
រូបសញ្ញាអគ្គិសនីកម្ពុជានៅការិយាល័យក្នុងរាជធានីភ្នំពេញ។ ផា លីណា
ភ្នំពេញៈ មន្ដ្រីរដ្ឋាភិបាលបានអះអាងថា តម្លៃអគ្គិសនីសម្រាប់ការប្រើប្រាស់ក្នុងគ្រួសារនឹងធ្លាក់ចុះបន្តិចចាប់ពីខែមេសាទៅដែលជាការអនុវត្តផែនការរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយតម្លៃអគ្គិសនី។
តម្លៃថ្មីនេះស្ថិតនៅក្នុងផែនការកាត់បន្ថយតម្លៃអគ្គិសនីរយៈពេល ៥ ឆ្នាំ ដែលបានដាក់ចេញកាលពីឆ្នាំ ២០១៥ ដោយអាជ្ញាធរអគ្គិសនីកម្ពុជា (EAC) ហើយវាមិនមានពាក់ព័ន្ធនឹងការបោះឆ្នោតខាងមុខនេះទេ។ នេះបើយោងតាមអ្នកនាំពាក្យនៅក្រសួងរ៉ែ និងថាមពល។
លោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា (EAC) បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីដើមខែនេះថាគ្រួសារនៅតាមខេត្ត ក្រុង ចំនួន ១៤ ដែលប្រើប្រាស់អគ្គិសនីជាតិនឹងមើលឃើញការធ្លាក់ចុះតម្លៃអគ្គិសនីរហូតដល់ ២០ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ( kWh) ដែលចាប់ផ្ដើមនៅខែមេសាឆ្នាំនេះ។
សេចក្ដីប្រកាសព័ត៌មាននេះឲ្យដឹងថា៖ «សហគ្រាសពាណិជ្ជកម្ម និងឧស្សាហកម្មនឹងមើលឃើញតម្លៃអគ្គិសនីធ្លាក់ចុះតិចជាង ២០ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។
សេចក្ដីប្រកាសនេះធ្វើឡើងបន្ទាប់ពីការអត្ថាធិប្បាយរបស់លោក នរិន្ទ កាលពីខែមុន ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អាជ្ញាធរអគ្គិសនីថា ការកាត់បន្ថយតម្លៃអគ្គិសនីប្រចាំឆ្នាំនឹងទំនងជាធ្លាក់ចុះខ្លាំងនៅឆ្នាំនេះមុនពេលបោះឆ្នោតជាតិ។ វិធានការនេះត្រូវបានបង្ហាញជាមធ្យោបាយបន្ថែមទៀតក្នុងការជំរុញការគាំទ្រដល់គណបក្សប្រជាជនមុនពេលបោះឆ្នោតខែកក្កដា។
លោក ទី នរិន្ទ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
លោក វិចទ័រ ចូណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានថ្លែងកាលពីម្សិលមិញថា តម្លៃនឹងបន្តធ្លាក់ចុះបន្តិចម្តងៗតាមផែនការ ដោយសារតែសមត្ថភាពរបស់កម្ពុជាក្នុងការផលិតអគ្គិសនីកើនឡើង។
លោកថ្លែងថា៖ «[ផែនការសម្រាប់ការកាត់បន្ថយតម្លៃនេះ] គឺជាអ្វីដែលយើងបានពិចារណាតាំងពីឆ្នាំ ២០១៥»។ លោកបន្ថែមថា តម្លៃអគ្គិសនីត្រូវបានធ្លាក់ចុះបន្តិចក្នុងរយៈពេល ៣ ឆ្នាំកន្លងមក។
លោកបញ្ជាក់ថា៖ «ការកាត់បន្ថយតម្លៃអគ្គិសនីនៅឆ្នាំនេះត្រូវបានធ្វើឡើងស្របនឹងផែនការប្រចាំឆ្នាំដ៏ច្បាស់លាស់របស់យើង»។
ខណៈលោកកត់សម្គាល់ថា ការកាត់បន្ថយតម្លៃអគ្គិសនីសម្រាប់សហគ្រាសពាណិជ្ជកម្មនៅឆ្នាំនេះមានតិចតួចបំផុត ប្រសិទ្ធភាពនៃការកាត់បន្ថយតម្លៃល្អបំផុតអាចត្រូវបានមើលឃើញនៅពេលណាមួយ។
លោកថ្លែងថា៖ «ប្រសិនបើយើងប្រៀបធៀបការកាត់បន្ថយតម្លៃអគ្គិសនីធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ យើងមើលឃើញថា វាមានបន្តិចបន្តួច ប៉ុន្តែបើយើងមើលពីនិន្នាការក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះមានការធ្លាក់ចុះខ្លាំង»។
លោកបន្ថែមថា សម្រាប់ឧស្សាហកម្មទាំងឡាយដែលប្រើប្រាស់អគ្គិសនីច្រើនបំផុតនៅកម្ពុជា តម្លៃបានធ្លាក់ចុះរហូតដល់ ៣៥០ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងចាប់ពីឆ្នាំ ២០១០ មក។
វិស័យឯកជនបានជំរុញម្ដងហើយម្ដងទៀតឲ្យបន្ទាបតម្លៃអគ្គិសនីដើម្បីភាពប្រកួតប្រជែង និងទាក់ទាញវិនិយោគផ្ទាល់ពីបរទេស៕ LA