The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋាភិបាល​ទាមទារ​ទិន្នន័យ​ពី​ក្រុមហ៊ុន​លក់​ប្រេង

រដ្ឋាភិបាល​ទាមទារ​ទិន្នន័យ​ពី​ក្រុមហ៊ុន​លក់​ប្រេង

អតិថិជន​កំពុង​ចាក់សាំង​នៅ​ស្ថានីយ​ប្រេង​កាល់តិច​នៅ​ភ្នំពេញ ។
អតិថិជន​កំពុង​ចាក់សាំង​នៅ​ស្ថានីយ​ប្រេង​កាល់តិច​នៅ​ភ្នំពេញ ។ រូបថត ELI MEIXLER

រដ្ឋាភិបាល​ទាមទារ​ទិន្នន័យ​ពី​ក្រុមហ៊ុន​លក់​ប្រេង

ភ្នំពេញៈ រដ្ឋាភិបាល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​លក់​ប្រេង​នៅ​កម្ពុជា​ត្រូវ​ប្រគល់​ទិន្នន័យ​នាំ​ចូល និង​កំណត់ត្រា​ហិរញ្ញវត្ថុ ដែល​ជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ច្បាប់​ការពារ​តម្លៃ​ប្រេងឥន្ធនៈ​។

ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រកាស​ជា​សាធារណៈ​កាលពី​ម្សិលមិញ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​រដ្ឋ AKP ថា ខ្លួន​ចាប់ផ្ដើម​រៀបចំ​បទប្បញ្ញត្តិ​ដើម្បី​គ្រប់គ្រង​តម្លៃ​ប្រេង​នៅ​តាម​ស្ថានីយ​និង​បញ្ឈប់​ក្រុមហ៊ុន​ឯកជន​ដំឡើង​តម្លៃ​ស្រេច​តែ​នឹង​ចិត្ត​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បង្ហាញ​ថា​៖ «​ក្រសួង​រ៉ែ និង​ថាមពល​បាន​ចាប់ផ្ដើម​សិក្សា និង​រៀបចំ​បទប្បញ្ញត្តិ​ដើម្បី​គ្រប់គ្រង​តម្លៃ​ប្រេង​នៅក្នុង​ប្រទេស​កម្ពុជា ជា​មធ្យោបាយ​ដើម្បី​កំណត់​ការ​ផ្លាស់ប្តូរ​តម្លៃ​ប្រេងសាំង​ស្រប​ជាមួយ​នឹង​ទីផ្សារ​អន្តរជាតិ​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ថែម​ថា ក្រុមហ៊ុន​នាំចូល​ប្រេងឥន្ធនៈ និង​ក្រុមហ៊ុន​ចែកចាយ​របស់​កម្ពុជា​ទាំង​៨ នៅពេល​នេះ​នឹង​តម្រូវ​ឲ្យ​រាយការណ៍​ពី​បរិមាណ​នាំ​ចូល ការ​លក់ និង​កម្រិត​ស្តុកទុក​ជា​រៀងរាល់​ខែ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល​។ ​«​ក្រសួង​ចាប់ផ្ដើម​សិក្សា​យុទ្ធសាស្ដ្រ​ខុសៗ​គ្នា​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​បទប្បញ្ញត្តិ​ប្រឆាំង​នឹង​ពាណិជ្ជ​សញ្ញា​ពាណិជ្ជករ​ដែល​កំណត់​តម្លៃ​ដោយ​ខ្លួនឯង​»​។

តម្លៃ​ប្រេង​ឆៅ​ពិភពលោក​បាន​ធ្លាក់ចុះ​ជាង​៥០​ភាគរយ​ចាប់​តាំងពី​ខែ​កក្កដា កាលពី​ឆ្នាំ​មុន​។ ទន្ទឹម​នឹង​នេះ​តម្លៃ​ប្រេង​ឥន្ធនៈ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចែកចាយ​ឈាន​មុខ​គេ​របស់​កម្ពុជា​បាន​ធ្លាក់ចុះ​២០​ភាគរយ​ចាប់​តែ​ពី​ខែ​វិច្ឆិកា​ពី​៥០០០​រៀល មក​នៅ​ក្រោម ៤០០០​រៀល​ក្នុង​មួយ​លីត្រ​។

លោក ស៊ុយ សែម រដ្ឋមន្ដ្រី ក្រសួងរ៉ែ និង​ថាមពល​បាន​ដាក់​បញ្ជា​ដល់​មន្ដ្រី​កាលពី​ដើម​ខែ​នេះ​ឲ្យ​ពិចារណា​ពី​ការ​បង្កើត​ច្បាប់​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅក្នុង​សេចក្តី​ព្រាង​ច្បាប់​ថ្មី​ស្តីពី​ប្រេងឥន្ធនៈ​របស់​កម្ពុជា​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា ដាក់​ជូន​ទីស្ដី​ការ​គណៈរដ្ឋមន្ដ្រី​នៅ​ចុង​ឆ្នាំ​នេះ​។

លោក ម៉េង ស័ក្ដធារ៉ា រដ្ឋលេខាធិការ ក្រសួង​រ៉ែ និង​ថាមពល​បាន​ថ្លែង​ថា​៖ «​យើង​កំពុង​ព្យាយាម​ត្រួតពិនិត្យ​មើល​ការ​អនុវត្ត​នៅ​អន្តរជាតិ​បាន​យ៉ាងល្អ ដែល​សម្លឹង​មើល​ទៅ​បណ្ដា​ប្រទេស​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ការ​នាំ​ចូល​ប្រេង​»​។

លោក​លើក​ឡើង​ថា​៖ «​វា​មាន​ការ​ស្មុគស្មាញ​បន្តិច​ដោយសារ​តែ​បទប្បញ្ញត្តិ​ប្រភេទ​នេះ ចាំបាច់​ត្រូវ​សរសើរ​ដល់​ច្បាប់​ប្រឆាំង​ការ​ប្រកួត​ប្រជែង​របស់​ក្រសួង​ពាណិជ្ជកម្ម និង​ច្បាប់​ការពារ​អតិថិជន​របស់​ខ្លួន​ហើយ​វា​ចាំបាច់​ត្រូវ​មាន​យុតិ្តធម៌​សម្រាប់​វិនិយោគិន​»​។

ការ​ប្រកាស​កាលពី​ម្សិលមិញ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​មន្ដ្រី​កាំកុងត្រូល​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ពី​ថ្ងៃ​ទី​ ២៤ ​ខែ មករា​ បាន​ដឹកនាំ​ការ​ត្រួតពិនិត្យ​ក្រុមហ៊ុន​កាល់តិច តេលា តូតាល់ ភីធីធី និង សូគីម៉ិច​នៅ​ទីក្រុង​ភ្នំពេញ​លើ​បរិមាណ និង​គុណភាព​ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន​ចែកចាយ​ទាំងនោះ​។

លោក Hiroshi Suzuki អគ្គនាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​ពាណិជ្ជកម្ម​កម្ពុជា​បាន​សរសើរ​ដល់​ការ​ស្នើសុំ​របស់​រដ្ឋាភិបាល​សម្រាប់​ការ​នាំចូល និង​ទិន្នន័យ​តម្លៃ ប៉ុន្តែ​ព្រមាន​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​យន្តការ​បទប្បញ្ញត្តិ​មួយ​ចំនួន​ដូចជា​ការ​ឧបត្ថម្ភធន​។

លោក​បាន​ថ្លែង​នៅក្នុង​អ៊ីមែល​មួយ​កាលពី​ម្សិលមិញ​ថា​៖ «​ដំណោះស្រាយ​របស់​ក្រសួង​ចំពោះ​ការ​ស្នើសុំ​ត្រួតពិនិត្យ​បរិមាណ​ហាក់​ដូចជា​សមស្រប​»​។

លោក​បន្ត​ថា​៖ «​បណ្ដា​ប្រទេស​ជាច្រើន​ប្រឈម​នឹង​ការ​ពិបាក​ក្នុង​ការ​ព្យាយាម​គ្រប់គ្រង​តម្លៃ​ដោយ​ផ្ទាល់។ បច្ចុប្បន្ន​ប្រទេស​ឥណ្ឌូនេស៊ី​បាន​បញ្ឈប់​ប្រព័ន្ធ​ឧបត្ថម្ភធន​តម្លៃ​ប្រេង​។ ការ​ឧបត្ថម្ភធន​របស់​ឥណ្ឌូនេស៊ី​ដើម្បី​រក្សា​តម្លៃ​ប្រេង​ឲ្យ​នៅ​ទាប​បាន​ជួបប្រទះ​បទពិសោធ​ជូរចត់​ដោយសារ​អំណាច​ទីផ្សារ​នេះ​គឺ​ខ្លាំង​ជាង​អំណាច​របស់​រដ្ឋាភិបាល​»​។

លោក Hiroshi Suzuki បាន​ផ្ដល់​អនុសាសន៍​ពី​របប​ស្តុកទុក​ដែល​រដ្ឋាភិបាល​កម្ពុជា​នឹង​បង្កើន​ការ​បម្រុង​ទុក​ប្រេងឥន្ធនៈ​របស់​ខ្លួន​ក្នុង​ករណី​កង្វះ​ពេល​អនាគត ឬ​ការ​កើនឡើង​តម្លៃ​ប្រេង​ពិភពលោក​ខ្ពស់​ភា្លមៗ។

លោក​បន្ថែម​ថា​៖ «​យុទ្ធសាស្ដ្រ​បម្រុង​ទុក​នេះ​អាច​បញ្ចេញ​បាន​រាល់​ពេល​មាន​វិបត្តិ​ឬ​ការ​ប្រែប្រួល​តម្លៃ​ប្រេង​ខ្លាំង​»​៕PB

អត្ថបទគួរចាប់អារម្មណ៍