ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​កាណាដា EnerCam Resources Co. Ltd. (EnerCam) និង​ចុះ​កិច្ចព្រមព្រៀង​រុករក​ប្រេង​នៅក្នុង​ប្លុក VIII ក្នុងពេល​ឆាប់ៗ​នេះ​។ នេះ​បើ​យោងតាម​មន្ដ្រីជាន់ខ្ពស់​នៃ​​អគ្គនាយកដ្ឋាន​ប្រេងកាត​។

លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​បាន​ប្រាប់​កាសែត​ភ្នំពេញ ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រសួង​រ៉ែ និង​ថាមពល​កំពុង​ចរចា​​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុមហ៊ុន​កាណាដា EnerCam Co ដើម្បី​រុករក​ប្រេង​នៅ​ប្លុក VIII​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា យើង​នឹង​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​លើ​ការរុករក​ប្រេង​ជាមួយ​ក្រុមហ៊ុន​នេះ​ក្នុង​ពេល​ឆាប់ៗ ហើយ​ការចរចា​កំពុងដំណើរការ​»​។

លោក ជៀប សួរ ធ្លាប់​បាន​លើកឡើង​កាលពី​ខែ​មុន​ថា ក្រសួង​នឹង​ផ្ដល់​អាទិភាព​ដល់​ការទាក់ទាញ​ក្រុម​វិនិយោគិន​កាន់តែ​ច្រើន​ចំពោះ​វិស័យ​រ៉ែ និង​ថាមពល​នៅក្នុង​ប្រទេស​កម្ពុជា​។

ក្រុមហ៊ុន​រុករក​រ៉ែ Angkor Gold Corp ដែល​ជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន EnerCam Resources Co. Ltd. បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ខែសីហា ឆ្នាំ​ ២០១៩ ថា EnerCam បាន​ទទួល​ការយល់ព្រម​ពី​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​សម្បទាន​រុករក​ប្រេង និង​ឧស្ម័ន​លើ​ដីគោក​ទំហំ ៧ ៣០០ ​គីឡូម៉ែត្រ​ការ៉េ​។

ជាមួយ​នឹង​ការអនុម័ត​នេះ នៅពេល​នេះ​ក្រុមហ៊ុន Angkor Gold Corp កំពុង​បន្ត​ការចរចា​កិច្ចព្រមព្រៀង​ចែករំលែក​ការផលិត (PSA) ​ទាក់ទង​នឹង​អាជ្ញាប័ណ្ណ​នេះ​។

ការយល់ព្រម​នេះ​ក៏​អាច​ឲ្យ​ក្រុមហ៊ុន Angkor បន្ត​ការរុករក​ប្រេង និង​ឧស្ម័ន​នៅ​ប្លុក VIII បាន​ផងដែរ​។ ​ប្រេង​ប្លុក VIII មាន​ទីតាំង​នៅ​បាសាំង​កំពង់សោម​ដែល​ថ្មីៗ​នេះ​ត្រូវ​បាន​ទទួលស្គាល់ និង​ជា​បាសាំង​នៅ​ដែនគោក ដែល​មិនទាន់​បាន​រុករក​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​កម្ពុជា​។

ប្លុក​នេះ​ដំបូង​ឡើយ​ត្រូវបាន​កំណត់​ជា​បាសាំង​ដុះ​លយ​ចូល​សមុទ្រ​កាលពី​ឆ្នាំ​ ២០១៦ ដោយ​ក្រុម​អ្នកស្រាវជ្រាវ​មកពី​ក្រុមហ៊ុន Danish Geological Survey ដែល​កំពុង​បកប្រែ​តារាង​ទិន្នន័យ​ស៊ីស្មី​។ នេះ​បើ​យោង​តាម​​ក្រុមហ៊ុន​។

លោក ជៀប សួរ បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា​បាន​បែងចែក​តំបន់​សម្រាប់​ការរុករក​ប្រេងកាត​ចំនួន​ ៦ ប្លុក​នៅក្នុង​សមុទ្រ និង​ ១៩ ​ប្លុក​នៅ​ដែនគោក​។

បច្ចុប្បន្ន Cambodian Resources Energy Development Co Ltd ជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​វិនិយោគិន​ជនជាតិ​ចិន​ត្រូវ​បានផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​រុករក​ប្រេង​រយៈពេល​ ៣ ​ឆ្នាំ​នៅ​ប្លុក D ដែល​មាន​ទំហំ ៥ ៥០០ ​គីឡូម៉ែត្រ​ការ៉េ​ក្នុង​ឈូង​សមុទ្រ​ថៃ ហើយ​ក្រុមហ៊ុន​គ្រោង​ចាប់ផ្ដើម​ការរុករក​ប្លុក​ D នៅ​ឆ្នាំនេះ​។ នេះ​បើតាម​ក្រសួង​។

នៅពេល​នេះ​ក្រុមហ៊ុន​កំពុង​សិក្សា​ឯកសារ​ទាំងអស់​។ បន្ទាប់មក​ពួកគេ​នឹង​ចាប់ផ្ដើម​ការរុករក​អណ្ដូងប្រេង​។ ​KrisEnergy ជា​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី បច្ចុប្បន្ន​នេះ​កំពុង​អភិវឌ្ឍ​អណ្ដូងប្រេង​អប្សរា​នៅ​ប្លុក​ A​។ ក្រុមហ៊ុន​នេះ​មាន​បំណង​ក្នុង​ការទាញ​យក​តំណក់​ប្រេង​ដំបូង​នៅ​ចុងឆ្នាំ​នេះ​។ គេ​រំពឹង​ថា​នឹង​អាច​ទាញ​យក​ប្រេង​ពី​អណ្ដូងប្រេង​នេះ​រហូតដល់ ៧ ៥០០ ​បារ៉ែល​ក្នុង​ ១ ​ថ្ងៃ​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​៕LA