ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​បញ្ចេញ​ប្រាក់​ចន្លោះ​ពី​ ៥០០ ​ទៅ​ ៦០០ ​លាន​ដុល្លារ ​ជា​កម្ចី​មាន​អត្រា​ការប្រាក់​ទាប​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ (MI) ​ដើម្បី​ផ្ដល់​ឲ្យ​ពួកគេ​ទាំងនោះ​នូវ​លទ្ធភាព​ក្នុងការ​ផ្ដល់​កម្ចី​អត្រា​ការប្រាក់​ទាប​ដល់​ក្រុមហ៊ុន​ដែលជា​អតិថិជន​របស់ខ្លួន​។

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​រដ្ឋសភាជាតិ​ថា រដ្ឋាភិបាល​កំពុង​ពិចារណា​យកប្រាក់​សន្សំ​ដើម្បី​បញ្ចេញ​កម្ចី​ដល់​ធនាគារ​សម្រាប់ ជួយ​ក្រុមហ៊ុន​ដែល​ត្រូវ​ទទួលរង​ផលប៉ះពាល់​ដោយសារ​កូវីដ​ ១៩​។

លោក​បាន​ថ្លែងថា​៖ «​យើង​កំពុង​វាយតម្លៃ​អំពី​លទ្ធភាព​របស់​រដ្ឋាភិបាល​ក្នុង​ការបញ្ចេញ​មូលធន​ពី​ការសន្សំ​ចន្លោះ​ពី​ ៥០០ ​ទៅ​ ៦០០ ​លាន​ដុល្លារ​ដល់​ធនាគារ ដោយ​មាន​អត្រា​ការប្រាក់​ទាប​ដែល​អាច​ឲ្យ​ពួកគេ​ផ្ដល់​កម្ចី​ដល់​ម្ចាស់​អាជីវកម្ម​ដោយមាន​អត្រា​ការប្រាក់​ទាប​ផងដែរ​»​។ លោក​បន្តថា​៖ «​យើង​នឹង​ប្រកាស​វា​នៅ​ជុំ​ទី​ ២ ឬ​ទី​ ៣ អំពី​ការបញ្ចេញ​ទុន​របស់​រដ្ឋាភិបាល ខណៈ​យើង​បានធ្វើ​រួចហើយ​នៅ​ជុំ​ដំបូង​»​។

លោក​បន្ថែមថា​៖ «​រដ្ឋ​មិនអាច​ផ្ដល់​កម្ចី​ដោយ​ត្រង់​ដល់​ក្រុមហ៊ុន​ប្រជាជន​ទាំងនោះ​បាន​ទេ ដូច្នេះ​យើង​អាច​ផ្ដល់​កម្ចី​នេះ​ដល់​ធនាគារពាណិជ្ជ ដោយមាន​អត្រា​ការប្រាក់​ទាប​»​។

លោក សាយ សូនី អនុប្រធាន​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​បាន​ស្វាគមន៍​វិធានការ​ដោយ​រដ្ឋាភិបាល​ដោះស្រាយ​ការធ្លាក់ចុះ​អាជីវកម្ម​នៅពេល​បច្ចុប្បន្ន​ចំពេល​ផលប៉ះពាល់​ដោយសារ​កូវីដ​១៩​។

លោក​លើកឡើងថា​៖ «​វា​ជា​ការធ្វើអន្តរាគមន៍​របស់​រដ្ឋាភិបាល ដើម្បី​គាំទ្រ​វិស័យ​ធនាគារ ខណៈ​យើង​ត្រូវតែ​បន្ត​អាជីវកម្ម​ផ្ដល់​កម្ចី​របស់​យើង ហើយ​វា​នឹង​អាច​ឲ្យ​អតិថិជន​របស់​យើង​មានលទ្ធភាព​ក្នុង​ការទទួល​បាន​សេវា​ហិរញ្ញវត្ថុ ដើម្បី​ចាប់ផ្ដើម​ជាថ្មី​នូវ​សកម្មភាព​អាជីវកម្ម​របស់​ពួកគេ​នៅពេល​ស្ថានការណ៍​ត្រឡប់​ទៅរក​ភាពធម្មតា​វិញ​»​។

លោក​បញ្ជាក់ថា​៖ «​ដើម្បី​គាំទ្រ​គំនិត​ផ្តួចផ្ដើម​របស់​រដ្ឋាភិបាល យើង​នឹងដាក់​ពាក្យសុំ​កម្ចី​នេះ​ដើម្បី​ធ្វើ​ពិពិធកម្ម​ប្រភព​មូលធន​របស់​យើង​ដែលមាន​ស្រាប់ ដើម្បី​គាំទ្រ​អាជីវកម្ម​អតិថិជន​របស់​យើង​»​។

ធនាគារជាតិ​នៃ​កម្ពុជា (NBC) កាលពី​ថ្ងៃ​សុក្រ​បានចេញ​សារាចរ​ណែនាំ​មួយ​ដល់​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ស្ដីពី​ «​ឥណទាន​ឡើងវិញ​» ​សម្រាប់​កម្ចី​នៅក្នុង​វិស័យ​អាទិភាព​ ៤ ក្នុង​គោលបំណង​ដើម្បី​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច និង​បន្ទូរបន្ថយ​បន្ទុក​លើ​អ្នក​ជំពាក់​បំណុល​ដែល​ប្រឈម​ការធ្លាក់ចុះ​ប្រាក់ចំណូល​ក្នុងអំឡុង​ការរីក​រាលដាល​កូវីដ​ ១៩​។

វិស័យ​អាទិភាព​ទាំង​ ៤ ​នេះ​ដែល​បានលើកឡើង​ដោយ NBC គឺ​ទេសចរណ៍ (​រួមមាន​ស្បៀងអាហារ និង​ភេសជ្ជៈ​ព្រមទាំង​សេវា​គាំទ្រ​ផ្សេងទៀត​) កាត់ដេរ (​រួមទាំង​បុគ្គលិក​) សំណង់ (​មិន​រាប់បញ្ចូល​ការសាងសង់​ផ្ទះ​លើកដំបូង ហាង និង​កម្ចី​ទិញ​ផ្ទះ​លើកដំបូង​) និង​ដឹកជញ្ជូន (​ជាពិសេស​អ្នកបើកបរ​រថយន្តឈ្នួល និង​អ្នកបើកបរ​រ៉ឺម៉ក​កង់​៣) និង​ឡូជីស្ទិក​។

NBC បានកំណត់ «​ឥណទាន​ឡើងវិញ​» ជាការ​កែប្រែ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ឥណទាន​ដើម​ដែល​ផ្ដល់​លក្ខខណ្ឌ​កាន់តែ​អនុគ្រោះ​សម្រាប់​អតិថិជន​ដែល​កំពុង​ជួប​ការពិបាក​ហិរញ្ញវត្ថុ​ពិតប្រាកដ​៕LA