ភ្នំពេញ: ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​គ្រោង​នឹងដាក់​បញ្ចូល​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​សម្រាប់​សហគ្រាស​ខ្នាតតូច និង​មធ្យម​ (SMEs) ​តាម​ប្រព័ន្ធ online (MISTI Key Single Portal) ​ចូលទៅក្នុង​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម CamDX system របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​ខែ​ក្រោយនេះ​បន្ទាប់ពី​ការធ្វើ​តេស្ត​សាកល្បង​ប្រព័ន្ធ​ចុះបញ្ជី​អនឡាញ​នេះ​ទទួល​បាន​ជោគជ័យ​ ៩០ ​ភាគរយ​។

លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​របស់​ក្រសួង​កាលពី​ថ្ងៃ​អង្គារ​បាន​ថ្លែងថា ការខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​បច្ចេកទេស​បាន​ធ្វើតេស្ត​សាកល្បង​ដោយ​ជោគជ័យ​នៃ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​អនឡាញ​ (MISTI Key Single Portal) ​សម្រាប់ SMEs នៅ​កម្ពុជា​។

លោក​បានឱ្យ​ដឹងថា ការបង្កើត​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​អនឡាញ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ក្រដាស​ស្នាម​ជា​អតិបរមា ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការចំណាយ​ក្រៅ​ផ្លូវការ​ផងដែរ​។

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​ខ្ញុំ​សូម​ផ្តល់​អនុសាសន៍​ណែនាំ​ឱ្យ​ពិនិត្យ​កែលម្អ​បន្ថែម​លើ​ទិដ្ឋភាព​បច្ចេកទេស ប្រសិទ្ធភាព​ការងារ កំណែ​អក្ខរាវិរុទ្ធ​ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស ព្រមទាំង​ពង្រឹង​សុវតិ្ថភាព​ទិន្នន័យ​ដើម្បី​បំពេញ​បន្ថែម​ចំណុច​ខ្វះខាត​មុន​នឹង​ប្រព័ន្ធ​នេះ​ត្រូវ​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​»​។

លោក ឈា ឡាយហ៊ី ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទោះជា​ការធ្វើ​តេស្ត​សាកល្បង​លើកដំបូង​នៃ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​អនឡាញ​ទទួលបាន​ជោគជ័យ​ក៏ដោយ ក្រុម​ការងារ​បច្ចេកទេស​នឹង​បន្ត​ចុះបញ្ជី​សាកល្បង​ជាមួយ​នឹង​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន ២០០ ​បន្ថែមទៀត​ដើម្បី​ឱ្យ​ប្រាកដ​ថា​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​នេះ​ដំណើរការ​ដោយ​រលូន​។

លោក​ថ្លែងថា​៖ «​យើង​គ្រោង​នឹងដាក់​បញ្ចូល​គ្នា​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​អនឡាញ​ជាមួយ​នឹង​ប្រព័ន្ធ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ​មាន​ន័យថា​សហគ្រាស​ធុន​តូច និង​មធ្យម​អាច​ចុះបញ្ជី​អាជីវកម្ម​ជាមួយ​ប្រព័ន្ធ​មួយណា​ក៏បាន​។ យើង​រំពឹងថា​នៅពេល​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​នេះ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នឹងមាន​ការចូលរួម​គាំទ្រ​ច្រើន​ពី​សហគ្រាស​ធុន​តូច និង​មធ្យម​»​។

លោក លឹម ហេង អនុប្រធាន​សភា ពាណិជ្ជកម្ម​កម្ពុជា​បាន​ឱ្យ​ដឹងថា ការផ្តួចផ្តើម​ឱ្យ​មាន​ការចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​អនឡាញ​នេះ​នឹង​ជួយ​ពង្រឹង​សុក្រឹតភាព តម្លាភាព និង​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​របស់​ក្រសួង​នេះ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។

លោក​ថ្លែងថា​៖ «​យើង​គាំទ្រ​នេះ​ជា​ដំណឹង​ល្អ ដែល​ក្រសួង​បង្កើត​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​សម្រាប់​ពួកគេ​តាម​អនឡាញ ហើយ​នេះ​ជា​អ្វីដែល​វិស័យ​ឯកជន​ចង់បាន​វា​នឹង​កាត់បន្ថយ​ភាពស្មុគស្មាញ​នៃ​ការចុះបញ្ជី និង​ការិយាធិបតេយ្យ​ផង​ដែរ​»​។

ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍​បានឱ្យ​ដឹងថា កម្ពុជា​មាន​សហគ្រាស​សរុប ៥១៣ ៧៥៩ ក្នុងនោះ​ជាង ៩៧ ភាគរយ​ជា​សហគ្រាស​ខ្នាតតូច និង ២,២ ភាគរយ​ជា​សហគ្រាស​ធុន​ធំ​៕