The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋាភិបាល​នឹង​សិក្សា​លើ​ដំណាំ​កៅស៊ូ​គ្រួសារ​ ដើម្បី​ស្វែងរក​បញ្ហា​ប្រឈម

រដ្ឋាភិបាល​នឹង​សិក្សា​លើ​ដំណាំ​កៅស៊ូ​គ្រួសារ​ ដើម្បី​ស្វែងរក​បញ្ហា​ប្រឈម

Content image - Phnom Penh Post
ចម្ការកៅស៊ូ​គ្រួសារ​មួយ​កន្លែង​របស់​ប្រជាជន​រស់នៅក្នុង​ខេត្តរតនគិរី កាលពី​ពេល​ថ្មីៗ​នេះ​។ ហេង ជីវ័ន

រដ្ឋាភិបាល​នឹង​សិក្សា​លើ​ដំណាំ​កៅស៊ូ​គ្រួសារ​ ដើម្បី​ស្វែងរក​បញ្ហា​ប្រឈម

ភ្នំពេញៈ រដ្ឋាភិបាល​គ្រោង​នឹង​បង្កើត​ការសិក្សា​ស្រាវជ្រាវ​មួយ​ដោយ​ផ្តោតលើ​ដំណាំ​កៅស៊ូ​គ្រួសារ ខណៈ​ការធ្លាក់ចុះ​តម្លៃ​កៅស៊ូ​ដែល​កើតមានឡើង​ក្នុង​រយៈពេល​ជិត​ ១ ​ទសវត្សរ៍​ចុងក្រោយ​នេះ​​ បាន​បង្កបញ្ហា​ប្រឈម​ខ្លាំង​ដល់​អ្នក​ដាំ​ដុះ​កៅស៊ូ​។

អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា ការសិក្សា​ស្រាវជ្រាវ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ស្វែងរក​បញ្ហា​ប្រឈម និង​ស្វែងយល់​ពី​របៀប​ដែល​កសិករ​ឆ្លើយតប​នឹង​ការធ្លាក់ចុះ​តម្លៃ​កៅស៊ូ​ចាប់តាំងពី​ឆ្នាំ​ ២០១១ មក​ព្រមទាំង​ដើម្បី​ផ្តួចផ្តើម​វិភាគ​ខ្សែចង្វាក់​តម្លៃ​កៅស៊ូ​កម្ពុជា ដើម្បី​វិភាគ​ឲ្យ​កាន់តែ​យល់ច្បាស់​អំពី​វិធីសាស្ត្រ​ដែល​កសិករ​ផលិត កែច្នៃ និង​ធ្វើ​ទីផ្សារ​។

លោក ប៉ុល សុផា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​បាន​ឲ្យ​ដឹងថា ការសិក្សា​នេះ​នឹង​ត្រូវ​ធ្វើឡើង​ដោយមាន​ការសហការ​រវាង​ក្រសួងកសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ និង​លោក Jean Christoph Diepart ដែលជា​អ្នកស្រាវជ្រាវ​ឯករាជ្យ​មកពី​មហាវិទ្យាល័យ Gembloux Agri-Bio នៃ​សាកលវិទ្យាល័យ Liege ប្រទេស​បែលហ្ស៊ិក​។

សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​បានចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុន​បាន​ឲ្យ​ដឹងថា អគ្គនាយកដ្ឋាន​កៅស៊ូ​សម្រេច​កំណត់​គោលដៅ​សិក្សា​ស្រាវជ្រាវ​នៅ​ខេត្ត​ចំនួន​ ៣ ​ដែល​ផលិត និង​ដាំដុះ​កៅស៊ូ​ចម្បង​នៅ​កម្ពុជា រួមមាន ស្រុក​ស្ទឹងត្រង់​នៅក្នុង​ខេត្តកំពង់ចាម​ស្រុក​ស្នួល ក្នុង​ខេត្តក្រចេះ និង​ស្រុក​បរកែវ​ក្នុង​ខេត្តរតនគិរី ហើយ​ការសិក្សា​ស្រាវជ្រាវ​នេះ​នឹង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ខែមករា ឆ្នាំ​ ២០២០​។

លោក គូរ ផល្លី អនុប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​កៅស៊ូ​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​សុក្រ​ថា ការសិក្សា​ស្រាវជ្រាវ​នេះ​គ្រោង​នឹង​បញ្ចប់​ក្នុង​ខែមិថុនា ឆ្នាំនេះ​។

លោក​ថ្លែងថា​៖ «​យើង​ជ្រើស​យក​ការសិក្សា​លើ​កៅស៊ូ​គ្រួសារ ព្រោះ​ពួកគេ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​កៅស៊ូ​ទេ​»​។ លោក​បន្ថែម​ថា កៅស៊ូ​គ្រួសារ​សំដៅលើ​កសិករ​ដែល​ដាំដុះ​កៅស៊ូ​ក្នុង​ទំហំ​ដី​តិចជាង ៤៥ ​ហិកតា​។

លោក​បន្តថា ការសិក្សា​នេះ​អាច​នឹង​ជួយ​ដោះស្រាយ​វិបត្តិ​តម្លៃ​កៅស៊ូ​នៅ​កម្ពុជា​។ ទោះជា​យ៉ាងណា​លោក​មិនទាន់​អាច​ប្រាប់​ព័ត៌មាន​លម្អិត​បាន​នៅឡើយ​ទេ ដោយ​រង់ចាំ​លទ្ធផល​នៃ​ការសិក្សា​នេះ​សិន​។ លោក​បាន​បន្តថា​៖ «​បន្ទាប់ពី​យើង​ធ្វើ​របាយការណ៍​រួចរាល់ យើង​នឹង​បញ្ចូល​ការស្រាវជ្រាវ​ទៅក្នុង​គោលនយោបាយ​របស់​រដ្ឋាភិបាល​សម្រាប់​វិស័យ​កៅស៊ូ​»​។

យោងតាម​សេចក្តី​រាយការណ៍​កន្លងមក​របស់​ភ្នំពេញ​ប៉ុស្តិ៍ កៅស៊ូ​មានតម្លៃ​ជា​មធ្យម ៤ ៦០០ ​ដុល្លារ ​ក្នុង​ ១ ​តោន​កាលពី​ឆ្នាំ​ ២០១១​។ ប៉ុន្តែ​លោក ផល្លី បាន​ឲ្យ​ដឹងថា កៅស៊ូ​បាន​ធ្លាក់​ថ្លៃ​មក​នៅត្រឹម​ប្រហែល ១ ៣៥០ ​ដុល្លារ​ ក្នុង​ ១ ​តោន​រហូត​មកដល់​ដើម​ឆ្នាំ​ ២០២០​។

លោក​បាន​បន្ថែមថា នៅ​កម្ពុជា​មាន​កៅស៊ូ​គ្រួសារ​ចំនួន ៣០ ០០០ គ្រួសារ ឬ​ស្មើនឹង ១៧ ​ម៉ឺន​ហិកតា ហើយ​ការផលិត​កៅស៊ូ​នៅ​ទូទាំង​ពិភពលោក​មាន​ជាង ១៤ ​លាន​តោន​ក្នុង​​ ១ ​ឆ្នាំ ប៉ុន្តែ​តម្រូវការ​មាន​ក្នុង​រង្វង់​តែ ១៣,៨ ​លាន​តោន​ប៉ុណ្ណោះ​ ក្នុង​ ១ ​ឆ្នាំ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​នៅលើ​ទីផ្សារ​គឺជា​មូលហេតុ​ចម្បង​មួយ​ដែល​នាំ​ឲ្យ​តម្លៃ​កៅស៊ូ​សកល​ធ្លាក់ចុះ​»​។

ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​បាន​កើនឡើង ២៤ ​ភាគរយ ​ក្នុង​រយៈពេល ១១ ​ខែ​ដំបូង​ក្នុង​ឆ្នាំ ២០១៩ ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨ ដោយ​នាំចេញ​បាន ២៣៣ ៦៧៧ តោន មាន​តម្លៃ ៣១១ ​លាន​ដុល្លារ ខណៈដែល​ការនាំចេញ​កៅស៊ូ​នៅ​ឆ្នាំ​ ២០១៨ មាន​ចំនួន ២១ ​ម៉ឺន​តោន​ មានតម្លៃ​ប្រមាណ ៣០០ ​លាន​ដុល្លារ​។ នេះ​បើតាម​ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ​។

ទិន្នន័យ​បង្ហាញថា​គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​ ២០១៩ ផ្ទៃដី​ដាំ​កៅស៊ូ​សរុប​មាន​ទំហំ ៤៣៤ ៥៥២ ​ហិកតា ​ក្នុង​នោះ​កៅស៊ូ​ដែល​អាច​ប្រមូលផល​បាន​មាន​ជាង ២៣ ​ម៉ឺន​ហិកតា​៕ LA

អត្ថបទគួរចាប់អារម្មណ៍