
ទិដ្ឋភាពនៃគំនរសំរាមនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ រដ្ឋាភិបាលគ្រោងនឹងទាញយកថាមពលដើរដោយការដុតសំរាមនៅទីក្រុងភ្នំពេញឲ្យបានយ៉ាងហោចណាស់ ៥០ មេហ្គាវ៉ាត់ក្នុងពេលឆាប់ៗនេះ ខណៈក្រសួងរ៉ែ និងថាមពលកំពុងពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍នានាដើម្បីពន្លឿនគម្រោងនេះ។
ក្រុមការងារអន្តរក្រសួងដែលត្រូវបានបង្កើតឡើងកាលពីខែតុលា ឆ្នាំ ២០១៩ ដែលមានក្រសួងរ៉ែ និងថាមពលជាប្រធានកាលពីថ្ងៃទី ៥ ខែមីនា បានជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់នៃក្រសួងពាក់ព័ន្ធជាច្រើន ដើម្បីពិភាក្សាពី «ការរៀបចំ ការអភិវឌ្ឍគម្រោងបំលែងសំណល់រឹង ទីប្រជុំជនទៅជាថាមពលអគ្គិសនីនៅទីលានចាក់សំរាមរាជធានីភ្នំពេញ»។
នៅក្នុងកិច្ចប្រជុំដែលដឹកនាំដោយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្រុមការងារបានសម្រេចនូវចំណុចសំខាន់ៗចំនួន ៣ ដែលរួមមានការអនុញ្ញាតឲ្យទីប្រឹក្សាបច្ចេកទេសធនាគារ ADB ចូលរួមក្នុងការសហការផ្តល់យោបល់ ការអនុញ្ញាតឲ្យមានការសិក្សាបឋមដើម្បីជ្រើសរើសយកជម្រើសណាមួយសមស្រប និងការកំណត់សមាសភាពសំរាមនៅទីលានចាក់សំរាម ខណ្ឌដង្កោជាទីតាំងគោល។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា កម្ពុជាមានបំណងទាញយកថាមពលអគ្គិសនីពីរោងចក្រដុតសំរាមក្នុងរាជធានីភ្នំពេញឲ្យបានយ៉ាងហោច ៥០ មេហ្គាវ៉ាត់ ទោះបីប្រភពថាមពលនេះមានតម្លៃខ្ពស់ជាងរោងចក្រដើរដោយថាមពលផ្សេងៗទៀតក៏ដោយ។
លោក វិចទ័រ ហ្សូនា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃអាទិត្យថា បច្ចុប្បន្នក្រុមការងារអន្តរក្រសួងកំពុងខិតខំធ្វើកិច្ចការជាច្រើនដើម្បីឈានទៅដល់ការស្វែងរកដៃគូមកវិនិយោគលើការសាងសង់រោងចក្រផលិតអគ្គិសនីពីការដុតសំរាម ខណៈវាមិនត្រឹមតែផ្តល់នូវថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយបរិមាណសំរាមនៅទីលានចាក់សំរាមក្នុងរាជធានីភ្នំពេញផងដែរ។ លោកថ្លែងថា៖ «ទោះបីជាវាមានតម្លៃផលិតខ្ពស់ ប៉ុន្តែយើងនៅតែជំរុញការងារនេះ ព្រោះបើយើងមិនជំរុញឲ្យមានវិនិយោគលើរោងចក្រអគ្គិសនីពីសំរាម យើងនឹងប្រឈមកង្វះខាតកន្លែងចាក់សំរាមនៅចុងឆ្នាំ ២០២០ ឬដើមឆ្នាំ ២០២១ ខាងមុខ»។
បើតាមលោក ហ្សូនា កន្លងមកក៏មានក្រុមហ៊ុនជាច្រើនធ្លាប់បានសិក្សាពីលទ្ធភាពក្នុងការវិនិយោគលើរោងចក្រផលិតអគ្គិសនីពីការដុតសំរាមនេះដែរ ប៉ុន្តែវាត្រូវបានគេទុកចោលជាបន្តបន្ទាប់ ដោយសារតែតម្លៃផលិតខ្ពស់បើធៀបនឹងប្រភពថាមពលផ្សេងទៀតដែលធ្វើឲ្យរដ្ឋពិបាកក្នុងការទិញយកមកដាក់បញ្ចូលទៅក្នុងបណ្តាញជាតិ។
លោកបន្តថា ទោះបីយ៉ាងណាពេលនេះគឺខុសពីពេលមុន ដោយសារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងដើរតួនាទីជំនួសរដ្ឋាភិបាលក្នុងការជួយសម្របសម្រួលលើការងារនេះ។ លោកបញ្ជាក់ថា៖ «នៅពេលនេះយើងអាចធ្វើបានក្នុងតម្លៃថោកជាងមុន តាមរយៈការឧបត្ថម្ភធនពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើយ៉ាងណាឲ្យការងារនេះអាចទៅមុខបាន»។
របាយការណ៍របស់ក្រសួងបរិស្ថានបានឲ្យដឹងថា ក្នុងរាជធានីភ្នំពេញ សំរាមបានកើនឡើងពីរង្វង់ ២ ៦០០ តោនក្នុង ១ ថ្ងៃ នៅឆ្នាំ ២០១៨ ដល់ក្នុងរង្វង់ ២ ៩០០ តោនក្នុង ១ ថ្ងៃ ក្នុងឆ្នាំ ២០១៩។
លោក ហ្សូនា បានលើកឡើងថា បើតាមការព្យាករក្នុងឆ្នាំ ២០២០ នេះសំរាមក្នុងរាជធានីភ្នំពេញអាចមានបរិមាណចន្លោះពី ៣ ០០០ ទៅដល់ ៣ ៥០០ តោនក្នុង ១ ថ្ងៃក្នុងនោះប្រភេទសំរាមដែលអាចយកទៅដុតធ្វើថាមពលអគ្គិសនីមានប្រហែល ៣០ ទៅ ៣៥ ភាគរយ។ លោកថ្លែងថា៖ «ជាមួយនឹងបរិមាណនេះយើងអាចចាប់ផ្តើមរោងចក្រអគ្គិសនីមួយដែលអាចផលិតថាមពលបាន ៥០ មេហ្គាវ៉ាត់នៅពេលដំបូង។ ទោះយ៉ាងណាភាពពិតជាក់ស្តែងវាអាចប្រែប្រួលនៅពេលមានការសិក្សាច្បាស់លាស់បន្ថែមទៀត»។
លោក នាម កូពី នាយកក្រុមហ៊ុនសេវាកម្មបរិស្ថាន CES (Cambodia Environment services) បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ការយកសំរាមទៅកែច្នៃដើម្បីបង្កើតជាថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់នោះគឺជាការល្អ ព្រោះវាមិនត្រឹមតែជួយធ្វើឲ្យការគ្រប់គ្រងសំរាមកាន់តែមានភាពល្អប្រសើរជាងពេលមុនប៉ុណ្ណោះទេ តែវាថែមទាំងជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ឬក៏ធ្យូងថ្ម ផងដែរ។
លោកបន្តថា ការកែច្នៃនេះគឺជារឿងដ៏ល្អ និងជួយច្រើនដល់បរិស្ថាន។ លោកបន្តថា៖ «យើងតែងតែជំរុញ និងលើកទឹកចិត្តឲ្យមានការកែច្នៃផលិតផលដែលគេបោះបង់ចោលដូចជាសំរាមជាដើមទៅប្រើប្រាស់ជាថ្មី»៕LA