ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ស្នើសុំ​កែសម្រួល​បញ្ចុះ​អត្រា​អាករ​ពិសេស​លើ​ការនាំ​ចូល​ទំនិញ​រថយន្ត​ ដើម្បី​ស្តារ​ទីផ្សារ និង​គាំទ្រ​ដល់​វិស័យ​ឡូជីស្ទិក បន្ទាប់ពី​ចំណូល​ពី​ការនាំចូល​រថយន្ត​ធ្លាក់ចុះ ៤០ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២០​។

តាម​លិខិត​របស់​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ផ្ញើជូន​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អះអាងថា ចំណូល​ពន្ធគយ​បាន​ពី​អាករ​ពិសេស​នៃ​ការនាំចូល​រថយន្ត​នឹង​អាច​បាត់បង់​ប្រមាណ ៣០,២៦ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ ប៉ុន្តែ​ក្រសួង​រំពឹងថា​ការប្រែប្រួល​ការបញ្ចុះ​អត្រា​អាករ​ពិសេស​នេះ​អាច​នឹង​ទាក់ទាញ​តម្រូវការ​ប្រើប្រាស់​រថយន្ត​កើនឡើង​លើស​ឆ្នាំ​ ២០២០ ដែល​នាំទៅដល់​ការកើន​ឡើង​ចំណូល​ពន្ធគយ​វិញ​។

លិខិត​នេះ​អះអាង​ថា ការកែសម្រួល​អត្រា​អាករ​ពិសេស​នឹង​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ ខែមីនា ឆ្នាំ ២០២១ តទៅ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ៤ ខែកុម្ភៈ ឆ្នាំនេះ​បាន​ចុះហត្ថលេខា​យល់ព្រម​តាម​សំណើ​របស់​លោក​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លើ​លិខិត​ស្នើសុំ​កែសម្រួល​បញ្ចុះ​អត្រា​អាករ​ពិសេស​លើ​មុខទំនិញ​រថយន្ត​ដើម្បី​ស្តារ​ទីផ្សារ និង​គាំទ្រ​ដល់​វិស័យ​ដឹកជញ្ជូន ក៏ដូចជា ការការពារ​បរិស្ថាន​។

លិខិត​នេះ​បញ្ជាក់ថា សំណើ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្នើសុំ​បញ្ចុះ​អត្រា​អាករ​ពិសេស​ ១០ ​ពិន្ទុ​ភាគរយ​ចំពោះ​រថយន្ត​គ្រួសារ​ដែល​មាន​ទំហំ​ស៊ីឡាំង​មិន​លើស ៣ ០០០cc (​ពី​ ៣០ មក ២០ ​ភាគរយ​ និង​ពី​ ៦០ ​មក ៥០ ​ភាគរយ​) ​ព្រមទាំង​បញ្ចុះ​អត្រា​អាករ​ពិសេស ១៥ ពិន្ទុ​ភាគរយ​ចំពោះ​ប្រភេទ​ទំហំ​ស៊ីឡាំង​លើស ៣ ០០០cc (​ពី ​៦៥ ​មក ៥០ ​ភាគរយ និង​ពី​ ៧០ ភាគរយ មក ៥៥ ភាគរយ​)​។

លិខិត​នេះ​ឱ្យដឹងទៀតថា ចំពោះ​រថយន្ត​ប្រើ​អគ្គិសនី​សុទ្ធ​ (​រថយន្ត​គ្រួសារ និង​រថយន្ត​ដឹក​អ្នកដំណើរ​) ក្រសួង​ស្នើសុំ​បញ្ចុះ​អាករ​ពិសេស ២០ ​ពិន្ទុ​ភាគរយ​ (​ពី​ ៣០ មក​ ១០ ភាគរយ​) ដើម្បី​កាត់បន្ថយ​ចំណាយ និង​ជួយ​ការពារ​បរិស្ថាន​។

ដោយឡែក​រថយន្ត​ដឹកទំនិញ​នឹង​បញ្ចុះ​អត្រា​អាករ​ពិសេស ១៥ ​ពិន្ទុ​ភាគរយ​ (​ពី​ ៤០ ​មក ២៥ ​ភាគរយ​) ចំពោះ​រថយន្ត​សណ្តោង​សឺមីរ៉ឺម៉ក​ព្រម​ទាំង​បញ្ចុះ​អត្រា​អាករ​ពិសេស ១០ ពិន្ទុ​ភាគរយ​ (​ពី​​ ៤០ ​មក ៣០ ​ភាគរយ​) ​សម្រាប់​រថយន្ត​ដឹកទំនិញ​ប្រភេទ​ដែលមាន​ទម្ងន់ (​ទម្ងន់​រថយន្ត និង​ទម្ងន់​ផ្ទុក​) លើសពី ៥ ​តោន​។ ក្រសួង​បាន​ពន្យល់ថា ការបញ្ចុះ​អត្រា​អាករ​ពិសេស​លើ​រថយន្ត​ដឹកទំនិញ​នេះ​នឹង​រួមចំណែក​ក្នុង​ការកាត់បន្ថយ​ចំណាយ​ឡូជីស្ទិក​។

ចំពោះ​រថយន្ត​បែន រថយន្តស្ទូច និង​រថយន្ត​ឯកទេស​ផ្សេងទៀត​នឹង​បញ្ចុះ​អត្រា​អាករ​ពិសេស​ ១០ ពិន្ទុ​ភាគរយ​ (​ពី​ ៤០ មក​ ៣០ ​ភាគរយ​) ​ដើម្បី​ជួយ​ដល់​វិស័យ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​ឡូជីស្ទិក​។

«​ក្រសួង​នេះ​រំពឹងថា ការកែសម្រួល​បញ្ចុះ​អត្រា​អាករ​ពិសេស​នេះ​អាច​នឹង​ទាក់ទាញ​តម្រូវការ​ប្រើប្រាស់​រថយន្ត​កើន​លើស​ឆ្នាំ​ ២០២០ ដែលនាំឱ្យ​ចំណូល​ពន្ធអាករ​កើនឡើង​បំពេញ​នូវ​ការបាត់បង់​នេះ​វិញ​»​។

លិខិត​នេះ​បាន​ឱ្យ​ដឹង​ទៀតថា ការធ្លាក់ចុះ​យ៉ាងគំហុក​នៃ​ចំណូល​មុខទំនិញ​រថយន្ត និង​ការ​ងើបឡើង​វិញ​យឺតៗ​នៃ​កំណើន​សេដ្ឋកិច្ច​ក្នុង​អំឡុងពេល​ និង​ក្រោយពេល​ការរាតត្បាត​កូវីដ​១៩ បាន​ក្លាយ​ជា​ក្តីបារម្ភ និង​ជា​បញ្ហា​ប្រឈម​ដ៏សំខាន់​នៃ​ការប្រមូល​ចំណូល​គយ​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ឡូជីស្ទិក​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​ព័ត៌មាន​នេះ​។

លោក​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា​៖ «​ខ្ញុំ​សប្បាយរីករាយ​ណាស់​ចំពោះ​រដ្ឋាភិបាល​បានធ្វើការ​អនុគ្រោះ​ពន្ធ​នេះ​នឹង​ជួយ​កាត់បន្ថយ​ចំណាយ​លើ​ការបង់​ពន្ធគយ​។ ខ្ញុំ​ជឿថា ក្រុមហ៊ុន​ទាំងអស់​នៅក្នុង​វិស័យ​ឡូជីស្ទិក​នឹង​បង្កើន​ការនាំចូល​រថយន្ត​ដឹកទំនិញ​បន្ថែមទៀត ដើម្បី​បំពេញ​ការខ្វះខាត​រថយន្ត​ដឹកទំនិញ​»​។

លោក គង់ រតនៈ អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​បាន​និយាយថា ការបន្ធូរបន្ថយ​ពន្ធ​នាំចូល​រថយន្ត​នឹង​ផ្តល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ប្រើប្រាស់​រថយន្ត​កាន់តែច្រើន ប៉ុន្តែ​ការបន្ធូរបន្ថយ​ពន្ធ​គួរតែ​ធ្វើ​សម្រាប់​រថយន្ត​ថ្មី ព្រោះ​វា​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ ជួយ​សន្សំ​ថវិកា និង​ជួយ​ដល់​បរិស្ថាន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​លើក​ទឹកចិត្ត និង​គាំទ្រ​សម្រាប់​ការបញ្ចុះ​ពន្ធ​នាំចូល​រថយន្ត​ថ្មី​។ ការបញ្ចុះ​ពន្ធ​រថយន្ត​ចាស់ៗ វា​ដូចជា យើង​នាំចូល​អេតចាយ​មក​ក្នុងប្រទេស​ដែល​មិនសូវមាន​សុវត្ថិភាព ហើយ​បើ​យើង​គិតតែ​ការបង្កើន​ពន្ធ​តែ​ ១ ​មុខ​សម្រាប់​ខ្ញុំ​គិតថា​នឹង​មិនល្អ​នោះទេ​»​។

ទីក្រុង​ភ្នំពេញ​ហាក់​ប្រឈម​បញ្ហា​កកស្ទះ​ចរាចរណ៍​ខ្លាំង​នៅពេល​ម៉ោង​មមាញឹក ប៉ុន្តែ​សម្រាប់​លោក រតនៈ បញ្ហា​នេះ​គេ​អាច​ដោះស្រាយបាន​តាមរយៈ​ការរឹតបន្តឹង​ច្បាប់​ចរាចរណ៍ ឥរិយាបថ​អ្នកបើកបរ និង​កែសម្រួល​រចនាសម្ព័ន្ធ​ផ្លូវថ្នល់​។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​កាលពី​ឆ្នាំ​ ២០២០ ប្រមូល​ចំណូល​បាន ២ ៤១៩,៦ លាន​ដុល្លារ ស្មើ ៨៣,៥ ភាគរយ​នៃ​ផែនការ ធ្លាក់ ៧៩៥,៥ លាន​ដុល្លារ ឬ​ ២៤,៨ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ក្នុងនោះ​មុខទំនិញ​រថយន្ត​ដែលជា​ប្រភព​ចំណូល​គយ​ដ៏សំខាន់​ថយចុះ​ ៤០ ភាគរយ​។ នេះ​បើ​យោងតាម​លិខិត​នោះ​៕LA