The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋាភិបាល​ទុក​ពេល​​ ៦ ​ខែ​ឲ្យ ​រ៉ូយ៉ាល់គ្រុប

រដ្ឋាភិបាល​ទុក​ពេល​​ ៦ ​ខែ​ឲ្យ ​រ៉ូយ៉ាល់គ្រុប

ទិដ្ឋភាព​កោះ​នៅ​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ​។
ទិដ្ឋភាព​កោះ​នៅ​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ​។ រូបថត ភ្នំពេញ ប៉ុស្តិ៍

រដ្ឋាភិបាល​ទុក​ពេល​​ ៦ ​ខែ​ឲ្យ ​រ៉ូយ៉ាល់គ្រុប

ភ្នំពេញៈ ក្រសួង​បរិស្ថាន​កាលពី ម្សិលមិញ​បាន​ដាក់​កំណត់​រយៈពេល​ ៦ ​ខែ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចំនួន​ពីរ​នៅ​តំបន់​ឧទ្យាន​ជាតិ​រាម​នៃ​ខេត្ត​ព្រះសីហនុ កែសម្រួល​ប្លង់​គោល​របស់​ខ្លួន ក្នុង​បំណង​ជំរុញ​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ឲ្យ​ដើរ​ទៅ​មុខ​កាន់តែ​លឿន។

គម្រោង​អភិវឌ្ឍន៍​ទាំង​ពីរ​នេះ​រួមមាន​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​មាន​តម្លៃ​ ១,៨​ ពាន់​លាន​ដុល្លារ​របស់​ក្រុមហ៊ុន Evergreen Success and Asia Development Co នៅលើ​ផ្ទៃដី​ ១៤៨០ ហិកតា​នៅ​តំបន់​ឧទ្យានជាតិ​រាម ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​អភិវឌ្ឍន៍​ពី​ឆ្នាំ​២០០៨ និង​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ​របស់​ក្រុមហ៊ុន Royal Group នៅលើ​ផ្ទៃដី​ ១៤០៨​ ហិកតា ផ្តល់​សិទ្ធិ​ដោយ​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០០៩​។

លោក​ថ្លែង​ថា ក្រុមហ៊ុន​ទាំង​ពីរ​មាន​រយៈពេល​៦​ខែ​ដើម្បី​បញ្ចប់​នីតិវិធី​ពាក់ព័ន្ធ​និង​សម្រួល​ប្លង់​គោល​របស់​ខ្លួន ហើយ​ក្រសួង​នឹង​បន្ត​ត្រួតពិនិត្យ​វាយតម្លៃ​ដោយ​យក​ចិត្តទុកដាក់​ពី​ដំណើរការ​នៃ​គម្រោង​ទាំង​ពីរ​នេះ។

លោក​បន្ត​ថា៖ «ចំណែក​ក្រុមហ៊ុន Evergreen Success and Asia Development Co និង​ក្រុមហ៊ុន Royal Group រដ្ឋាភិបាល​បាន​សម្រេច​ទុក​រយៈពេល ​៦ ​ខែ​ឲ្យ​កែសម្រួល​ប្លង់​មេ និង​បំពេញ​ឲ្យ​គ្រប់​នីតិវិធី​។ ក្រសួង​នឹង​បន្ត​ពិនិត្យ​វាយតម្លៃ​ដោយ​យក​ចិត្តទុក​ដាក់​ចំពោះ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​។ នៅ​៦​ខែ​ក្រោយ ក្រសួង​នឹង​ធ្វើការ​វាយតម្លៃ​ដំណើរការ​គម្រោង​ទាំង​ពីរ​នេះ​ម្តង​ទៀត»​។

តាម​ការ​ឲ្យ​ដឹង​បន្ថែម​ពី​មន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ក្រុមហ៊ុន​ទាំង​ពីរ​នេះ​នៅ​មិន​ទាន់​បាន​បញ្ចប់​ការ​បំពេញ​បែបបទ​តាម​នីតិវិធី​ឈាន​ទៅ​ដល់​ប្លង់​មេ​នៅ​ឡើយ​ទេ ទោះ​ជា​យ៉ាងណា លោក​មិន​បាន​បញ្ជាក់​ពី​វិធានការ​បន្ទាប់​របស់​ក្រសួង​ទេ ក្នុង​ករណី​ដែល​ក្រុមហ៊ុន​មិន​អាច​បញ្ចប់​ការ​បំពេញ​បែបបទ​នៅ​៦​ខែ​ក្រោយ។

ឧទ្យាន​ជាតិ​រាម​ត្រូវ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៣ មាន​ទំហំ ​២១ ០០០ ​ហិកតា​ជា​តំបន់​ព្រៃ​អភិរក្ស​ដែល​ស្ថិត​នៅ​ជាប់​ឆ្នេរ​ក្នុង​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ត្រូវ​បាន​កាត់​ចេញ​ជា​ចំណែក​ប្រគល់​ឲ្យ​វិនិយោគ​ឯកជន​ដើម្បី​អភិវឌ្ឍ​ក្នុង​គម្រោង​ទេសចរណ៍​ផ្សេងៗ។

លោក អំ សំអាត មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​និយាយ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ខណៈ​ផែនការ​អភិវឌ្ឍន៍​ជាធម្មតា​មាន​បំណង​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ភាគច្រើន​នៃ​លទ្ធផល​គឺ​ផ្ទុយ​។

លោក​បាន​បន្ត​ថា៖ «តំបន់​មួយ​ចំនួន​ដែល​បាន​ផ្តល់​ឲ្យ​អភិវឌ្ឍ​នៅ​ឧទ្យាន​រាម ជាន់​គ្នា​នឹង​ដី​អ្នកភូមិ​។ ដូច្នេះ​មិន​មាន​ការ​ដោះស្រាយ​សម្រាប់​ពួកគេ​នៅ​ឡើយ​ទេ»​។

លោក​បាន​បន្ថែម​ថា​៖ « មក​ទល់​ពេល​នេះ​យើង​នៅ​តែ​មិន​ទាន់​មើល​ឃើញ​ការ​វិវឌ្ឍ​ណា​មួយ​នៃ​ផែនការ​អភិវឌ្ឍន៍​នេះ​នៅ​ឡើយ​ទេ ខណៈ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​កំពុង​រង​ផលប៉ះពាល់​ដែល​មិន​អាច​រកចំណូល​ពី​អនុផល​ព្រៃឈើ​នៅ​ជុំវិញ​ឧទ្យាន​ដែល​ពួកគេ​ធ្លាប់​ទទួល​បាន​ពី​មុន​មក​»។

លោក ហូ វណ្ឌី សហប្រធាន​ក្រុម​ការងារ​ទេសចរណ៍​វិស័យ​ឯកជន រដ្ឋាភិបាល​បាន​និយាយ​ថា លោក​ស្វាគមន៍ នឹង​វិធានការ​នេះ និង​លើក​ទឹកចិត្ត​ឲ្យ​មាន​ជំរុញ​គម្រោង​អភិវឌ្ឍន៍​ច្រើន​ទៀត​ដែល​នៅ​មាន​ដំណើរការ​យឺត​។

លោក​បន្ថែម​៖ «​មាន​កោះ​ប្រហែល​២០​ត្រូវ​បាន​ផ្តល់​ឲ្យ​វិនិយោគិន​ដើម្បី​អភិវឌ្ឍ​ទៅ​ជា​តំបន់​ទេសចរណ៍ ប៉ុន្តែ​មាន​តែ​កោះ ​៦​ ប៉ុណ្ណោះ កំពុង​ត្រូវ​បាន​អភិវឌ្ឍ។ ខ្ញុំ​សង្ឃឹម​ថា​ នឹង​មើល​ឃើញ​វិធានការ​បន្ថែម​ទៀត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​គម្រោង​ផ្សេង​ទៀត​ឲ្យ​ដំណើរការ ដែល​នឹង​ផ្តល់​ប្រយោជន៍​ឧស្សាហកម្ម​ទេសចរណ៍​ទាំងមូល​»។

លោក គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប​បាន​បដិសេធ​អត្ថាធិប្បាយ ខណៈ​ក្រុមហ៊ុន Evergreen Success and Asia Development Co កាលពី​ថ្ងៃ​ម្សិលមិញ​មិន​បាន​ឆ្លើយតប​៕

អត្ថបទគួរចាប់អារម្មណ៍