ភ្នំពេញៈ រដ្ឋាភិបាល​បានកំណត់​ទិសដៅ​បង្កើន​ប្រាក់ចំណូល​តាមរយៈ​ការប្រមូល​ចំណូល​ពី​ពន្ធដារ និង​គយ​ជាង​ ២០ ​ភាគរយ ​នៅ​ឆ្នាំក្រោយ ជា​វិធានការ​មួយ​ដើម្បី​ពង្រឹង​ឯករាជភាព​របស់​ខ្លួន ដោយ​លើកកម្ពស់​ការប្រមូលប្រាក់​ចំណូល​។

ច្បាប់​ថវិកា​ឆ្នាំ​ ២០២០ បាន​បង្ហាញថា ការប្រមូលប្រាក់​ចំណូល​ពី​គយ និង​រដ្ឋាករ​នឹង​កើនឡើង​ ២៨,១ ​ភាគរយ ​រហូតដល់ ២,៨៧ ​ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង​ ១៧,៧២ ភាគរយ​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ខណៈ​ចំណូល​បាន​ពី​ពន្ធដារ​នឹង​កើនឡើង ២១,៣ ​ភាគរយ​ ដល់​ជាង ២,៣៣ ​ពាន់​លាន​ដុល្លារ​ស្មើនឹង ៧,៩៣ ​ភាគរយ​ នៃ GDP បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។

ច្បាប់​ថវិកាជាតិ​បង្ហាញ​ថា​៖ «​ជាមួយ​នឹង​ផែនការ​បង្កើន​ចំណូល​នេះ​រដ្ឋាភិបាល​នឹងមិន​បង្កើត​ប្រភេទ​ពន្ធ​ថ្មី​ ឬ​បង្កើន​អត្រាពន្ធ​ពី​អ្នក​បង់ពន្ធ​ទេ​»​។

រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​បាន​ឡើង​ការពារ​ច្បាប់​នេះ​នៅ​សភា​ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹងថា សេដ្ឋកិច្ច​របស់​កម្ពុជា​នៅតែ​រឹងមាំ​មាន​តម្រូវការ​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការចំណាយ​កាន់តែ​ច្រើន​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច ដោយ​ការបន្ត​លើក​កម្ពស់​ប្រាក់ចំណូល​ក្នុង​ស្រុក​តាមរយៈ​ការប្រមូល​ពន្ធ​។

លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន​លទ្ធផល​ល្អ​នៅក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដោយ​មាន​ភាពល្អប្រសើរ និង​ស្ថិរភាព​លើ​ការប្រមូល​ពន្ធ​គ្រប់​ប្រភេទ​តាម​មធ្យោបាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​»​។

លោក​លើកឡើង​ថា​៖ «​នេះ​បង្ហាញ​ពី​ភាព​ខ្លាំង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ទោះបី​ជា​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្លាំង​ជាង​ពីមុន​ក៏ដោយ​។ ការបង្កើន​ការប្រមូល​ប្រាក់ចំណូល​មិន​គ្រាន់​តែ​ជួយ​ក្នុង​ការលើក​កម្ពស់​ភាព​ឯករាជ្យ​ថវិកា​របស់​កម្ពុជា ប៉ុន្តែ​វា​ក៏​ផ្ដល់​សមត្ថភាព​កាន់តែ​ខ្លាំង​សម្រាប់​រដ្ឋាភិបាល​ផងដែរ​»​។

លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​យោង​ទៅ​លើ​របាយការណ៍​ចេញ​ផ្សាយ​កាលពី​ខែ​តុលា​ថា កត្តា​ជំរុញ​ដ៏សំខាន់​នៃ​កំណើន​ប្រាក់ចំណូល​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​កន្លង​មក​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​​រដ្ឋាភិបាល​ក្នុង​ការអនុវត្ត​យុទ្ធសាស្ដ្រ​ចតុកោណ និង​យុទ្ធសាស្ដ្រ​កៀរគរ​ប្រាក់ចំណូល​ដែល​ផ្ដោតលើ​ការពង្រឹង​ការកែទម្រង់​រដ្ឋបាល​សារពើពន្ធ​។

លោក វិបុល បាន​ថ្លែងថា​៖ «​វិធានការ​បែប​នោះ រួមមាន​ការធ្វើ​ទំនើបកម្ម​នៃ​មុខងារ​ស្នូល​របស់​រដ្ឋបាល​ពន្ធ និង​គាំទ្រ​របស់ GDT ដូចជា​ការដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក​អាករ​តម្លៃបន្ថែម​»​។

លោក​បន្តថា រដ្ឋាភិបាល​ក៏​កំពុង​ពង្រឹង​រដ្ឋបាល​ពន្ធ និង​ធនធាន​មនុស្ស​ផងដែរ ដែល​ទទួល​យក​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​ការរៀបចំ​ការធ្វើ​សវនកម្ម និង​ការផ្សព្វផ្សាយ​ពី​វប្បធម៌​ពន្ធ​ចំពោះ​អ្នក​ជាប់ពន្ធ​។

រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ឲ្យ​ដឹង​ក្នុង​របាយការណ៍​ក្នុង​បេសកកម្ម​ខ្លី​មួយ​ស្តីពី​កម្ពុជា​កាលពី​ខែ​តុលា​បង្ហាញថា ប្រតិបត្តិ​ការប្រាក់​ចំណូល​ដ៏រឹងមាំ និង​កិច្ចខិតខំ​ប្រឹងប្រែង​រដ្ឋបាល​ដ៏រឹងមាំ ប្រាក់ចំណូល​ពន្ធ​បាន​កើនឡើង​ដល់​ជិត​ ១៩ ​ភាគរយ​នៃ GDP ពី​ឆ្នាំ​ ២០១៨​។

របាយការណ៍​បន្តថា​៖ «​ការសម្លឹង​ឆ្ពោះ​ទៅ​មុខ​ការអនុវត្ត​ដ៏រឹងមាំ​នៃ​យុទ្ធសាស្ដ្រ​កៀរគរ​ប្រាក់ចំណូល​ថ្មី​របស់​អាជ្ញាធរ​ឆ្នាំ ២០១៩-២០២៣ គួរតែ​ជួយ​ទ្រទ្រង់​កំណើន​ប្រាក់ចំណូល​តាមរយៈ​គោលនយោបាយ​ពន្ធ និង​ការកែទម្រង់​រដ្ឋបាល​ប្រាក់ចំណូល​»​។

IMF បាន​ឲ្យ​ដឹងថា បំណុល​សាធារណៈ​នៅមាន​កម្រិត​ទាប​ក្នុង​ចំនួន​ ២៨,៦ ​ភាគរយ ​នៃ GDP កាលពី​ឆ្នាំ​ ២០១៨ ហើយ​ប្រទេស​កម្ពុជា​ត្រូវ​បាន​រំពឹងថា នឹង​រក្សា​ហានិភ័យ​កម្រិត​ទាប​នៃ​បំណុល​។

រដ្ឋាភិបាល​បាន​ប្រមូល​ប្រាក់ចំណូល​ប្រហែល ៤,៥៦ ​ពាន់​លាន​ដុល្លារ​ ពី​គយ និង​ពន្ធដារ​ក្នុង​អំឡុង​រយៈពេល​ ៩ ​ខែ​នៃ​ឆ្នាំនេះ​។

សេចក្ដី​រាយការណ៍​ពី​អគ្គនាយកដ្ឋាន​ពន្ធ​ចេញ​ផ្សាយ​កាលពី​ដើម​ខែ​តុលា បង្ហាញ​ថា នាយកដ្ឋាន​នេះ​ប្រមូល​ពន្ធ​បាន ២,១៨ ពាន់​លាន​ដុល្លារ ខណៈ​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ប្រកាស​កាលពី​ខែតុលា​ថា ពន្ធគយ និង​រដ្ឋាករ​មាន​ជាង ២,៣៨ ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​នេះ​៕LA