ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាជិតបញ្ចប់សេចក្ដីព្រាងផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ២០២១-២០៣០ ហើយដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការតភ្ជាប់ និងកាត់បន្ថយតម្លៃដឹកជញ្ជូន និងឡូជីស្ទិក ដើម្បីធ្វើសមាហរណកម្មទៅក្នុងតំបន់ និងពិភពលោក។
សេចក្ដីព្រាងនេះត្រូវបានរំពឹងថា នឹងត្រូវបញ្ចប់ត្រឹមពាក់កណ្ដាលឆ្នាំ ២០២០ ខាងមុខ។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃអង្គារបានដឹកនាំកិច្ចប្រជុំក្រសួងពាក់ព័ន្ធដែលត្រូវចូលរួមដោយលោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថានលោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីត្រួតពិនិត្យអំពីការអភិវឌ្ឍចុងក្រោយរបស់សេចក្ដីព្រាងនៃសេចក្ដីព្រាងផែនការមេដែលត្រូវបានរៀបចំដោយសាជីវកម្មពិគ្រោះយោបល់វិស្វកម្មអន្តរជាតិចិនចាប់តាំងពីពាក់កណ្ដាលឆ្នាំ ២០១៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
សេចក្ដីព្រាងផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយនៅកម្ពុជា មានផែនការមេ ៧ ដែលរួមមានផែនការមេដឹកជញ្ជូនពហុមធ្យោបាយ ផែនការមេដឹកជញ្ជូនផ្លូវគោក ផែនការមេដឹកជញ្ជូនផ្លូវដែក ផែនការមេ ដឹកជញ្ជូនផ្លូវទឹក ផែនការមេដឹកជញ្ជូនផ្លូវសមុទ្រ ផែនការមេដឹកជញ្ជូនផ្លូវអាកាស និងផែនការមេឡូជីស្ទិក។
សេចក្ដីប្រកាសព័ត៌មានឲ្យដឹងថា៖ «រដ្ឋាភិបាលកម្ពុជាចាត់ទុកសេចក្ដីព្រាងផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយនៅកម្ពុជា ២០២១-២០៣០ នឹងដើរតួនាទីសំខាន់ក្នុងការបម្រើជាផែនទីមេ ព្រមទាំងការកំណត់ក្របខ័ណ្ឌរួមនៃផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមធ្យោបាយដឹកជញ្ជូន ដែលរួមមានប្រព័ន្ធឡូជីស្ទិកដែលជួយលើកកម្ពស់ប្រសិទ្ធភាពនៃការវិនិយោគសាធារណៈលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន»។
សេចក្ដីព្រាងផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយនៅកម្ពុជា ២០២១-២០៣០ ផ្ដល់ជម្រើសផែនការសកម្មភាពត្រឹមឆ្នាំ ២០៣០ ការដឹកជញ្ជូនផ្លូវគោកនៅតែអាទិភាពនៅកម្ពុជា ប៉ុន្តែវាត្រូវតែផ្ដោតភាគច្រើនលើគុណភាពជាជាងបរិមាណ ហើយក៏ដើម្បីបន្តក្នុងការអភិវឌ្ឍផ្លូវដឹកជញ្ជូនតាមរយៈផ្លូវអាកាសផ្លូវសមុទ្រផងដែរ ព្រមទាំងស្ដារ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ការដឹកជញ្ជូនតាមរយៈផ្លូវដែក និងផ្លូវទឹក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន។
ក្នុងឆ្នាំ ២០២០ រដ្ឋាភិបាលកម្ពុជាបានរៀបចំផែនការក្នុងការបង្កើនថវិកាវិនិយោគសាធារណៈ ១,៤ ពាន់លានដុល្លារ លើការសាងសង់ និង ការស្ដារហេដ្ឋារចនាសម្ព័ន្ធកើនឡើង ១១៧,៩ ភាគរយធៀបនឹងការចំណាយក្នុងឆ្នាំ ២០១៩។ នេះបើតាមច្បាប់ថវិកាជាតិឆ្នាំ ២០២០។
លោក វ៉ា ស៊ឹមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃពុធថា សេចក្ដីព្រាងផែនការមេនេះនឹងបម្រើជាផែនទីផ្លូវដ៏សំខាន់សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា ជាមួយនឹងការផ្ដល់ឱកាសវិនិយោគដ៏ធំសម្រាប់ទាំងក្រុមវិនិយោគិនក្នុងស្រុក និងបរទេស។
លោកថ្លែងថា៖ «នៅពេលសេចក្ដីព្រាងផែនការមេនេះត្រូវបានបញ្ចប់ យើងនឹងមានផែនទីផ្លូវដ៏ទូលំទូលាយបំផុតសម្រាប់ការតភ្ជាប់ការដឹកជញ្ជូន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសំខាន់ជាងនេះទៅទៀតនឹងបង្កើតមជ្ឈមណ្ឌលឡូជីស្ទិក ឬមជ្ឈមណ្ឌលនៅតាមតំបន់សំខាន់ៗមួយចំនួនផ្សេងទៀតនៅតាមខេត្តដើម្បីកាត់បន្ថយតម្លៃការដឹកជញ្ជូន និងឡូជីស្ទិក។ នេះនឹងបង្កើតឱកាសដ៏ធំមួយដើម្បីទាក់ទាញក្រុមវិនិយោគិនកាន់តែច្រើន»។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជាស្វាគមន៍សម្រាប់ការរីកចម្រើនដ៏ល្អនេះ។ លោកបានបន្តថា៖ «វាជាជំហានវិជ្ជមានមួយសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់យើង ការដឹកជញ្ជូន និងឡូជីស្ទិក ខណៈយើងទទួលបានផែនការមេដ៏ទូលំទូលាយនឹងត្រូវបានអនុវត្ត។ ចាប់តាំងពីយើងទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ វាចាំបាច់សម្រាប់ពួកយើងក្នុងការមានផែនការច្បាស់លាស់សម្រាប់ការដឹកជញ្ជូន ឡូជីស្ទិក និងហេដ្ឋារចនាសម្ព័ន្ធរបស់យើង»៕LA