAAC) ដែលគ្រប់គ្រងដោយរដ្ឋនឹងផ្ដល់ប្រាក់ចំនួន ១៥០ ០០០ បាតដល់កសិករមានសិទ្ធិទទួលបាននីមួយៗ និង ៣ លានបាតដល់វិទ្យាស្ថានកសិកម្មនីមួយៗ។ ផែនការនេះកំណត់ទិសដៅអ្នកខ្ចី ១០ ០០០ នាក់ ខណៈរដ្ឋាភិបាលជួយឧបត្ថម្ភធន ៣ ភាគរយនៃអត្រាការប្រាក់ក្នុង ១ ឆ្នាំ។
លោក Boonyarit ថ្លែងថាគណៈកម្មាធិការនេះកាលពីថ្ងៃចន្ទបានអនុម័តផែនការបម្រុង ស្ដុកស្រូវរដ្ឋ ២ លានតោននៅឆ្នាំនេះ។ លោកបញ្ជាក់ថា ផែនការបម្រុងនេះនឹងមិនប៉ះពាល់ដល់តម្លៃទីផ្សារនោះទេ។
លោក Adul Chotinisakorn អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មបរទេសបានថ្លែងនៅពេលថ្មីៗថា អាជ្ញាធរគ្រប់គ្រងការលក់ស្រូវនឹងអំពាវនាវឲ្យមានការដេញថ្លៃលើមូលដ្ឋានបន្តិចម្ដងៗនៅខែឧសភា និងខែមិថុនាហើយប្រហែលរហូតដល់ខែកញ្ញា ដើម្បីលក់ស្ដុកដែលមានស្រាប់ដែលត្រូវបានប៉ាន់ប្រមាណ ២,០៤ លានតោន។
ក្នុងចំណោមចំនួនសរុបនោះ ១,៥ លានតោនសម្រាប់ការផលិតចំណីសត្វ និង ៥០០ ០០០ តោនអាចបរិភោគបានសម្រាប់ទាំងមនុស្ស និងសត្វ។
ចាប់តាំងពីរដ្ឋប្រហារខែឧសភាឆ្នាំ ២០១៤ ស្ដុកស្រូវរដ្ឋសរុបចំនួន ១៤,៨ លានតោនត្រូវបានលក់តាមរយៈការដេញថ្លៃដែលរកប្រាក់បាន ១៣៥ ពាន់លានបាត។ កិច្ចព្រមព្រៀងរដ្ឋាភិបាលរវាងរដ្ឋាភិបាលបានដកចេញស្រូវដែលទើបប្រមូលផលបានចំនួន ៣,៤៤ លានតោនដែលមិនមែនជាផ្នែកមួយនៃស្ដុកស្រូវនេះមានតម្លៃ ៥០,២ ពាន់លានបាត។
នៅក្នុងការអភិវឌ្ឍជាប់ទាក់ទងស្ដុកស្រូវនេះ សមាគមនាំចេញស្រូវអង្ករថៃ បានរាយការណ៍ថា ប្រទេសនេះបាននាំចេញអង្ករ ២,៧៨ លានតោននៅត្រីមាសទី ១ ឆ្នាំនេះដែលរកប្រាក់បាន ៤៤,០៩ ពាន់លានបាត។
បរិមាណបានកើនឡើង ៣,១ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈតម្លៃបានកើនឡើង ៩,៥ ភាគរយ៕ LA